ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ រដ្ឋាភិបាល ត្រូវការ សារព័ត៌មាន ហ៊ាននិយាយការពិត ដើម្បីចូលរួមប្រឆាំង អំពើពុករលួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 02:22 ល្ងាច អ្នកអាន 8899

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន បានអះអាងថារាជរដ្ឋាភិបាលកម្ពុជាត្រូវការនូវសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ គឺទាមទារឲ្យអ្នកសារព័ត៌មានរបស់យើងស្តាប់គ្រប់សំឡេង ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត ដើម្បីឲ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិតហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គម និងជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ ដើម្បីចូលរួមចំណែកប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

 ក្នុងសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តធ្វើនៅថ្ងៃទី២១ ខែធ្នូ ស្អែកនេះ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» នាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់រដ្ឋ និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត។

សម្តេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន និងបានផ្តល់អាទិភាពជាចម្បងនៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ទាំងនៅក្នុងដំណាក់កាលទីបី និងដំណាក់កាលទីបួន។

យ៉ាងណាក៏ដោយ សម្តេចតេជោក៏បានលើកឡើងដែរថា បេសកកម្មរបស់បងប្អូនអ្នកសារព័ត៌មាន គឺពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសបានលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដ។ កត្តាទាំងនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ភាពជាដៃគូដែលមិនអាចខ្វះបានជាមួយសារព័ត៌មានក្នុងក្របខណ្ឌប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,046 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,648,823 នាក់