ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមហ៊ុន PP PT កំពុងបំផ្លាញ ព្រៃឈើ នៅខេត្តព្រះវិហារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 01:00 ល្ងាច អ្នកអាន 1045

ភ្នំពេញ៖មានការលើកឡើងថា ព្រៃឈើមួយចំនួននៅក្នុងខេត្តព្រះវិហារ បានទទួលរងការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុន PP PT ក្រោមលេសថា ជាឈើសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន។ នេះបើយោងតាមបណ្ដាញសារព័ត៌មានបានចេញផ្សាយកាលពីថ្មីៗនេះ។

ក្រុមហ៊ុន PP PT មានទីតាំងស្ថិតនៅភូមិរុងរឿង១ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានបណ្ដាញសារព័ត៌មានផ្សាយថា បានធ្វើសកម្មភាព ដឹកឈើហ៊ុបចេញពីព្រៃព្រះរាជក្រឹត ព្រៃព្រះរការ ចូលមកក្រុមហ៊ុន ដើម្បីអារជ្រៀក រួចឡើងរថយន្តដឹកយកទៅចែកចាយនៅតាមបណ្តាខេត្តផ្សេងៗ។ ក្នុងនោះបើតាមសេចក្តីរាយការណ៍មកថា ក្រុមហ៊ុន PP PT មាននាយកក្រុមហ៊ុនឈ្មោះ ហូឡា សោភ័ណ្ឌ បានប្រគល់ការងារឲ្យលោក ដេ វីដ ជាអ្នកចាត់ចែង ប្រមូលឈើប្រភេទហ៊ុបចេញពីគម្របព្រៃព្រះរការ ហើយក៏ជាអ្នកចាត់ចែកជាកញ្ចប់ឲ្យទៅដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែរ។

តាមព័ត៌មានថា ក្រុមហ៊ុនខាងលើ មានអាជ្ញាប័ណ្ណសម្អាតដីអនុក្រឹត សម្រាប់ចែកជូនដល់គ្រួសារកងទ័ពចំនួនត្រឹមតែ៤៥០០ហិកតាតែប៉ុណ្ណោះ ហើយមកទល់ពេលនេះ ដីចំនួន៤៥០០ហិកតានោះ ក៏បានសម្អាតរួចរាល់អស់ហើយដែរ តែក្រុមហ៊ុនមួយនេះ នៅតែបន្តប្រើអាជ្ញាប័ណ្ណបន្តទៀត ដើម្បីកៀងគរពលរដ្ឋឲ្យចូលទៅកាប់ឈើនៅព្រៃការពារព្រះរការ ដែលគ្រប់គ្រងដោយមន្ត្រីអភិរក្សរបស់មន្ទីរបរិស្ថានខេត្តយកមកចូលក្រុមហ៊ុនអារជ្រៀកឡើងរថយន្តធំៗទៅចែកចាយតាមបណ្តាខេត្តផ្សេងៗ រួចយកលេសថា ដឹកជញ្ជូនយកទៅធ្វើផ្ទះអតីតយុទ្ធជនដដែល។

ជុំវិញករណីនេះ អង្គភាព សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុន និងមន្ទីរពាក់ព័ន្ធនៅឡើយទេ។ ក៏ប៉ុន្តែលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានប្រាប់បណ្ដាញសារព័ត៌មាន ដែលចេញផ្សាយតាមអេឡិចត្រូនិចមួយថា ក្រុមហ៊ុនខាងលើនេះ បានសុំអាជ្ញាប័ណ្ណប្រមូលផលដីសង្គមកិច្ចរបស់កងពលលេខ៩ ហើយ លោកក៏បានបន្តថា ពាក់ព័ន្ធនិងបញ្ហានេះ លោកនិងចាត់ចែងឲ្យជំនាញឆែកមើល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,150 នាក់
ម្សិលមិញ : 24,064 នាក់
សរុប : 80,582,624 នាក់