ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេគយខណ្ឌចំការមន ល្បីប្រើអំណាច ពង្រាយមន្ត្រី ឲ្យដើរប្រមូលលុយ ពីក្រុមឈ្មួញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 01:35 ល្ងាច អ្នកអាន 744

ភ្នំពេញ៖ថ្មីៗនេះបណ្ដាញសារព័ត៌មាន ក្នុងស្រុកបានផ្សាយថា លោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន បានប្រើអំណាច ពង្រាយមន្ត្រីរបស់ខ្លួន តម្រូវឲ្យឈ្មួញបង់លុយតាមតែអំពើចិត្ត រងនូវការរិះគន់យ៉ាងខ្លាំង។

ទង្វើមិនប្រក្រតីរបស់លោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន បាននិងកំពុងជះឥទ្ធិពល ក្នុងការអនុវត្តតួនាទីភារកិច្ច ឈានដល់មានករណីតម្រូវឲ្យឈ្មួញបង់ប្រាក់ ធ្វើឡើងតាមការទាមទាររបស់គាត់ ក្នុងនោះ ថែមទាំងយកឈ្មោះថ្នាក់ដឹកនាំគយ ដើម្បីបន្លាច និងគ្របដណ្តប់ទៅលើក្រុមឈ្មួញ ដែលបានរកស៊ីដឹកទំនិញចូលក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ ផងដែរ។

បើតាមបណ្ដាញសារព័ត៌មានបានផ្សាយថាយ៉ាងតិចមានមន្ត្រីគយចំនួន៥នាក់ ត្រូវបានលោកនឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌចំការមន ចាត់ទុកជាមន្ត្រីដែលខ្លួនទុកចិត្ត ក្នុងការចុះប្រតិបត្តិការ ចុះយកលុយពីក្រុមឈ្មួញដឹកទំនិញតាមរយៈ ឆ្លងកាត់ចូលខណ្ឌចំការមន និងទីតាំងឃ្លាំងនៅក្នុងខណ្ឌចំការមន ដោយមិនបាន អនុវត្តតាមនីតិវិធីគយ គឺតម្រូវឲ្យឈ្មួញដែលបានដឹកទំនិញប្រភេទរថយន្តយីឌុប ដោយមិនគិតថា ទំនិញទាំងនោះ នាំចូលមានពន្ធ ឬអត់ពន្ធ ពួកគេតែងតម្រូវឲ្យបង់ក្នុងមួយឡាន ពី១០០ដុល្លារទៅ១៥០ដុល្លារ ឬដល់២៥០ដុល្លារ ។ ក្រៅអំពីរថយន្តយីឌុប លោកនឹម ផល្លី បានឲ្យមន្ត្រីរបស់ខ្លួន ក៏ដូចជាចុះមកកាន់ទីតាំងផ្ទាល់តែម្តង យកលុយតាំងពីរថយន្តដឹកទំនិញប្រភេទគយតូច ក្នុងមួយឡានចាប់ពី៣០ដុល្លារ ទៅ៥០ដុល្លារ ។

ក្រុមឈ្មួញបាននិយាយថា គ្រប់យ៉ាងលោកនឹម ផល្លី ក្នុងនាមជាប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន ក៏ដូចជាបង្គាប់មន្ត្រីក្រោមឱវាទរបស់គាត់ ថា ការកំណត់ឲ្យយកប្រាក់នេះ គឺបញ្ជាដោយផ្ទាល់ពីថ្នាក់លើ។ ក្រុមឈ្មួញបានសង្កត់ថា ក្រុមមន្ត្រីពុករលួយបែបនេះ មិនត្រឹមតែអនុវត្តប្រាស់ចាកនីតិវិធីគយប៉ុណ្ណោះទេ ពួកគេបានធ្វើឲ្យ ក្រុមឈ្មួញធុញទ្រាន់ ជះឥទ្ធិពលដ៏អាក្រក់ ប៉ះពាល់ ក្នុងសង្គមជាតិ និងជាគំរូនៃមន្ត្រីគ្រាប់ល្ពៅ ដែលសង្គមស្អប់ខ្ពើម ក្នុងនោះ បានស៊ីបានចុក ពុករលួយតែខ្លួនឯង និងបក្ខពួក ហ៊ានទាំងយកឈ្មោះធំ មកប្រើ ។

បើតាមព័ត៌មានបញ្ជាក់ថាករណីឃ្លាំងផ្ទុកទំនិញជាច្រើនកន្លែងនៅក្នុងខណ្ឌចំការមន សុទ្ធតែបង់ប្រាក់ឲ្យលោកនឹម ផល្លី គ្រប់កន្លែង មានមួយកន្លែង បង់ក្នុងមួយខែ២០០ដុល្លារ ដល់១ពាន់ដុល្លារ ឬ២ពាន់ដុល្លារ ក្នុងនោះលោកនឹម ផល្លី ឲ្យមន្ត្រីជំនិតរបស់គាត់៤ទៅ៥នាក់ ជាអ្នកដើរប្រមូល។

ក្រុមឈ្មួញដឹកទំនិញ ក៏ដូចជាម្ចាស់ទីតាំងឃ្លាំងស្តុកទំនិញ សូមអង្វរកដល់លោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកគយ និងរដ្ឋាករកម្ពុជា មេត្តាស៊ើបអង្កេតតាមដានរាល់ការរិះគន់ ដែលលើកឡើងពីក្រុមឈ្មួញទាំងនេះផង ចៀសវាង រឿងអាស្រូវរបស់លោកនឹម ផល្លី បានជះឥទ្ធិពលអាក្រក់ និងសេចក្តីថ្លៃថ្នូរ ទៅលើស្ថាប័នគយ។
រហូតដល់រសៀលថ្ងៃទី១៤ធ្នូនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោកនឹម ផល្លី ប្រធានការិយាល័យគយ បាននៅឡើយទេ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 57,838 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,572,138 នាក់