ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច សន្យា ជួបកម្មករ រោងចក្រ ក្នុងអាណត្តិ បន្ទាប់ខាងមុខទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 11:15 ព្រឹក អ្នកអាន 194

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា នៅពេលដែល សម្ដេច ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦នេះ និងក្នុងអាណត្តិជាបន្តបន្ទាប់ខាងមុខ គឺសម្តេចប្រមុខដឹកនាំ នឹងបន្តអញ្ជើញចុះ ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីនៅទូទាំង ប្រទេស។

ក្នុងនាមសម្ដេចជាអ្នកដឹកនាំប្រទេស សម្តេចនៅតែបន្តខិតខំជំរុញ និងលើកកម្ពស់ជីវភាព របស់កម្មករ កម្មការិនីឲ្យល្អប្រសើរជាបន្តបន្ទាប់។

ថ្លែងបែបនេះនៅព្រឹកថ្ងៃពុធ ៦រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែ វិច្ឆិកាឆ្នាំ២០១៨នេះនាពេលបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល។
កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល។ នៅទីតាំងនេះមានរោងចក្រសហគ្រាសទាំង១២វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១០និងខ្មែរចំនួន២ ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន១, ផលិតបាត ស្បែកជើងចំនួន ១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២, ផលិតដែកសំណង់ចំនួន១ និងរោងចក្រផលិតបារីចំនួន២។ ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅ ក្នុងទីផ្សារក្នុងប្រទេសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អំពីគុណតំលៃនៃនយោបាយឈ្នះ-ឈ្នះ ដែលឆ្នាំនេះ គឺជាខួប២០ឆ្នាំនៃការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ដែលនាំមកនូវការបញ្ចប់សង្គ្រាម ស្វែង រកសន្តិភាព និងការអភិវឌ្ឍ ដែលនៅចុងឆ្នាំ២០១៨នេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រារព្ឋធ្វើពិធី បុណ្យដ៏ធំមួយដើម្បីរំលឹកដល់ខួប ២០ឆ្នាំជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ ដែលមានចំនួន៣ថ្ងៃ គឺនៅថ្ងៃទី ២៩,៣០,៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់សហជីប និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ដែលជាប់ពាក់ព័ន្ធពាក្យបណ្តឹង សូមញ្ជូនសំណើរទាំងអស់នោះទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យក្រសួង សហការធ្វើការជាមួយក្រសួងយុត្តិធម៌ និងតុលាការដោះស្រាយបញ្ហាទាំងនេះអោយឲ្យបានចប់យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០១៨។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភ នូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន ៧០២ នាក់ទៀតផង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,114 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,973 នាក់