ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋបាល ខេត្តសៀមរាប ច្រានចោល នឹងព័ត៌មាន សៀមរាបប៉ុស្ដិ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 11:00 ព្រឹក អ្នកអាន 1742

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប បានធ្វើការច្រានចោលទៅនឹងការផ្សាយព័ត៌មាន របស់គេហទំព័រសៀមរាបប៉ុស្ដិ៍ ជុំវិញដីប្រឡាយ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ការចេញបដិសេធនេះ បន្ទាប់ពីគេហទំព័រ សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយ នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ នៅម៉ោង២និង២០នាទី ក្រោមចំណងជើងថា (អ្នកធំម្នាក់ នៅខេត្តសៀមរាប រំលោភយកដី ប្រឡាយរដ្ឋ ទាំងកំរោល)។ នៅក្នុងខ្លឹមសារគេហទំព័រសៀមរាបប៉ុស្ដិ៍ បានស្រង់នូវការលើកឡើងរបស់លោកសោម ចំរើន រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ដែលបានបង្ហោះតាមអាខោនហ្វេប៊ុក( Chamroeun Som )។
ជុំវិញករណីនេះ រដ្ឋបាលខេត្តសៀមរាប បានធ្វើការបកស្រាយដូចខាងក្រោម៖

រដ្ឋបាលខេត្តសៀមរាបសូមធ្វើការច្រានចោលនូវមតិសាធារណជននិងសាព័ត៌មានមួយចំនួនដែលបានចោទប្រកាន់មកលើគណៈកម្មការរដ្ឋបាលឃុបឃិតក្នុងករណីរំលោភយកដីប្រឡាយនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាបសូមជម្រាបដល់សាធារណជនក៏ដូចជាសាព័ត៌មានមួយចំនួនជ្រាបថានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានគេហទំព័រសារព័ត៌មាននិងសាធារណជនមួយចំនួនបានចុះផ្សាយព័ត៌មានអំពី “អ្នកធំម្នាក់នៅខេត្តសៀមរាប រំលោភ យកដី ប្រឡាយ រដ្ឋ ទាំងកំរោល”។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាប និងបំភ្លឺជូនដូចខាងក្រោម៖
១-ប្រឡាយដែលបានលើកឡើងដូចខាងលើនេះ ជាប្រឡាយទឹកស្អុយហូរចេញពីលូតាម ដងផ្លូវស៊ីវត្ថាផ្តុំផ្សារចាស់ ហើយហូរកាត់ភូមិស្ទឹងថ្មី ចូលតាមប្រឡាយមេ។ ប្រឡាយនេះ បានហូរតាមព្រំដីរបស់ប្រជាពលរដ្ឋមួយចំនួន រួមទាំងគ្រួសាររបស់ឈ្មោះ សោម ចំរើនផងដែរ។ ប្រឡាយនេះ ក៏ដូចប្រឡាយផ្សេង ៗ និងផ្លូវស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវកំណត់ទំហំរួចរាល់ ហើយ នៅឆ្នាំ ២០១០ ដើម្បីបម្រើជាផលប្រយោជន៍សាធារណៈ។ ប្រឡាយនេះ កាលពីឆ្នាំ២០១០ បានកំណត់រហូតដល់ ១០ម៉ែត្រ ប៉ុន្តែគណៈកម្មការ រដ្ឋបាលត្រូវបានកំណត់ទំហំមកត្រឹម ៨,៥ ម៉ែត្រ ដោយសារប្រឡាយនេះត្រូវបានរួមតូច ។
២-ពាក់ព័ន្ធនឹងករណីបណ្តឹងរបស់ឈ្មោះ សោម ចំរើន កន្លងមក គណៈកម្មការរដ្ឋបាល ប្រជុំពិនិត្យ ពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងសាមីខ្លួន។ ជាលទ្ធផល រដ្ឋបាលខេត្តសៀមរាប នៅតែរក្សាតាមការសម្រេចរបស់ គណៈ កម្មការ រដ្ឋបាលនៅឆ្នាំ២០១០ ដោយកំណត់រក្សាទុក ៨,៥ ម៉ែត្រ ដើម្បីរំដោះទឹក និងជាប្រយោជនសាធារណៈ។ ដោយឡែកការកំណត់អ័ក្សប្រឡាយ ក្រុមការងារ បច្ចេក ទេស នៃគណៈកម្មការរដ្ឋបាល ពុំមានការកំណត់លំអៀងទៅម្ចាស់ក្បាលដីណាមួយ ដូចការចោទប្រកាន់ នោះ ទេ។ ក្នុងករណីឈ្មោះ សោម ចំរើន មានឯកសារអះអាងដែលជាហេតុផលក្នុងការដោះស្រាយ រដ្ឋបាលខេត្ត សៀមរាប ស្នើឲ្យឈ្មោះ សោម ចំរើន ចូលខ្លួន និងផ្តល់ឯកសារទាំងនោះ ដើម្បីជាមូលដ្ឋានពិនិត្យ និង ដោះស្រាយជូន។
៣-ចំពោះការចោទប្រកាន់ថា ការរត់ឯកសារដាក់លូមកដល់រដ្ឋបាលខេត្តបាត់ស្រមោល ដល់ សព្វ ថ្ងៃនេះ រដ្ឋបាលខេត្តសៀមរាប ស្នើសុំឈ្មោះ សោម ចំរើន ពិនិត្យ និងតាមដានរក ឯកសារ អ្នក ទទួល និងរត់ឯកសារ ដើម្បីរដ្ឋបាលខេត្ត មានមូលដ្ឋានចាត់វិធានការជូន ដើម្បីកុំឲ្យមានការចោទប្រកាន់ដោយ មា ន ការគិតពិចារណាច្បាស់លាស់។
៤-ចំពោះការចោទប្រកាន់ឈ្មោះ ឈួន ហុក ថាបានរំលោភប្រឡាយនេះ រដ្ឋបាលខេត្ត សៀមរាប បានអញ្ជើញឈ្មោះ ឈួន ហុក បានបំភ្លឺ និងលើកឡើងថា ករណីរដ្ឋបាលខេត្តសៀមរាប រកឃើញថា ការ សង់ របងរបស់ខ្លួន រំលោភលើប្រឡាយ ខ្លួន នឹងវាយរបងចេញភ្លាមៗតែម្តង។
សូមជម្រាបជូនថា អាជ្ញាធរខេត្ត តែងតែយកចិត្តទុកអំពីសុខទុក និងដោះស្រាយ បញ្ហា នានា ដើម្បីឆ្លើយតបនឹង តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។

រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន ជាពិសេសអ្នកផ្សព្វផ្សាយក្នុងបណ្តាញសង្គម ត្រូវយកចិត្តទុកដាក់ចំពោះការផ្សាយរបស់ខ្លួន ដែលធ្វើការចោទប្រកាន់ ឬបំភ្លើស ដែលមិនស្ថិតក្នុងក្របខ័ណ្ឌនៃការបញ្ចេញមតិយោបល់ឡើយ ដែលនាំឲ្យប៉ះពាល់កិត្តិយសបុគ្គល ប៉ះពាល់ដល់អាជ្ញាធរសាធារណៈ បំពុលបរិយាកាសសង្គម និងឈានទៅដល់អស្ថេរភាពសង្គមជាដើម។ ករណីនេះ សាមីខ្លួននឹងប្រឈមចំពោះមុខច្បាប់ជាធរមាន ហើយដើម្បីជៀសវាងបញ្ហានេះ សូមសាមីខ្លួនស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់អ្នកពាក់ព័ន្ធ មុនធ្វើការផ្សព្វផ្សាយព័ត៌មាន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមស្វាគមន៍ចំពោះរាល់មតិយោបល់ ការសហការផ្តល់ព័ត៌មានបន្ថែម និងរាល់ការស្នើសុំបំភ្លឺពាក់ព័ន្ធនឹងបញ្ហានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,108 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,967 នាក់