ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រទេសនេប៉ាល់ នឹងបើកព្រលានយន្តហោះថ្មីមួយ ដែលអាចធ្វើការ ហោះហើរ ត្រង់មកកាន់កម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 09:30 ព្រឹក អ្នកអាន 199

នៅឆ្នាំក្រោយនេះ ប្រទេសនេប៉ាល់នឹងបើកព្រលានយន្តហោះថ្មីមួយ ដែលអាចធ្វើការហោះហើរត្រង់មកកាន់កម្ពុជា ហើយពេលនោះប្រជាជននេប៉ាល់ក៏អាចធ្វើដំណើរទៅទស្សនកិច្ចអង្គរវត្ត រីឯយពលរដ្ឋកម្ពុជា វិញក៏អាចធ្វើដំណើរមកទស្សនាកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រនៅនេប៉ាលផងដែរ។

ការលើកឡើងនេះនាពេល លោក ប្រាឌីព គូម៉ា ហ្គែវ៉ាលី (Pradeep Kumar Gyawali) រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេប៉ាល់ បានជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ម្សិលមិញ។

លោករដ្ឋមន្ត្រីការបរទេសនេប៉ាល់ បានសម្តែងនូវការរីករាយពេញចិត្តចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា មានជួបបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា ហើយមានមិត្តភាពជិតស្និទ្ធជាមួយគ្នា។
លោករដ្ឋមន្រ្តី បានរៀបរាប់ជម្រាបសម្តេចតេជោផងដែរអំពីដំណើរការបោះឆ្នោត និងការកសាងប្រទេសនេប៉ាល់ ហើយព្រមទាំងបានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានកសាងប្រទេសឡើងវិញដោយឆ្លងបានកាត់ឧបសគ្គជាច្រើន។

សម្តេចតេជោ ក៏បានមានប្រសាសន៍អំពីប្រវត្តិកម្ពុជា និងនេប៉ាល់ ដែលមានភាពស្មុគស្មាញ និងមានស្ថានភាពពុំដូចគ្នាទេ ប៉ុន្តែបានឆ្លងកាត់ការលំបាកនានាស្ទើរតែដូចគ្នា។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលប្រទេសនេប៉ាល់ បានសម្រេចក្នុងការបង្រួបបង្រួមជាតិ។ កម្ពុជាបានឆ្លងកាត់នូវបទពិសោធន៍ជាច្រើនពីប្រទេស ដែលមានការបែកបាក់ហែកហួរគ្នា មកជាប្រទេសដែលរួបរួមគ្នាជាធ្លុងមួយ ពីប្រទេសដែលមានបក្សពួកច្រើន មានការបែងចែកទឹកដី ហើយប្រយុទ្ធគ្នាឯងនៅលើទឹកដីរបស់ខ្លួន ដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាង។ ឥឡូវកម្ពុជានេះបានបង្រួបបង្រួមជាតិឲ្យទៅជាប្រទេសមួយ មានរដ្ឋធម្មនុញ្ញមួយ មានកងទ័ពមួយ ហើយកំពុងជំរុញការអភិវឌ្ឍប្រទេសទាំងអស់គ្នា។
សម្តេចតេជោបានលើកឡើងថា ពីកម្ពុជាមកនេប៉ាល់ ពីនេប៉ាល់ទៅកម្ពុជា ក៏មិនឆ្ងាយទេ ដែលគួរតែពង្រីក កិច្ចសហប្រតិបត្តិការទៅលើអ្វីដែលជាសក្តានុពលប្រទេសទាំងពីរមាន។

សម្តេចតេជោ បានបញ្ជាក់ថា ដោយសារនេប៉ាល់ មានឯកអគ្គរដ្ឋទូតនៅប្រទេសវៀតណាម ហើយថ្វាយសារតាំងនៅរាជធានីភ្នំពេញ ហើយ សម្តេចមានបំណងបញ្ជូនឯកអគ្គរដ្ឋទូតកម្ពុជា ដែលមាននិវេសនដ្ឋាននៅញូវដេលី ប្រទេសឥណ្ឌា មកកាន់នេប៉ាល់ផងដែរ។ នៅពេលមានយើងមានហិរញ្ញវត្ថុគ្រប់គ្រាន់ កម្ពុជានឹងបើកស្ថានទូតផ្លូវការនៅនេប៉ាល់តែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនេប៉ាល់ ដែលបានរៀបចំឲ្យមានកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨នេះ។ សម្តេចតេជោនឹងចូលរួមវិភាគទានដើម្បីជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។
កម្ពុជា និង នេប៉ាល់ នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាច្រើនទៀតតាមដែលអាចធ្វើបាន មានដូចជាវិស័យវប្បធម៌ សាសនា ជំនឿ ហើយសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨ នឹងបានផ្លាស់ប្តូរទស្សនៈគ្នារួមគ្នាដោះស្រាយបញ្ហាប្រឈមនានាមានដូចជា ការប្រែប្រួលអាកាសធាតុ ភេរវកម្ម និងអំពើហិង្សាជាដើម៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,141 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,000 នាក់