ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីក្រុងសៀមរាប គំរាមវាយខ្នោះ ពលរដ្ឋ ពេលអនុវត្ត រុះរើផ្ទះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 03:15 ល្ងាច អ្នកអាន 11178

ខេត្តសៀមរាប៖មន្ត្រីសាលាក្រុងសៀមរាបម្នាក់ ដែលបានដឹកនាំ សមត្ថកិច្ច ចុះអនុវត្តរុះរើផ្ទះប្រជាពលរដ្ឋ បានប៉ះដង្គិចសំដីគ្នា និងបានគំរាមវាយខ្នោះ ប្រជាពលរដ្ឋ បើនៅតែរឹងទទឹង។

ការអនុវត្តនេះធ្វើឡើងនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨ព្រឹកមិញ ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ ផ្ទះដែលរងការរុះរើចំនួន២ខ្នងបានសង់លើចំណីថ្នល់នេះបើតាមការសេចក្ដីជូនដំណឹង។ ជាមួយគ្នានេះគេសង្កេតឃើញមានកងកម្លាំង ចម្រុះមានអាវុធហត្ថ នគរបាល ដើម្បីពង្រាយនៅតំបន់ ប្រតិបត្តិការ រួមនិងមន្ត្រីរាជការស៊ីវិលផងដែរ។

ក្នុងពេលដែលសមត្ថកិច្ចចុះទៅអនុវត្ត ភាគីម្ចាស់ផ្ទះបានព្យាយាមរារាំង ដើម្បីសុំពន្យាពេល ត្បិតសំណុំរឿងកំពុងដំណើរការនៅតុលាការ។ ប៉ុន្តែត្រូវលោកគឹម នន់ អនុប្រធានការិយាល័យអភិវឌ្ឍក្រុង ដែលដឹកនាំកម្លាំងសមត្ថកិច្ចមិនយល់ព្រមនោះទេ គឺត្រូវរុះរើឲ្យខាងតែបាន រហូតបញ្ជាឲ្យសមត្ថកិច្ច វាយខ្នោះ បើសិនជាមានរារាំងនោះ។ ក្នុងស្ថានការប្រទាញប្រទង់ ហើយក្រុមសមត្ថកិច្ចហាក់មិនមានបទបញ្ជាពីថ្នាក់លើ ដោយមិនមានការចាប់វាយខ្នោះទៅលើម្ចាស់ផ្ទះនោះទេ សកម្មភាពរុះរើក៏ត្រូវបានផ្អាកមួយរយៈ ដើម្បីផ្លាស់ប្តូរសមាសសភាពកងកម្លាំង។

នៅអំឡុងពេលមួយម៉ោងក្រោយ គេឃើញកងកម្លាំងដឹកចូលបន្ថែម ហើយអភិបាលក្រុងដែលទើបឡើងកាន់តំណែងថ្មី លោកនួន ពុទ្ធារ៉ា ចុះមកដឹកនាំបញ្ជាផ្ទាល់ ផ្ទះពីរខ្នងដែលជាគោលដៅរុះរើនោះ ក៏ត្រូវខ្ទេចទាំងស្រុងត្រឹមមួយប៉ប្រិចភ្នែក។ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃទី៧ធ្នូនេះ លោកនួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប បានបញ្ជាក់ថា ការអនុវត្តនេះ មិនមែនធ្វើដើម្បីបុគ្គលណាមួយនោះទេ គឺតែងតែធ្វើសំរាប់រួមជានិច្ច។ ចំពោះករណីនេះ បានកើតឡើង៦ឆ្នាំមកហើយ ដូច្នេះតែអនុវត្ត។

លោកប៊ូ ហ៊ាង ម្ចាស់ផ្ទះដែលត្រូវរុះរើ បាននិយាយថា ដីរបស់គាត់បានទិញពីភាគីជម្លោះឈ្មោះអ៊ុន ប៊ុនធី ភេទប្រុស ជិត២០ឆ្នាំមកហើយ ចាប់តាំងពីអាជ្ញាធរមិនទាន់ធ្វើផ្លូវក្រវ៉ាត់ក្រុង ពោលគឺតាំងពីតំបន់នោះមិនទាន់មានមនុស្សទៅរស់នៅមកម្លេះ។ លុះពេលធ្វើផ្លូវ ដីនេះត្រូវបានឈូសដាច់មួយចំហៀង ចំណែកមួយចំហៀងដែលនៅសល់ រូបលោកបានសង់ផ្ទះពីរខ្នងសម្រាប់ប្រកបមុខរបរ។

