ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ ខ្ញុំអត់ត្រូវការឲ្យបរទេស មកវ៉ៃគ្នា នៅលើទឹកដីកម្ពុជាទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 04:30 ល្ងាច អ្នកអាន 329

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការណ៍ ដោយប្រកាសបដិសេធជាថ្មីថា កម្ពុជា មិនអនុញ្ញាតឲ្យមានកងទ័ពបរទេសណា បោះទីតាំងឈរជើងនោះទេ។ សម្តេចតេជោ ហ៊ុន សែន នឹងសរសេរលិខិតបញ្ជាក់ពីរឿងនេះ ជូនអនុប្រធានាធិបតីអាមេរិក លោក Mike Pence ពីជំហររបស់កម្ពុជា ដែលមិនអនុញ្ញាតឲ្យបរទេសណាមួយ មកដាក់ទ័ពជើងទឹក ជើងគោក ឬជើងអាកាស នៅលើទឹកដីកម្ពុជាជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំក៏ទទួលបានលិខិតរបស់ Mike Pence ដែលជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បង្ហាញអំពីកង្វល់ទាក់ទងថា មានវត្តមានរបស់កងទ័ពជើងទឹករបស់ចិន នៅកម្ពុជា។ ខ្ញុំសូមគូសបញ្ជាក់ជូនបងប្អូនរួមជាតិ ក៏ដូចជាមិត្តបរទេសទាំងអស់ ថាតើកម្ពុជាមានការចាត់តាំង ដើម្បីនឹងរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួនឬទេ? រដ្ឋធម្មនុញ្ញរបស់កម្ពុជា ត្រូវបានហាមឃាត់ជាមួយវត្តមានកងទ័ពបរទេស ឬមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន ហើយកងទ័ពរបស់ខ្លួនក៏ត្រូវបានហាមឃាត់ មិនឲ្យចូលរួមនៅក្នុងប្រតិបត្តិការជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដូចដែលយើងកំពុងស្ថិតនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិចកណ្តាល។ នេះជាចំណុចមួយ ដែលសុំបញ្ជាក់ទៅកាន់សាធារណជន ទៅកាន់មិត្តភក្តិបរទេស ហើយខ្ញុំក៏នឹងឆ្លើយលិខិតរបស់អនុប្រធានាធិបតីអាមេរិក ដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជា ទាក់ទងទៅនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់នូវវត្តមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា មិនថាជើងគោក ជើងទឹក ឬជើងអាកាសនោះទេ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ចំណុចទី២-ចោទចេញជាសំណួរថា តើកម្ពុជាត្រូវការកងទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនដើម្បីអ្វីទៅ? តើកម្ពុជាត្រូវការច្បាំងជាមួយនរណា? កម្ពុជាមានកម្លាំងគ្រប់គ្រាន់ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន។ កម្ពុជាក៏មិនមានការចាំបាច់ដាក់កងទ័ពបរទេស មកជំនួយទេ។ ប្រសិនបើមានការត្រូវការណាមួយ កម្ពុជាក៏គ្មានថ្ងៃចាំបាច់ដើម្បីនឹងត្រូវអន្តរាគមន៍ដល់កងទ័ពបរទេសទេ។ អីចឹងចេញជាសំណួរថា តើយើងវ៉ៃជាមួយនរណា? វ៉ៃជាមួយប្រជាជនខ្លួនឯង? វ៉ៃជាមួយថៃ? វ៉ៃជាមួយវៀតណាម? វ៉ៃជាមួយឡាវ? ឬវ៉ៃជាមួយប្រទេសណា? នេះជាសំណួរដែលគួរឲ្យងឿងឆ្ងល់ណាស់! តើគេមានចេតនាចង់ធ្វើអ្វីចំពោះកម្ពុជា? ឬក៏គ្រាន់តែយកបញ្ហាវត្តមាននៃអ្នកវិនិយោគ និងអ្នកទេសចរដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិន ធ្វើជាលេសដើម្បីមួលបង្កាច់ និងដាក់កំហុសមកលើកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ខ្ញុំពិតជាមានការសោកស្តាយណាស់ ជាមួយនឹងភាពមិនច្បាស់លាស់នៃជនជាតិបរទេសមួយចំនួន ដែលព្យាយាមធ្វើអាក្រក់ម្តងហើយម្តងទៀត ចំពោះកម្ពុជា ដែលគ្មានកំហុសអ្វីទាល់តែសោះ។ កម្ពុជាមិនមានការចាំបាច់ឲ្យប្រទេសណាមួយ មកធ្វើសង្គ្រាមក្នុងប្រទេសរបស់ខ្លួនទេ។

ខ្ញុំមិនត្រូវការឲ្យបរទេស មកច្បាំងគ្នាលើទឹកដីខ្មែរ ដូចកាលពីអតីតកាលទេ។ ក្រោមនយោបាយ និយាយតាមមួយបែបថា នយោបាយរួមរបស់គណបក្សប្រជាជន និងនយោបាយដឹកនាំដោយឡែករបស់ខ្ញុំ ហ៊ុន សែន។
ខ្ញុំអត់ត្រូវការឲ្យបរទេស មកវ៉ៃគ្នា នៅលើទឹកដីកម្ពុជាទេ។

