ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដំណើរជាប្រវត្តិសាស្ត្រ សម្ដេច ហ៊ុន សែន ទៅកាន់ ប្រទេសនេប៉ាល់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ វិច្ឆកា ឆ្នាំ​ 2018 ម៉ោង 12:40 ល្ងាច អ្នកអាន 176

នេះជាលើកទីមួយក្នុងដំណើរជាប្រវត្តិសាស្ត្រ ដែលប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្ដេចហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេស នេប៉ាល់ ដើម្បីចូលរួមកិច្ច កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី ៣០ វិច្ឆិកា-០២ ខែធ្នូ ២០១៨ ។

នៅរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ម្សិលមិញនេះដែរនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli)នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់។

នៅក្នុងជំនួបនេះផងដែរ លោកនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជា មកកាន់ប្រទេសនេប៉ាល់ លោកក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិចឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេសនេប៉ាល់នាពេលនេះ។

លោកនាយករដ្ឋមន្ត្រីនេប៉ាល់ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោពិតជាមានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់ទុកថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈមិត្តភាព។

លោកបានមានមានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៧៥ មកម្លេះ លោកក៏បានកត់សម្គាល់អំពីស្ថិរភាពនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី និងបានអបអរសាទរផងដែរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានជាប់ឆ្នោតដោយសំឡេងច្រើនកន្លងមក ទន្ទឹមនឹងនេះលោកក៏បានមើលឃើញពីការរីកចំរើនជាច្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានការអភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ក៏បានមានប្រសាសន៍ថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់ប្ដូរបទពិសោធន៍គ្នាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ទាំងសងខាង ហើយលោកក៏បានជំរាបជូនសម្តេចតេជោអំពីការវិវឌ្ឍរបស់ប្រទេសនេប៉ាល់កន្លងមកនេះ ជាពិសេសការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យក្នុងការបង្កើតប្រព័ន្ធសហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យប្រទេសនេប៉ាល់មានស្ថិរភាព និងបានប្រែក្លាយប្រទេសគាត់អោយមានការរីកចំរើនជាលំដាប់ដោយឈរលើគោលការណ៍មួយចំនួន ដូចជាអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនេប៉ាល់រស់នៅមានភាពល្អប្រសើរ។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ក្នុងជំនួបទ្វេភាគីនេះចាត់ទុកថាឆ្នាំ២០១៩ខាងមុខនេះគឺជាខួបលើកទី៥៥ផងដែរនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានបន្តថា តាមពិតសម្ដេចចង់មកទស្សនកិច្ចនៅប្រទេសនេប៉ាល់យូរមកហើយ ប៉ុន្តែមិនអាចឆ្លៀតពេលបាន។ ប្រទេសនេប៉ាល់នេះគឺជាប្រទេសទីកន្លែងកំណើតដែលព្រះពុទ្ធបានប្រសូត សម្តេចក៏អរគុណប្រទេសនេប៉ាល់ផងដែរ ដែលបានបានផ្ដល់ដីសម្រាប់សង់ប្រាសាទ និងវត្តនៅប្រទេសនេប៉ាល់នេះ។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលត្រូវជំរុញនាពេលបច្ចុប្បន្ននេះគឺត្រូវធ្វើយ៉ាងណាជំរុញកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យមានការរីកចម្រើនឈានឡើង ជាពិសេសនៅថ្ងៃនេះនឹងមានការចុះហត្ថលេខាលើឯកសារ៤សំខាន់ដូចជាទាក់ទងនឹងការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,735 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,720 នាក់