លោកប៊ូ ហ៊ាង បន្តថាដោយសារផ្ទះរបស់លោក បាំងពីមុខផ្ទះឈ្មោះអ៊ុន ប៊ុនធី នៅឆ្នាំ២០១៤ ឈ្មោះប៊ុនធី បានប្តឹងទៅតុលាការសុំឲ្យរុះរើផ្ទះ ដោយចោទថាសង់លើចំណីផ្លូវ។ ការក្តីគ្នានៅតុលាការជាច្រើនឆ្នាំហើយលទ្ធផលមិនបានរុះរើ ភាគីជម្លោះបានសុំសងជាសំណងមកខាងលោក (ប៊ូហ៊ាង)១៥០០០ដុល្លារតែខាងលោកមិនទទួល ដោយបញ្ជាក់ថា បើគិតថាជាចំណីផ្លូវ ទី១បើរដ្ឋត្រូវការនិងរុះរើដោយស្មគ្រ័ចិត្ត ទី២បើប៉ះចំណីផ្លូវ ត្រូវអនុវត្តគ្រប់ផ្ទះដែលប៉ះដូចគ្នាមិនមែនរុះតែផ្ទះលោកនោះទេ។ ប៉ុន្តែនៅថ្ងៃកើតហេតុនេះអាជ្ញាធរជូនដំណឹងពីល្ងាច ព្រឹកឡើងក៏ដាក់កម្លាំងមករុះរើទាំងកំរោល នេះបញ្ជាក់ឲ្យឃើញថា ការអនុវត្តនេះ ទំនងដោយសារតែបានប្រយោជន៏។ ក្នុងសកម្មភាពនេះក្រុមគ្រួសារម្ចាស់ផ្ទះ បានដង្ហោយសុំអាជ្ញាធរខេត្ត ពិសេសសម្តេចតេជោហ៊ុន សែន មេត្តាជួយផ្តល់យុត្តិធម៏ដល់ពួកគាត់។

ក្នុងពេលកំពុងអនុវត្តរុះរើ មេធាវីការពារក្តីចុងបណ្តឹង បានប្រាប់ថា អាជ្ញាធរក្រុងធ្វើនេះគឺខុសអំពីនិតិវិធីយ៉ាងពិតប្រាកដ។ ធ្វើនេះកំពុងបង្ហាញឲ្យឃើញ ពីការឃុបឃិតដើម្បីប្រយោជន៏តែប៉ុណ្ណោះ។លោកបន្តថា លោកនឹងប្តឹងទៅតុលាការ ហើយប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតរឿងអនុវត្តនេះ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដែលចុះទៅអនុវត្តផ្ទាល់ បានបរិយាយចំពោះមុខមហាជនថា រឿងនេះលោកអនុវត្តតាម សេចក្តីណែនាំរបស់សាលាខេត្តនិងសាលាក្រុង។ លោកបានបន្តថា ការុះរើនេះនិងបន្តធ្វើរហូតចំពោះផ្ទះឬសំណង់ ដែលសង់លើចំណីផ្លូវ។

ទោះបីយ៉ាងណា ការចុះអនុវត្តរុះរើផ្ទះ២ខ្នងនេះ មហាជនដែលចោមរោមមើល បានលើកឡើងថា ការបញ្ជាសមត្ថកិច្ចឲ្យចាប់ក្រុមម្ចាស់ផ្ទះវាយខ្នោះ ពីសំណាក់លោកគឹម នន់ អនុប្រធានការិយាល័យអភិវឌ្ឍក្រុង វាហាក់បីដូចជាព្រៃផ្សៃជំនាន់ប៉ុលពល ។ ភាសារនេះពលរដ្ឋក្នុងខេត្តសៀមរាប ពិតជាមិនអាចទទួលយកបានឡើយ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនឹងបន្តរុះរើផ្ទះជាច្រើន ដែលសង់ជាប់ចំណីថ្នល់ ដោយគេសង្កេតឃើញថានៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប អាចមានផ្ទះមិនតិចទេ ដែលបានសាងសង់រំលោភចូលដីផ្លូវសាធារណះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 4,537 នាក់
ម្សិលមិញ : 45,418 នាក់
សរុប : 64,795,522 នាក់