សូមកុំយកកម្ពុជា ធ្វើជាទីលានសាកល្បង មនោគមវិជ្ជាក្តី ឬអាវុធក្តី ឲ្យសោះ! យើងចាត់ទុកប្រទេសទាំងអស់ នៅលើពិភពលោក គឺជាមិត្តភក្តិ ដែលត្រូវរួមសហការនៅក្នុងការអភិវឌ្ឍន៍។ យើងគ្រាន់តែស្វាគមន៍ចំពោះមិត្តភក្តិអន្តរជាតិ មកចូលរួមជាមួយយើង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថាខ្ញុំចង់ឲ្យមិត្តភក្តិបរទេសមកប្រកួតប្រជែងគ្នា ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតែប៉ុណ្ណោះ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ។ បើប្រទេសមួយ កសាងបានស្ពានមួយស្ពានពីរ ប្រទេសមួយទៀត កសាងបីបួនទៅ ប្រណាំងប្រជែងគ្នាលើបញ្ហានេះ។ ប្រទេសមួយផ្តល់ជំនួយឲ្យផ្លូវថ្នល់មួយខ្សែ ប្រទេសមួយទៀត ឲ្យ២ខ្សែមក។ គឺយើងចង់បានយ៉ាងដូច្នេះ។ យើងចង់ឲ្យប្រទេសនានា ប្រកួតប្រជែងជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រទេសមួយឲ្យមន្ទីរពេទ្យមួយ ប្រទេសមួយទៀត ឲ្យមន្ទីរពេទ្យមួយ ឬពីរ ប្រឡាយទឹក ឬក៏សាលារៀន សូមអញ្ជើញ។ យើងស្វាគមន៍ ហើយយើងស្វាគមន៍ចំពោះការវិនិយោគនៃប្រទេសនានា មកកាន់ប្រទេសកម្ពុជា ហើយយើងបដិសេធចោលដាច់ខាតនូវការប្រកួតប្រជែងខាងមនោគមវិជ្ជា ដើម្បីបំបែកបំបាក់ខ្មែរ និងសម្លាប់ខ្មែរ ដូចពីអតីតកាល។ យើងទាត់ចោលដាច់ខាតនូវការប្រកួតប្រជែងយកកម្ពុជាធ្វើជាទីលានសាកល្បងអាវុធរបស់ខ្លួន ឬលក់អាវុធរបស់ខ្លួន មកឲ្យកម្ពុជា។ ដូច្នេះចំណុចនេះ សង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជា ដែលបានទទួលនូវព័ត៌មានតាមរយៈសារព័ត៌មាននេះ សារព័ត៌មាននោះ ឬមិត្តភក្តិបរទេសទាំងឡាយ ដែលមានកង្វល់ គឺសូមជឿទុកចិត្តចំពោះការអនុវត្តប្រកបដោយឯករាជ្យ និងការពារអធិបតេយ្យរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្តថាយើងមិនមានការចាំបាច់ទាល់តែសោះ ហើយយើងមិនត្រូវការទាល់តែសោះតែម្តង នូវវត្តមានរបស់កងទ័ពបរទេសនៅលើទឹកដីរបស់យើង។ យើងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ឧទាហរណ៍ អាចនឹងការរៀបចំសមយុទ្ធយោធា ដោយពហុភាគី ឬក៏ទ្វេភាគី តាមអ្វីដែលកម្ពុជាជាម្ចាស់ផ្ទះសម្រេចចិត្ត ឧទាហរណ៍ យើងធ្លាប់បានធ្វើជាម្ចាស់ផ្ទះសមយុទ្ធជាមួយនឹងប្រទេសជាច្រើន ដែលមកចូលរួមជាមួយយើង និងការធ្វើសមយុទ្ធហ្វឹកហាត់រួម ជាមួយនឹងប្រទេសមួយចំនួនផ្សេងទៀត ហើយគោលដៅនោះ យើងចង់បានគោលដៅនៃការធ្វើសមយុទ្ធ គឺហ្វឹកហាត់សង្គ្រោះគ្រោះមហន្តរាយ ហ្វឹកហាត់ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម ហ្វឹកហាត់ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលការគម្រាមកំហែង ក្នុងស្ថានភាពជាគ្រោះធម្មជាតិ ឬជាគ្រោះ ដោយសារបញ្ហាអ្វីមួយ ដែលវាកើតឡើង រាប់ទាំងបញ្ហាដែលទាក់ទងជាមួយនឹងជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះថ្នាក់ធំៗ កើតឡើងផងដែរ ឬក៏ការធ្លាក់យន្តហោះ ឬក៏របៀបសង្គ្រោះតាមរយៈនៃការលិចនាវា ដែលយើងអាចមានកម្លាំងសង្គ្រោះភ្លាមៗ និងការមុជរាវរក ជាដើម។ល។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់បន្ថែមថាខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា នៅកម្ពុជា ពីពេលមុន រហូតមកដល់ពេលនេះ ចាប់តាំងពីពេលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចាប់ពីឆ្នាំ១៩៨៩ រហូតមកដល់ពេលនេះ យើងពុំមានកងទ័ពបរទេសនៅកម្ពុជាទេ។ ពិតហើយកងទ័ពបរទេស ដែលចូលមកនៅក្នុងកម្ពុជា នៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គឺជាប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឥឡូវនេះ យើងមានតែកងទ័ពរបស់យើង ដែលបញ្ជូនចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ។ ឯនៅកម្ពុជា ខ្ញុំទទួលស្គាល់ថា វាមានកងទ័ពបរទេស។ ប៉ុន្តែអ្នកទាំងនោះ គឺជាអនុព័ន្ធយោធានៅតាមស្ថានទូតនានាតែប៉ុណ្ណោះ។ គ្មានកងទ័ពបរទេស សម្រាប់ការប្រយុទ្ធនោះទេ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថាមានកងទ័ពបរទេសខ្លះ ដែលមកធ្វើជាជំនាញការយោធា ដោះមីន យោធាចារ្យដោះមីន ដែលភាគច្រើន ដូចជាមកពីឥណ្ឌាក៏មាន បារាំង អាមេរិក ក៏មានដូចគ្នា ហើយយើងទទួលស្គាល់ថា សព្វថ្ងៃនេះ មានសិក្ខាកាមបរទេស រាប់ទាំងមកពីប្រទេសកូឡុំប៊ី ដែលនៅកៀកនឹងអាមេរិកឯណោះ មករៀនសូត្រនៅកម្ពុជានេះ សម្រាប់វិស័យដោះមីន។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថាខ្ញុំសូមបញ្ជាក់សាជាថ្មី កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស មិនថាជើងទឹក ជើងគោក ឬជើងអាកាសនោះទេ។ យើងទាត់ចោលនូវព័ត៌មានទាំងឡាយ ដែលបំភ្លៃនូវការពិត។ យើងបញ្ជាក់ជាផ្លូវការនៅថ្ងៃនេះ ហើយខ្ញុំនឹងធ្វើលិខិតជូនទៅអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ដើម្បីឲ្យគាត់ច្បាស់អំពីបញ្ហានេះ ហើយស្អែក ខ្ញុំនឹងជួបទូតសហរដ្ឋអាមេរិក William Heidt ដែលគាត់លា ខ្ញុំនឹងបញ្ជាក់ប្រាប់គាត់ពីរបីម៉ាត់បន្ថែម។ តែយល់ល្អគួរកុំនិយាយល្អជាង ព្រោះខ្ញុំមិនចង់ទាស់គ្នា នៅពេលដែលបែកគ្នាទេ។ ខ្ញុំមិនចង់យកការសន្ទនាណាមួយ ដែលវាមានភាពជូរចត់នៅពេលដែលចាកចេញនោះទេ។ ដូច្នេះសង្ឃឹមថា លោក Heidt ដែលគាត់ចេះខ្មែរដែរនោះ អាចនឹងមើលនូវសេចក្តីថ្លែងការណ៍របស់ខ្ញុំនៅពេលនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ យកសេចក្តីថ្លែងការណ៍ផ្ទាល់មាត់របស់សម្តេចខាងលើនេះ យកទៅចាក់ផ្សាយឲ្យបានព្រោងព្រាត ហើយបកប្រែជាអង់គ្លេស ផ្សព្វផ្សាយពីជំហរបស់សម្តេចនេះផងដែរ។

