ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចហ៊ុន សែន៖ កម្ពុជា ក្លាយជាកូនខ្លា សេដ្ឋកិច្ចថ្មី នៅតំបន់អាស៊ី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 11:00 ព្រឹក អ្នកអាន 2638

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន សែន បានថ្លែងថាកម្ពុជាបានចាកចេញពីឋានៈប្រទេសអន់ថយដែលធ្លាប់តែញាំញីដោយសង្គ្រាមស៊ីវិល ជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ និងភាពក្រីក្រក្លាយទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប និងត្រូវបានចាត់ទុកជាកូនខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ីជាមួយនឹងកំណើនប្រចាំឆ្នាំដ៏រឹងមាំក្នុងអត្រាប្រមាណ ៧.៧% ក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ។
សម្ដេចតេជោ បន្តថាតាមរយៈបទពិសោធន៍របស់កម្ពុជាបានជំរុញកំណើនប្រកបដោយបរិយាបន្ន គឺសំខាន់បំផុតទាមទារ ឲ្យមានសន្តិភាព និងសន្តិសុខ ជាមុនសិន។ ជាក់ស្ដែងសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ , សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈកាន់តែប្រសើរឡើង បាននាំមកនូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនិងបរិយាប័ន្នក៏ដូចជាការវិវត្តជាវិជ្ជមាននៃប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
ថ្លែងបែបនេះនាពេល អញ្ជើញចូលរួមក្នុងពិធីបើកកិច្ច ប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅទីក្រុងកដ្ឋមន្ធូ ប្រទេសនេប៉ាល់ នៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមប្រធានបទ «ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៃយុគសម័យរបស់យើង : ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល»។ ពិធីបើកកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រួមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល សមាជិកសភា មេដឹកនាំសាសនា ធុរជន អ្នកដឹកនាំសង្គមស៊ីវិលនិង គណះប្រតិភូជាង១ពាន់៥០០នាក់។
សម្តេចបន្តថាបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាប្រព័ន្ធនិងជាលទ្ធផលនៃការផ្លាស់ប្ដូររចនាសម្ព័ន្ធពិភពលោក ដូចជា សង្គ្រាមពាណិជ្ជកម្ម, ភាពក្រីក្រ, អំពើភេវរកម្ម, ការប្រែប្រួលអាកាសធាតុ, អសន្តិសុខស្បៀង, ការធ្លាក់ចុះនិងបាត់បង់សីលធម៌រស់នៅ, ការផ្លាស់ប្ដូរលំនៅដោយបង្ខំ, គ្រោះមហន្តរាយធម្មជាតិ និងការរត់ប្រណាំងសព្វាវុធជាដើម ដែលកំពុងគំរាមកំហែងដល់ការអភិវឌ្ឍន៍សន្តិសុខ និងភាពសុខដុមរបស់ពិភពលោក។ ប្រការនេះ តម្រូវឲ្យយើងប្រកាន់យកនូវ “អភិក្រមបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ” ទាំងក្នុងការសន្ទនាពិគ្រោះ យោបល់ និងចំណាត់ការជាក់ស្ដែងដើម្បីដោះស្រាយបញ្ហាទាំងអស់នេះឱ្យមានប្រសិទ្ធភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានចែករំលែកគំនិតមួយ ចំនួនដើម្បីដោះស្រាយបញ្ហានេះតាមរយៈគោលការណ៍ និងវិធានការចម្បងចំបងដូចខាងក្រោម៖
១)ការបង្កើតមិត្តភាពជាមួយបណ្ដាប្រទេសទាំងអស់នឹងមិនធ្វើជាសត្រូវនៃប្រទេសណាមួយឡើយដោយគិតគូរដល់ការធានាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោចីរភាព។
២)ការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាប្រចាំ ប្រកបដោយជំនឿទុកចិត្ត រវាងគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយហានិភ័យដែលបណ្តាលមកពីការយល់ច្រឡំគ្នា ការមើលខុស និងការទទួលព័ត៌មានខុស។
៣)ការបន្តពង្រឹងការសម្របសម្រួលគោលនយោបាយ ការបែងចែក រំលែកព័ត៌មាន និងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម និងអំពើភេវរកម្ម ទាំងឡាយ ជាពិសេសតាមរយៈការលើកកម្ពស់ការជឿទុកចិត្តរវាងស្ថាប័នរដ្ឋ និងសង្គម ដើម្បីធានាថាបញ្ហានៃការរើសអើងនឹងត្រូវបានដោះស្រាយត្រឹមត្រូវ។
៤) ការផ្ដោតសំខាន់ទៅលើការ អភិវឌ្ឍណាដែលឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន ដោយមិនប៉ះពាល់ដល់លទ្ធភាព របស់មនុស្សជំនាន់ក្រោយក្នុងការបំពេញតម្រូវការរបស់ពួកគេ។
៥) ការបញ្ចូលចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងកម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលជំនាញទាំងក្នុងប្រព័ន្ធអប់រំផ្លូវការ និងក្រៅផ្លូវការ ជាពិសេសតាមរយៈ ការបង្កើតភាពជាដៃគូ និងការសម្របសម្រួលគោលនយោបាយ។កម្ពុជាមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍ និងអនាគតរបស់ខ្លួន។ យើងស្វាគមន៍ជានិច្ចនូវកិច្ចសហប្រតិបត្តិការដោយផ្អែកលើការយោគយល់ និងគោរពគ្នាទៅវិញទៅមកប្រកបដោយស្មារតីជឿទុកចិត្តដើម្បីកសាងពិភពលោកមួយប្រកបដោយវិបុលភាពនិងគុណតម្លៃសកលជាអតិបរមា៕

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,711 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,696 នាក់