ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន អះអាងថា បានប្រើដៃម្ខាង ដោះស្រាយ បញ្ចប់សង្គ្រាមស៊ីវិល និងដៃម្ខាងទៀត ខិតខំកសាងអភិវឌ្ឍន៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 04:50 ល្ងាច អ្នកអាន 355

មានប្រសាសន៍ថ្លែងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកមិញ នាពេលអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១៥,៦០៦ នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ ដែលមកពីខេត្ត កំពង់ស្ពឺ និងខេត្តកណ្តាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថានៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ កម្ពុជានឹងរៀបចំសម្ពោធវិមានឈ្នះឈ្នះ ដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មាននោះទេ។ វិមានឈ្នះឈ្នះ នេះ គឺជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម ស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ដែលពេលនោះរាជរដ្ឋាភិបាលបានប្រើដៃម្ខាងដោះស្រាយបញ្ចប់សង្គ្រាមស៊ីវិល និងដៃម្ខាងទៀតខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនដែលពេលនេះយើងទទួលបានសុខសន្តិភាពរយៈពេល២០ឆ្នាំមកហើយ។

សម្តេចតេជោបានបញ្ជាក់ផងដែរថា នៅក្នុងឱកាសសម្ពោធវិមានឈ្នះឈ្នះ សម្តេចនឹងអញ្ជើញចូលរួម៣ថ្ងៃនៅទីនោះ រួមនឹងឱកាសឆ្លងឆ្នាំសកលផងដែរ។ សម្តេចតេជោ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីចូលរួមទាំងអស់គ្នានៅទីនោះ ដែលមានកម្មវិធីសប្បាយៗជាច្រើន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រោយពីកម្ពុជាបានងើបពីសង្គ្រាមមក សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រ២សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលទី១គឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយក្លាយទៅជាតំបន់ទីផ្សារ, តំបន់ដែលមានការអភិវឌ្ឍ, តំបន់ដែលប្រជាពលរដ្ឋអាចដាំដុះបង្ករបង្កើនផល និងទី២គឺប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយក្លាយទៅជាតំបន់ដែលមានសន្តិភាព និង មានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជិតខាង។

រោងចក្រ សហគ្រាសទាំង២២នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៤, កូរ៉េចំនួន១ និងខ្មែរចំនួន៧ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន៤, ផលិតកេសកាតុងចំនួន២, ផលិតផ្លែសន្ទូចចំនួន១, ផលិតអំពូលភ្លើងចំនួន១, ផលិតនំចំនួន១, ផលិតដបទឹកសុទ្ធចំនួន១ និងរោងចក្រកិនស្រូវចំនួន៣ ហើយផលិតដែលផលិតបានត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងផ្គត់ផ្គង់ក្នុងស្រុក។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានឧបត្ថម្ភដោយផ្ទាល់ដៃនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៧១៧) នាក់ដើម្បីត្រៀមបម្រុងមុនពេលសម្រាលកូននៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,932 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,753 នាក់