ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ ប្រតិកម្ម នឹងអាងចិញ្ចឹមក្រពើ របស់ឯកឧត្តមណៅ ធួក មានក្លិនស្អុយរ៉ាំរ៉ៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 797

ខេត្តសៀមរាប៖ក្រុមពលរដ្ឋបានសម្តែងនូវប្រតិកម្ម ជុំវិញក្លិនស្អុយរ៉ាំរ៉ៃបានជះចេញពីអាងចិញ្ចឹមក្រពើដែលគេបានស្គាល់ថា មានម្ចាស់ដីឈ្មោះឯកឧត្តម ណៅ ធួក អតីតប្រធានរដ្ឋបាលជលផល។ មានទីតាំងនៅក្រោយស្ថានីយតេលា អង្គរ ស្តិតក្នុងក្រុមទី១៩ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានក្រពើប្រមាណជា ជិត១០០០ក្បាល។
នៅរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០១៨នេះ ស្ត្រីម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើននាក់ទៀតដែលមានលំនៅដ្ឋានជាប់និងអាងក្រពើនេះបានសម្តែងនូវក្តីកង្វល់និងសំណូមពរតាមរយៈបណ្តាញសង្គមហ្វេសបុក និងអ្នកកាសែតថា ពួកគាត់ពិតជាមានការពិបាកក្នុងដកដង្ហើមខ្លាំងណាស់រាល់ថ្ងៃនេះ គឺដោយសារតែ ម្ចាស់អាងក្រពើដែលឈ្មោះណៅ ធួក បានចិញ្ចឹមក្រពើជាច្រើនក្បាល ហើយមិនមានអនាម័យ មានក្លិនស្អុយស្ទើរទ្រាំមិនបាន។
ស្ត្រីដដែលបន្ថែមថា កូនៗរបស់គាត់មានសុខភាពមិនសូវល្អទេឈឺជាប់រហូតគឺដោយសារទ្រាំនិងក្លិនស្អុយនេះមិនបាន។ ស្ត្រីរូបនេះបានបន្ថែថា គាត់សូមសំណូមពរទៅអាជ្ញាធរមូលដ្ឋាននៃក្រុងសៀមរាប ឲ្យជួយដោះស្រាយជូនពួកគាត់ផង ជុំវិញករណី ក្លិនស្អុយរ៉ាំរ៉ៃបានជះចេញពីអាងចិញ្ចឹមក្រពើដែលគេបានស្គាល់ថា មានម្ចាស់ដីឈ្មោះ លោក ណៅ ធួក នេះ សូមអាជ្ញាធរជួយប្រាប់ឲ្យម្ចាស់ទីតាំងខាងលើរកទីតាំងណាថ្មីសមរម្យផងចុះ ទីនេះជាទីប្រជុំជនមានមនុស្សរស់នៅច្រើន។
បុរសម្នាក់ទៀតបានឲ្យដឹងថា សូមអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យមើលផង ទោះបីជាម្ចាស់ដីជាអ្នកធំប៉ុណ្ណាក៏ដោយគឺត្រូវគិតពីផលប្រយោជន៍រួមរបស់ពលរដ្ឋផង។
ជុំវិញករណីនេះដែរលោក ណៅ ធួក អតីតប្រធានរដ្ឋបាលជលផល និងត្រូវជាម្ចាស់ដីខាងលើបានឲ្យអ្នកកាសែតដឹងនៅរសៀលថ្ងៃទី២៧ម្សិលមិញថា ករណីនេះលោកបានដឹងហើយ លោកកំពុងរកទីតាំងថ្មីហើយដីរបស់លោកមាននៅសង្កាត់
ទឹកវិលជិត១០ហិចតា តែខាងអាជ្ញាធរអប្សរាមិនឲ្យសាងសង់កុំអីលោកប្តូរទៅយូរហើយ។លោកថា ទីតាំងដីនេះលោកមករស់នៅមុនគេ ចឹងហើយអ្នកមកក្រោយត្រូវចេះគិតផងនិងត្រូវបើកផ្លូវ១ម៉ែត្រទៅក្រោយទៀត ទើបត្រឹមត្រូវ។
លោកបញ្ជាក់ថា ប្រាប់ពលរដ្ឋនោះផង កុំភ័យអីលោកកំពុងរកកន្លែងថ្មី ព្រោះទីតាំងនេះលោកមានគំរោងបើកប៉ូទិច នៅពេលខាងមុខ ចឹងទេក្រពើទាំងនេះនឹងត្រូវដូរទៅកន្លែងផ្សេង។
យ៉ាងណាក្ដី អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោក សូ ប្លាតុង អភិបាលក្រុងសៀមរាប និងលោកនួន មុន្នី ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បាននៅឡើយទេ ជុំវិញករណីនេះ ដោយសូមបំភ្លឺតាមតេឡេក្រាម មិនទាន់ឆ្លើយតប។

ទោះបីជាយ៉ាងនេះក្តី ក្រុមពលរដ្ឋមានសង្ឃឹមថា អាជ្ញាធរនិងម្ចាស់ដីខាងលើ ដែលអាចយល់យោគនិងគិតពីសុខភាពពលរដ្ឋជាធំ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,027 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,886 នាក់