ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកស ថេត ស្នើកុំឲ្យមន្ត្រី នៅពីក្រោយ ការនាំចូល ទំនិញគេចពន្ធ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:20 ល្ងាច អ្នកអាន 373

ភ្នំពេញ៖អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេតបានប្រកាសថានឹងលុបបំបាត់រូបភាពនៃបទល្មើសសេដ្ឋកិច្ចដែលកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដោយមានមន្ត្រីនគរបាល យោធា ឬមន្ត្រីអង្គរក្សពីក្រោយ។

ជាមួយគ្នានេះ ស្នងការដ្ឋានក៏បានអំពាវនាវសុំឲ្យអាជីវករ ពាណិជ្ជករទាំងអស់សហការល្អជាមួយសមត្ថកិច្ច ទាំងការគោរពច្បាប់ចរាចរណ៍ មិនដឹកលើសទម្ងន់កំណត់ ព្រមទាំងបង់ពន្ធឲ្យបានត្រឹមត្រូវតាមមុខទំនិញ។

លោកឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ខ្ញុំសុំឲ្យមន្ត្រីនគរបាល ឬក៏យោធាមេត្តាកុំនៅពីក្រោយខ្នង ឬក៏កាងបទល្មើសសេដ្ឋកិច្ចឲ្យសោះ។ ដោយមានការតាមដានព័ត៌មានខ្ញុំដឹងថា ក្នុងមួយថ្ងៃៗមានការដឹកទំនិញគេចពន្ធចូលក្នុងរាជធានីភ្នំពេញរាប់រយឡានដោយឈ្មួញផ្សេងៗគ្នា តាមរូបភាពឃុបឃិតគ្នាជាមួយមន្ត្រីនគរបាល ឬយោធាដើម្បីបិទបាំងទង្វើគេចពន្ធទាំងនោះ។

លោកឧត្តមសេនីយ៍ ស ថេត បានបន្ថែមថា ចាប់ពីថ្ងៃនេះទៅអង្គភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញនឹងសហការជាមួយសាខាគយរាជធានី នាយកដ្ឋានគយចល័ត និងស្ថាប័នអយ្យការអមសាលាដំបូង ដើម្បីបង្ក្រាបបទល្មើសសេដ្ឋកិច្ចដែលគេចពន្ធក្នុងទិសដៅបង្កើនចំណូលពន្ធរដ្ឋសម្រាប់អភិវឌ្ឍប្រទេសជាតិ។

ចំពោះរថយន្តដឹកលើសទម្ងន់ ដែលភាគច្រើនជារថយន្តដឹកទំនិញគេចពន្ធរបស់ឈ្មួញធំៗដែលមានម្ចាស់ជាយោធា ឬនគរបាលក៏ត្រូវប្រគល់ឲ្យផ្នែកជំនាញចរាចរផ្លូវគោកចាប់ផ្ដើមអនុវត្តឲ្យបានតឹងរ៉ឹងបំផុត តាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល មានដូចជា ទី១ ឆ្លុះកញ្ចក់ ទី២ ងូតទឹក ទី៣ ដុសក្អែល ទី៤ ព្យាបាល ទី៥ វះកាត់។

ការសម្រេចចិត្តរឹតបន្តឹងខាងផ្នែកបទល្មើសសេដ្ឋកិច្ចនេះ បន្ទាប់ពីប៉ុន្មានថ្ងៃនេះមានបណ្ដាញព័ត៌មានអេលិចត្រូនិចមួយចំនួនបានធ្វើការវាយប្រហារកងកម្លាំងនគរបាលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដែលការវាយប្រហារទាំងនោះរំលោភបំពានដល់បេសកកម្មរបស់មន្ត្រីជំនាញដែលកំពុងសហការជាមួយស្ថាប័នតុលាការដើម្បីបង្ក្រាបបទល្មើស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,903 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,731 នាក់