ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជប៉ុន ផ្ដល់ជំនួយ$៣០លាន លើគម្រោង កែលម្អរ ប្រព័ន្ធលូ ប្រឡាយ នៅរាជធានី ជំហានទី៤

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:15 ព្រឹក អ្នកអាន 977

ភ្នំពេញ៖ គម្រោងកែលម្អរប្រព័ន្ធប្រឡាយ លូ អាងស្តុកទឹកកខ្វក់ និងគម្រោងការពារទឹកជំនន់ នៅរាជធានីភ្នំពេញ ជំហានទី៤ នឹងអនុវត្តស្ថាបនានៅដើមឆ្នាំ២០១៩ ក្នុងគម្រោងទឹកប្រាក់ប្រមាណ៣០លានដុល្លារ អាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។
ក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ៏ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ
ស្តីពីការគម្រោងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា “ថវិកាប្រមាណ៣០លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់កែលម្អរប្រព័ន្ធប្រឡាយ លូ និងគម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ នឹងចាប់ស្ថាបនា នៅដើមឆ្នាំ២០១៩ បន្ទាប់ពីក្រុមជំនាញការរបស់ជប៉ុនមកសិក្សាបន្ថែមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ” ។
លោក បានបញ្ជាក់ថា ៖ គម្រោងទីជំហានទី៤នេះ គឺស្ថាបនានូវប្រព័ន្ធលូថ្មី ជាលូមេ សំរាប់ដោះទឹកជន់លិចដោយទឹកភ្លៀង នៅភាគខាងជើងរម្មណីយ៍ដ្ឋានវត្តភ្នំ និងស្ថាបនាអាងស្តុកទឹកកខ្វក់ នៅខាងក្រោមសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងបំណងធ្វើកាត់បន្ថយការជន់លិចនៅតំបន់មួយចំនួននៅកណ្តាលរាជធានីភ្នំពេញ” ។
គម្រោងថវិកា៣០លានដុល្លារអាមេរិក ជាជំនួយរបស់ជប៉ុននេះ គឺស្ថាបនាដើម្បីរំដោះការជន់លិចទឹកភ្លៀង បានតែក្នុងតំបន់ខណ្ឌដូនពេញ និងខណ្ឌទួលគោកប៉ុណ្ណោះ ។ ចំពោះការជន់លិចនៃតំបន់ផ្សេងៗទៀត ដូចជាក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌដង្កោរ លោក នួន ផារ័ត្ន បានបញ្ជាក់ថា គឺស្ថិតនៅក្នុងគម្រោងទី៥ ដែលសាលារាជធានីភ្នំពេញ បានដាក់ផែនការរួចហើយ ជាពិសេសរំដោះការជន់លិចនៅតំបន់ខាងមុខព្រលានយន្តហោះ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងដែរថា “ចំពោះគម្រោងជំហានទី៤នេះ គឺអនុវត្តលើការដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង៨.២គម, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង៤.៤គម, សាងសង់អាងស្តុកទឹកក្រោមដី ទំហំ១៥ម៉ែត្រគុណ និង២០០ម៉ែត្រ និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC, តម្លើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់, និងផ្តល់រថយន្តបូមទឹកចល័ត ចំនួន២គ្រឿងផងដែរ ។ ទាក់ទិនទៅនឹងគម្រោងកែលម្អរប្រព័ន្ធលូនេះ លោក សាំ ពិសិដ្ឋ បញ្ជាក់ឲ្យដឹងថា គឺស្ថាបនាលូមេថ្មីតែម្តង មិនបានគោះលូចាស់ចេញនោះទេ ។
គម្រោងកែលម្អរជំហានទី៤នេះ នឹងចូលរួមកាត់បន្ថយបានច្រើន នៃការជន់លិចដោយទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ ដោយសារគម្រោងនេះ គឺរៀបចំដាក់ប្រព័ន្ធលូមេធំៗ និងស្តារប្រឡាយបើកមុខទឹកឲ្យបានធំ សំរាប់ខណ្ឌនៅជាយក្រុង ។ ដោយយុទ្ធនាការស្តាលូនាពេលកន្លងទៅគឺមានប្រសិទ្ធភាពខ្ពស់ គឺទឹកហូលឿនមិនបណ្តាលឲ្យទឹកជន់លិខយូម៉ោងនោះទេ ។
ចំពោះគម្រោងស្ថាបនាកែលម្អរប្រព័ន្ធលូប្រឡាយ អាងស្តុកទឹក ស្ថានីយបូមទឹក និងគម្រោងការពារទឹកជំនន់ ជំហានទី៤នេះ គឺក្រុមហ៊ុនកុងស៊ូតង់ សហការជាមួយក្រុមហ៊ុន TO A Cooperation របស់ជប៉ុនអ្នកសាងសង់ ដែលប្រើរយៈពេល៣៦ខែ ដើម្បីស្ថាបនាឲ្យបានរួចរាល់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 152,284 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,682,390 នាក់