ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ ឱសថ ក្លែងក្លាយ បង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 10:40 ព្រឹក អ្នកអាន 185

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឱសថក្លែងក្លាយពិតជាបង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់ ជាពិសេសនាពេលបច្ចុប្បន្ននេះមានឱសថដែលលក់តាម Online ជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ពីព្រោះមិនមានប្រភពច្បាស់លាស់ ហើយធ្វើឲ្យអាជ្ញាធរពិបាក ក្នុងការគ្រប់គ្រង។

ការថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី បើកសន្និសីទ អន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព»នៅព្រឹកថ្ងៃច័ន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
សន្និសីទអន្តរ ជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ត្រូវបាន បង្កើតឡើងបន្ទាប់ពីមានការផ្តួចផ្តើមគំនិតរវាង សម្តេច ហ៊ុន សែន និងលោក ហ្សង់ ដេវិត ឡឺវីត ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ កាលពីពេលកន្លងទៅ។

សន្និសីទនេះគឺធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពី មន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន កម្ពុជា, ឡាវ, មីយ៉ាន់, ថៃ និងវៀត ណាម រួមទាំងប្រទេសចិន ព្រមទាំងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា អង្គភាព នានា តាមបណ្តាលរាជធានី ខេត្ត ភ្ញៀវជាតិ អន្តរជាតិ និងតំណាងវិស័យឯកជនមួយចំនួនចូលរួម ប្រមាណសរុប ៤៥០នាក់។

សន្និសីទនេះ ផ្តោតលើកិច្ចពិភាក្សាអំពីការទប់ស្កាត់ការទំនាក់ទំនង និងលប់បំបាត់នូវឱសថ ក្លែងក្លាយ និងអន់គុណភាព ដោយបង្កើតឲ្យមានយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវក្នុងការទំនាក់ទំនងជាមួយបណ្តា ប្រទេសនៅក្នុងតំបន់ និងពិភាក្សាអំពីការធ្វើវិនិសោធនកម្មច្បាប់ដើម្បីបន្ថែមទោសអោយបានធ្ងន់ ចំពោះអ្នកផលិត អ្នកនាំចូល និងអ្នកចរាចណ៍ឱសថក្លែងក្លាយអោយស្របតាមសន្ធិសញ្ញា PALEMO ដែលព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជិតខាងបានធ្វើសច្ចាប័នទទួលស្គាល់រួចហើយ និង បង្កើតជំនាញអាចបំពេញការងារយ៉ាងមានប្រសិទ្ធភាពបំផុត។

នៅក្នុងសន្និសីទតំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាពនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍សំខាន់ៗ ៦ចំណុចដូចខាងក្រោម៖
១)រៀបចំនិងចាត់វិធានការកែទម្រង់ច្បាប់និងបទដ្ឋានគតិយុត្តនានាតាមការចាំបាច់របស់ប្រទេសរៀងៗខ្លួន ដើម្បីធានាអោយបាននូវក្របខ័ណ្ឌច្បាប់ដែលអនុលោមជាមួយន្តការអន្តរជាតិ។
២)អនុវត្តវិធានការប្រយុទ្ធប្រឆាំងបទល្មើសឱសថក្លែងក្លាយនិងអន់គុណភាព ជាពិសេសត្រូវផ្ដន្ទារ ទោសយ៉ាងតឹងរឹងចំពោះជនល្មើស និងជនទាំងឡាយណាដែលមានការពាក់ព័ន្ធ។
៣)ប្រទេសនីមួយៗគួរបង្កើតក្រុមជំនាញពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសឱសថក្លែងក្លាយនិងអន់គុណភាពក្នុងគោលដៅសម្របសម្រួលបញ្ជូនពត៌មាន និងផ្សព្វផ្សាយអំពីហានិភ័យ និងគ្រោះ ថ្នាក់ផ្សេងៗដល់សាធារណៈជននិងកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការផលិតការចរាចរណ៍ឱសថក្លែងក្លាយនិងអន់គុណភាពឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។
៤)អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមព្រំដែននៃប្រទេសនីមួយៗត្រូវផ្តល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាក្នុងការស្វែងរកបទល្មើសពាក់ព័ន្ធនឹងឱសថក្លែងក្លាយនិងអន់គុណភាពហើយត្រូវបង្កើតកម្មវិធីផ្លាស់ប្ដូរព័ត៌មានដើម្បីស៊ើបអង្កេតរកប្រភពសង្វាក់ផលិត ការចែកចាយ និងអត្តសញ្ញាណឧក្រិដ្ឋជន ទាំងនោះ។
៥)បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនិងឯកជនជាពិសេសម្ចាស់ក្រុមហ៊ុនដែលផលិតឱសថដើម្បីស្រាវជ្រាវរកឱសថក្លែងក្លាយនិងអន់គុណភាពដែលកំពុងចរាចរណ៍លើទីផ្សារហើយត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
៦)សម្តេចតេជោសូមជំរុញឲ្យសន្និសីទនេះបានក្លាយទៅជាសន្និសីទមួយដែលត្រូវបានពង្រីកក្នុងក្របខណ្ឌប្រទេសនៅក្នុងតំបន់អាស៊ានហើយគួរត្រូវដាក់បញ្ចូលផងដែរក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM-2020) ដែលកម្ពុជាត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២០ខាងមុខ។ សម្តេចតេជោ សូមឲ្យរួមគ្នាដើម្បីប្រែក្លាយយន្តការនេះក្លាយទៅជាយន្តការអន្តរជាតិដែលកើតចេញពីការផ្ដួចផ្ដើមរួមគ្នាដើម្បីទប់ស្កាត់និងបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទាំងអស់។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះសាធារណៈ រដ្ឋបារាំង ជាពិសេស វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអ្នកជំនាញមក ពីអង្គការសុខភាពពិភពលោក (WHO) ព្រមទាំងស្ថាប័នអន្តរជាតិនានាដែលបានឧបត្ថម្ភថវិកានិងសម្ភារៈបច្ចេកទេស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,996 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,824 នាក់