ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច៖ សមិទ្ធផល អាយស៊ីស៊ី-អង្គរ កន្លងមក បានចំណាយ ថវិការាប់លាន$

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 03:00 ល្ងាច អ្នកអាន 328

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានថ្លែងថាសមិទ្ធផលរបស់ ICC Angkor មកកន្លងមកដែលបានចូលរួមចំណែកក្នុងការគាំពារ និងអភិរក្សតំបន់វប្បធម៌អង្គរដែលសកម្មភាពទាំងអស់ត្រូវបានចំណាយថវិការាប់លានដុល្លារ និងក្រុមការងាររាប់ពាន់នាក់ដើម្បីចូលរួមចំណែកអភិរក្សតំបន់អង្គរ។
សម្តេចមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ គឺបានដាក់ចេញនូវយុទ្ធសាស្រ្តសកម្មភាពនានា ដែលជាប្រយោជន៍ដល់រមណីយដ្ឋានអង្គរ ហើយនៅថ្ងៃនេះ ក៏មានការចុះហត្ថលេខាជាត្រីភាគីរវាងអង្គការយូណេស្កូ ICAP និង ICC Angkor ផងដែរ ដែលជាសក្ខីភាពដល់ការគាំទ្រសុខដុមរវាងប្រជាជាតិជាច្រើននាក់ដែលបានសម្រេចជាឯកច្ឆន្ទចាប់រកអ្វីដែលជាការរួមគ្នាបន្តកសាង និងថែរក្សានូវមរតកវប្បធម៏នេះ។
ថ្លែងយ៉ាងដូច្នេះនាពេល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។ ពិធីអបអរសាទរនេះ គឺមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ត្រីក្រសួងវប្បធម៌, ប្រធានអង្គការយូណេស្កូ ,មន្ត្រីទូតជប៉ុន និងបារាំង, មន្ត្រីអាជ្ញាធរអប្សរា រួមទាំងមន្ត្រីមកពីតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ព្រឹកមិញ។

សម្ដេចតេជោ បានលើកឡើងផងដែរថា សម្បត្តិបេតិកភណ្ឌអរូបីរបស់កម្ពុជា ចំនួន០៥ហើយដែលត្រូវបានដាក់បញ្ជូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិរួមមាន៖
- ល្ខោនខោល ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨
- ចាប៉ីដងវែង ត្រូវបានចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
- ល្បែងទាញព្រ័ត ត្រូវបានចុះបញ្ជីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥
- ល្ខោនស្រមោលស្ពែកធំ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥
- របាំក្បាច់បុរាណខ្មែរ និងព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីនៅថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០០៣
ក្រៅពីសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិ កម្ពុជាបានចុះបញ្ជិបេតិភណ្ឌពិភពលោក នូវសំណង់បុរាណដ៏ល្បីល្បាញផ្សេងទៀតរួមមាន៖
- តំបន់ប្រសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីនៅថ្ងៃទី០៨ ខែកក្កដា ២០១៧
- ប្រាសាទព្រះវិហារ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨
- និងរម្មនីយដ្ឋានអង្គរ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវដល់ប្រទេសដែលជាមិត្តល្អសូមបន្តជួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ រួមទាំងធនធានមនុស្សជាបន្តទៀត។ សូមអោយឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការឱ្យបានល្អដើម្បីភាពជោគជ័យក្នុងការការពារវប្បធម៌មនុស្សជាតិអោយបានគង់វង្ស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 5,422 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,796,407 នាក់