ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូល ស្តីពីភាពជាដៃគូ សេដ្ឋកិច្ចតំបន់ ទូលំទូលាយ លើកទី២

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 09:08 ព្រឹក អ្នកអាន 583

នៅរសៀលថ្ងៃទី ១៤ វិច្ឆិកាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២ ដែលមានការចួលរួមពីមេដឹកនាំអាស៊ានទាំងអស់ដែលបានចាត់ទុកថា ការប្រែប្រួលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពិភពលោក និង ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ក្លាយទៅជាប៉ូលសេដ្ឋកិច្ចស្នូលដែលជួយរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ចសកលលោក ព្រមទាំងអាចជួយទប់ស្កាត់នូវនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម។
ថ្លែងទៅកាន់មេដឹកនាំនៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច ប៉ុន្តែកម្ពុជាសូមជំរុញឲ្យក្រុមអ្នកចរចាខិតខំពុះពារនូវឧបសគ្គតាមវិស័យនិមួយៗឲ្យបញ្ចប់ការចរចាតាមអាណត្តិដែលផ្តល់ដោយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានមួយចំនួន ព្រមទាំងត្រូវផ្តល់នូវការសម្របសម្រួលជាច្រើនជាមួយបណ្តាប្រទេសដៃគូដ៏ទៃទៀតក៏ដោយ។ កម្ពុជានៅតែរក្សាជំហរ និងឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយទាំងអស់ថា កិច្ចព្រមព្រៀងនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងដែលមានលក្ខណះទំនើបគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់ ទោះបីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នានៃទំហំ និងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដោយសារកម្រិតនៃសមត្ថភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ។
មេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរួមរបស់ប្រធានកិច្ចប្រជុំ និងរបាយការណ៍រដ្ឋមន្រ្តីនៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,755 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,734,742 នាក់