ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិស ខេត្តបាត់ដំបង មួយរូប ប្តឹងអ្នកយកព័ត៌មានម្នាក់ ទៅតុលាការ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 02:15 ល្ងាច អ្នកអាន 1451

ភ្នំពេញ៖លោកស្វាយ ភិរម្យ នាយរងការិយាល័យ នគរបាលបចេ្ចកទេស-វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសំរេចប្ដឹងអ្នកយកព័ត៌មានម្នាក់ ទៅស្ថាប័នតុលាការ ខេត្តបាត់ដំបង។

ស្នងការខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពីមានវេបសាយមួយចុះផ្សាយរឿងមួយ មានចំណងជើងថា “លោកស័ក្តិ ៣ស្វាយ ភិរម្យ សម្ងំលក់ឆ្នោតយ៉ាងរលូន លោកស្នងការមិនគួរមើលរំលង!” ស្នងការដ្ឋាន បានសម្រេចដាក់ពាក្យបណ្តឹង ចូលទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់ខ្លួនចំពោះការចោទប្រកាន់នេះ។

បើតាមផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨នេះ បានបញ្ជាក់ថា” ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់ខ្លួន ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានពិតប្រាកដ នាពេលកន្លងទៅ ដោយអ្នកសារព័ត៌មាន លោកអនុសេនីយ៍ឯក ស្វាយ ភិរម្យ នាយរងការិយាល័យ នគរបាលបចេ្ចកទេស-វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសម្រេចដាក់ពាក្យបណ្តឹង ចូលទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងហើយនៅថ្ងៃនេះ “។

នៅក្នុងអត្ថបទ ចុះផ្សាយរបស់វេបសាយ tnn-news.com មួយមានចំណងជើងថា “លោកស័ក្តិ ៣ស្វាយ ភិរម្យ សម្ងំលក់ឆ្នោតយ៉ាងរលូន លោកស្នងការមិនគួរមើលរំលង!”។ លោកស័ក្តិ៣ស្វាយ ភិរម្យ នាយរងការិយាល័យបច្ចេកទេសនិងពិនិត្យកន្លែងកើតហេតុ កំពុងបើកទ្ធារ លក់ឆ្នោតយួន-សៀម គ្មានញញើតច្បាប់ទាល់តែសោះ ពីព្រោះលោកអាងរិទ្ធិអំណាចរបស់ខ្លួនជាមន្ត្រីនគរបាលជើងខ្លាំង។

ចំពោះទីតាំងដែលមន្ត្រីគ្រាប់ល្ពៅខាងលើ បានបើកលក់យ៉ាងរលូន គឺស្ថិតនៅខាងជើងអធិការដ្ឋានប្រហែលជា ១០០ម៉ែត្រតែប៉ុណ្ណោះ អាជ្ញាធរភូមិ ឃុំសង្កាត់ទួលតាឯក និងសមត្ថកិច្ចខេត្តបាត់ដំបង មិនដែលយកភ្នែកមើល ឬបង្ក្រាបម្តងណាឡើយ។

បើយើងនិយាយអំពីច្បាប់ល្បែងកន្ទុយលេខនេះ គ្មានច្បាប់ណាអនុញ្ញាតនោះទេ ប៉ុន្តែផ្ទះលោកស្វាយ ភិរម្យ ជាមន្ត្រីនគរបាល បែរជាបើកលក់កន្ទុយលេខ ជាហេតុធ្វើឲ្យជនល្មើសដទៃទៀត បង្កើនទីតាំងជាច្រើន នៅក្នុងផ្សាររោងចក្រ ទល់មុខអធិការដ្ឋានក្រុងបាត់ដំបង។
លោកឧតមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេតបាត់ដំបង បានជ្រាបជាដំណឹងរួចហើយ ប៉ុន្តែនៅ តែគ្មានចំណាត់ការ ។

ប្រភពព័ត៌មានពីអស់លោកអ្នកស្នេហាវិស័យកន្ទុយលេខឆ្នោត យួន-សៀម តែងនាំគ្នាទៅផ្សងសំណាង រាល់ថ្ងៃនិងមួយចំនួនទៀតអង្គុយកែនលេខ ឬចាក់តាមឆាតក៏មាន ដូច្នេះហើយតម្លៃនៃកងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចគឺគ្មានន័យ ។
ពាក់ព័ន្ធករណីដូចការរៀបរាប់ខាងលើ លោកស្នងការគួរស្រាវជ្រាវបង្ក្រាប ឬបញ្ឈប់សកម្មភាពចៀសវាង ប៉ះពាល់កិត្តិយសចំពោះកងកម្លាំងនគរបាលខេត្តបាត់ដំបង។

លោកស្វាយ ភិរម្យ នាយរងការិយាល័យ នគរបាលបចេ្ចកទេស-វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ តាមទូរស័ព្ទថា ពិតជាបានប្ដឹងលោកសុខ កុសល ប្រាកដ្ឋមែន។ ការសំរេចចិត្តប្ដឹងនេះ គឺបានប៉ះពាល់កិត្តិយស និងការប្រមាទ។ លោកមិនបានធ្វើការអត្ថាធិប្បាយបន្ថែមនោះទេ ដោយបង្វែរសំនួរឲ្យ សួរទៅជំនាញ។

ជុំវិញករណីនេះ អ្នកយកព័ត៌មាន លោកសុខ កុសល ដែលរងការប្ដឹងពីនគរបាល លោកស្វាយ ភិរម្យ មិនអាចទាក់ទង រកការបំភ្លឺបាននៅឡើយទេ។ ក៏ប៉ុន្តែចាងហ្វាងគេហទំព័រ tnn-news.com លោកតូ សុផល បានប្រាប់ អង្គភាព សៀមរាបប៉ុស្ដិ៍ ថាលោកទើបបានដឹងមុននេះបន្តិច ពីព័ត៌មាន ថា នគរបាល នៅខេត្តបាត់ដំបង ប្ដឹង។ សុផល ថាការប្ដឹងនោះ គឺប្ដឹងកូនចៅ មិនទាន់ដឹងថាយ៉ាងណានៅឡើយទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,352 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,129 នាក់