សូមរម្លឹកថា ព័ត៌មានពីកងទ័ពជើងទឹកចិន បោះទីតាំងមូលដ្ឋានទ័ព ឈរជើងនៅទឹកដីខេត្តកោះកុង ត្រូវបានកាសែត The Asia Times បានផ្សព្វផ្សាយអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន កាលពីសប្តាហ៍មុន។ ភ្លាមៗ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងបញ្ហានេះ ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចំពោះដំណឹងនេះ ត្រូវបានលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជម្រាបជូនអនុរដ្ឋមន្ត្រីការបរទេសអាមេរិកថា ដំណឹងនេះ ជាការមិនពិត ហើយរដ្ឋមន្ត្រីធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យកងទ័ពបរទេស ដាក់មូលដ្ឋានទ័ព ឈរជើងលើទឹកដីកម្ពុជាជាដាច់ខាត។

ការបដិសេធពីវត្តមានរបស់កងទ័ពចិនលើទឹកដីកម្ពុជា ក៏ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធ កាលពីថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ ហើយបានចាត់ទុកការផ្សព្វផ្សាយរបស់សារព័ត៌មានជាភាសាអង់គ្លេស The Asia Times ថាជាព័ត៌មានក្លែងក្លាយ Fake News។ ការថ្លែងនៅពេលចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃចន្ទទី១៩ ខែវិច្ឆិកាឆ្នាំ២០១៨ព្រឹកមិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,021 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,880 នាក់