ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច៖ កម្ពុជា មិនអនុញ្ញាត ឱ្យមានវត្តមាន មូលដ្ឋានទ័ព បរទេស នៅនោះទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 03:40 ល្ងាច អ្នកអាន 289

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅចំពោះមុខឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះទេមិនថាប្រទេសណានោះឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបញ្ជាក់ចំណុចនេះទៅកាន់លោកអគ្គរដ្ឋទូត កុំឲ្យសហរដ្ឋអាមេរិកមានការងឿងឆ្ងល់និងព្រួយបារម្មណ៍ចំពោះមូលដ្ឋានទ័ពបរទេសនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមកកម្ពុជាក៏ធ្វើការជាមួយនឹងបណ្តាប្រទេស ផ្សេងៗរួមទាំងការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក, ចិន ,ឥណ្ឌា,ជប៉ុន ជាដើម ពិសេសបានធ្វើឡើងលើសពីទ្វេភាគីទៅទៀត ក្នុងគោលដៅដើម្បីក៏សាងជំនឿ និងបទពិសោធន៍ ជាពិសេសឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ។ អ្វីដែលសំខាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការសន្ទនារវាងប្រទេសទាំងពីរដើម្បីធ្វើយ៉ាងណាឱ្យមានការយល់គ្នាក្នុងការរក្សានូវទំនាក់ទំនងគ្នាឲ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា កន្លងមកកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅក្រៅប្រទេសក្រោមឆត្រ័អង្គការសហប្រជាជាតិតែយើងមិនអនុញ្ញាតិឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ សម្តេចតេជោ ក៏បានរលឹក ពីអតីតកាល ដែលមានកងទ័ពមួយខៀវមកលើទឹកដីកម្ពុជាដែលបណ្តាលឲ្យមានបញ្ហាជាច្រើនដូចជា ការចម្លងមេរោគ HIV នៅលើកទឹកដីកម្ពុជាជាដើម។
សម្តេតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាចាប់អារម្មណ៍គឺកម្ពុជាចង់ឲ្យប្រទេស ដែលចូលរួមក្នុងការកសាងអភិវឌ្ឍន៍កម្ពុជា មានគម្រោងចូលរួមផ្សេងៗដូចជាការកសាង ផ្លូវថ្នល់ ស្ពាន ជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាចង់បានទំនាក់ទំនងល្អជាមួយប្រទេស ទាំងឡាយរួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនោះផងដែរ ពាក់ព័ន្ធជាមួយនឹងក្តីកង្វល់ របស់សហរដ្ឋអាមេរិកចំពោះវត្តមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាសម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្ញើរលិខិតមួយច្បាប់រួចរាល់ហើយទៅកាន់ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ថាគ្មានមូលដ្ឋានទ័ពបរទេសនៅលើកទឹកដីកម្ពុជានោះឡើយ។
មានប្រសាសន៍បែបនេះនាពេលសម្ដេចបានអនុញ្ញាឲ្យ លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែល ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា ចូលជួបសំណេះសំណាល និងជំរាបលា ដែលបានធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នាថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ព្រឹកមិញនេះ។
លោកឯកអគ្គរដ្ឋទូតអាមេរិកមានប្រសាសន៍ថា ទោះបីកន្លង មកមានការអាក់ខានក៏ប៉ុន្តែយើងបានប្រាស្រ័យទាក់ទងគ្នាល្អប្រសើរឡើងវិញនូវការស្វែងរក MIA និងការធ្វើមាតុភូមិនិវត្តន៍ប្រជាជនកម្ពុជា ពីសហរដ្ឋអាមេរិកមកកាន់ទឹកដីរបស់កម្ពុជា។
លោក William បានកត់សម្គាល់ឃើញថាក្នុងរយៈពេលបំពេញបេសកកម្មជា ឯអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំនេះបានខិតខំជំរុញធ្វើយ៉ាងណាពង្រឹងកិច្ចប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យមានការរីកចម្រើន ហើយមានចំណុចពិសេសជាច្រើនដែល សម្តេតេជោនាយករដ្ឋមន្ត្រី និងលោក អគ្គរដ្ឋទូតបានឯកភាពគ្នា និងបានធ្វើកិច្ចការរួមគ្នា ជាច្រើនផងដែរ។ លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសង្កេតឃើញពីការរីកចម្រើនជាពិសេស លើវិស័យមួយចំនួននៅប្រទេសកម្ពុជា ដូចជាវិស័យបរិស្ថាន វិស័យសេដ្ឋកិច្ច និងការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,075 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,934 នាក់