ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចិន ចាត់ទុក សម្ដេច ហ៊ុន សែន ជាមិត្តដែកថែប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 01:20 ល្ងាច អ្នកអាន 928

ភ្នំពេញ៖លោក លីហុង ហ្សុង (Li Hongzhong)សមាជិក ការិយាល័យ នយោបាយ និងជាលេខាបក្សក្រុង Tianjin ប្រទេសចិន បានមានប្រសាសន៍ថា សម្ដេចតេជោគឺជាមិត្តដែកថែបរបស់ចិន ហើយលោកក៏សូមសម្ដែងនូវការកោតសរសើរចំពោះគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញកន្លងមកនេះ លើសពីនេះទៅទៀត លោកក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីជំរុញការផ្លាស់ប្ដូររវាងថ្នាក់ដឹកនាំ រវាងប្រជាជនចិន និងប្រជាជនកម្ពុជា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាសម្ដែងនូវការអបអរសាទរខួបលើកទី៦០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាពិសេសរវាងទីក្រុង Tianjin និងព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះលោក Li Hongzhong បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយលោកក៏បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជាហើយតាមរយៈនេះ លោកបានឃើញថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជាមានជីវភាពធូរធារ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចកើនឡើង សង្គមកម្ពុជាកំពុងមានភាពសុខដុមរមនា។ លើសពីនេះទៅទៀតលោកឃើញថាប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងស្ថិរភាពផងដែរដែលនេះគឺជាកត្តាដែលនាំអោយសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជាបានទទួលនូវការឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងពេលកន្លងទៅថ្មីៗនេះ។
ក្នុងឱកាសនោះលោក Li Hongzhong ក៏បានសម្ដែងនូវការអបអរសាទរចំពោះសម្តេចតេជោក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋពីការបោះឆ្នោតកន្លងទៅថ្មីៗនេះ លើសពីនេះទៅទៀតលោកក៏បានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោផងដែរ។
ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Li Hongzhong ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកប្រធានាធិបតី ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រីចិនចំពោះសម្ដេច។
សម្តេចតេជោក៏បានអរគុណចំពោះការគាំទ្រ និងការកោតសរសើររបស់លោក Li Hongzhong ពីភាពជោគជ័យរបស់គណបក្សជាជនកម្ពុជា ក៏ដូចជារូបសម្ដេចផ្ទាល់ដែលបានទទួលជោគជ័យពីការបោះឆ្នោតកន្លងមកនេះ។
សម្ដេចក៏អបអរសាទរចំពោះប្រជាជនចិនដែលទើបតែសម្ភោធដាក់អោយប្រើប្រាស់នូវស្ពានដែលវែងជាងគេបំផុតលើពិភពលោកដែលមានប្រវែងប្រមាណជា ៥០គីឡូម៉ែតត្រ សម្ដេចបានមានប្រសាសន៍ថា ពីអតីតកាលចិនមានមហាកំផែងដ៏វែង ហើយនៅពេលនេះចិនក៏មានស្ពានដ៏វែងមួយទៀត។
សម្តេចនាយករដ្ឋមន្រ្តីបានយល់ស្របចំពោះអ្វីដែល លោក Li Hongzhong បានលើកឡើងពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងគណបក្សទាំងពីរផងដែរ ហើយសម្តេចក៏សំដែងនូវការអបអរសាទរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរវាងទំនាក់ទំនងរវាងកម្ពុជា និងចិនដែលមានដំណើរការវិវត្តន៍ជារៀងដរាបមករហូតមកដល់ដំណាក់កាលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយដែលមកដល់ពេលនេះគឺជាមិត្តដែកថែប ថែមទៀតនោះ។
ជំនួននេះនៅវិមានសន្តិភាពនៅថ្ងៃច័ន្ទ៥ រោច ខែអស្សុជឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,202 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,680,308 នាក់