ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សិស្សនិទ្ទេស(A)៤០៨នាក់ បានជួប សម្តេច ហ៊ុន សែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 11:40 ព្រឹក អ្នកអាន 304

នៅព្រឹកថ្ងៃព្រហស្បតិ៍១កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤០៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា សម័យប្រឡងកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានសិស្សប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧%។ ក្នុងនោះបេក្ខជនជាប់និទ្ទេស (A) មានចំនួន ៤០៨នាក់ និទ្ទេស (B) ចំនួន ២,២២២នាក់ និទ្ទេស (C) ចំនួន ៦,០៤១នាក់ និទ្ទេស (D) ចំនួន ១៥,១៨០នាក់ ព្រមទាំងនិទ្ទេស (E) ចំនួន ៥,២១៨៣នាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងតំណែង សម្តេចនៅតែជានាយករដ្ឋមន្ត្រី សម្តេចតេជោនឹងនៅតែបន្តជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស (A) រៀងរាល់ឆ្នាំ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរលឹកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើនត្រូវបានសំលាប់ចោល ហើយសាលារៀនមួយចំនួន ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។ ក៏ប៉ុន្តែក្រោយពីយើងទទួលបាននូវសុខ សន្តិភាព គឺយើងបានបណ្តុះបណ្តាលធនធានមនុស្សកើនឡើងជាបន្តបន្ទាប់ ជាពិសេស រាជរដ្ឋា ភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នងដើម្បីទុកអោយកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា។
បច្ចុប្បន្ន ប្រាក់ខែគ្រូបង្រៀនមិនតិចជាង១លាននោះទេ ហើយចាប់ពីឆ្នាំ២០១៩ទៅ គ្រូបង្រៀន និង មន្ត្រីរាជការគឺចាប់ផ្តើមអនុវត្តបើក២ដងក្នុង១ខែ តាមប្រព័ន្ធធនាគារ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់កូនក្មួយសិស្សានុសិស្សនិទ្ទេស (A)ទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល ជាមួយ សៀវភៅអប់រំទូន្មានរបស់ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង សៀវភៅចំនួន២ ក្បាល និង iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ ជាអនុស្សាវរីយ៍ផងដែរ។ ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួមសរុបចំនួន ១៧១ នាក់ ដែលម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មានរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរមួយគ្រឿង ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុង១សាលាទទួលបានថវិការ ៣លានរៀល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,972 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,800 នាក់