ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ៖ មេដឹកនាំខ្មែរក្រហម សំខាន់ៗទាំងអស់ បានចុះចូល ជាមួយ ក្រោមនយោបាយឈ្នះឈ្នះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 12:39 ល្ងាច អ្នកអាន 716

នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន បានថ្លែងថា អំណរគុណចំពោះ គណបក្សហ្វុនស៊ីនប៉ិច និងអរគុណដល់បងប្អូនអតីតកងកម្លាំងខ្មែរក្រហមដែលបានផ្តល់ឱកាស និងរួមគ្នាចុះចូលសមាហរណកម្មជាមួយរាជរដ្ឋាភិបាល ដែលចុងក្រោយគឺមេដឹកនាំខ្មែរក្រហមដែលជាក្បាលម៉ាស៊ីនសំខាន់ៗទាំងអស់បានសម្រេចមកចុះចូលដល់ផ្ទះរបស់សម្តេចតេជោដោយផ្ទាល់តែម្តងដែលធ្វើអោយកម្ពុជាទាំងមូលទទួលបានជោគជ័យក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បន្តថា ពិតណាស់ប្រទេសកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ក៏ប៉ុន្តែពេលនោះ កម្ពុជាមិនទាន់ទទួលបាននូវសុខសន្តិភាពពេញលេញនៅឡើយទេ គឺយើងនៅមានពួកខ្មែរក្រហម មានតំបន់ត្រួតត្រាច្រើន និងពោរពេញដោយគ្រោះថ្នាក់ជាច្រើនកន្លែងដូចជា តំបន់ប៉ៃលិន សំឡូត ម៉ាឡៃ អន្លង់វែង ឱរ៉ាល់ តាកែនកោះស្លា និងភ្នំវល៌្លជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីហេតុផល សំខាន់ចំនួន៣ ដែលបានដាក់ចេញក្នុងពេលធ្វើសមាហរណកម្មខ្មែរក្រហមជាមួយរាជរដ្ឋាភិបាល គឺៈ ១)ធានាចំពោះអាយុជីវិត និងរូបកាយ។ ២)ធានាចំពោះអាជីព និងមុខរបរ និង ៣) ធានាចំពោះកម្មសិទ្ធិ រួមទាំងចលនាទព្យ និងអចលនទ្រព្យ។ ដោយសារជំនឿទុកចិត្ត និងការធានាចំពោះ៣ចំនុចខាងលើនេះហើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមដោយជោគជ័យ និងមានសុខសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីផលប្រយោជន៍ដែលទទួលបានពីនៃនយោបាយ ឈ្នះ ឈ្នះ ដែលយើងទទួលបានដូចជា៖
១)បានបញ្ចាប់សង្គ្រាមប្រដាប់អាវុធទាំងស្រុងលែងមានតទៅទៀតហើយនៅក្នុងប្រទេសកម្ពុជា។
២)ដំណើរការនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅតំបន់គ្រប់គ្រងដោយអតីតខ្មែរក្រហមចាប់ពីដើមឆ្នាំ ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ គឺមិនមានការប្រើប្រាស់អាវុធ ហើយក៏មិនមានមនុស្សស្លាប់ដោយគ្រាប់កាំភ្លើងដែរ។
៣)ជាប្រវត្តិសាស្ត្រនៃការឯកភាពទឹកដី បញ្ចប់នូវតំបន់ត្រួតត្រាច្រើនមកជាតំបន់ត្រួតត្រាតែមួយ មានព្រះមហាក្សត្រតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិបាលតែមួយ និងមានកងកម្លាំងតែមួយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ។
៤) ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់សមរភូមិប្រយុទ្ធ និងទីកន្លែងសមរភូមិក្តៅ លែងមានការព្រួយបារម្ភរឿងសង្គ្រាម និងលែងព្រួយបារម្ភរស់នៅព្រាត់ប្រាស់គ្នារវាងប្តី ប្រពន្ធ និងកូនទៀតហើយ។
៥)កម្ពុជា គឺជាប្រទេសដែលទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលបានឈានពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាប និងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងឆ្ពោះទៅកាន់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្រោយពីបញ្ចប់សង្រ្គាម គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ ២ សំខាន់ ក្នុងការអភិវឌ្ឍប្រទេសគឺ ១)ប្រែក្លាយតំបន់សមរភូមិតក្តៅ ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ទីផ្សារ និង ២) ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ដែលមានសន្តិភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។
៦) ដោយសារការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន គឺប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តាមរយៈកិច្ចប្រជុំអន្តរជាតិសំខាន់ៗជាច្រើនដូចជា EMEC, CLMV និង CLV ជាដើម។ ទន្ទឹមនឹងនេះ កម្ពុជាក៏ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើនទៀត។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពជាមួយអង្គការសហប្រជាតិផងដែរ។
៧)ក្រោយពេលបញ្ចប់សង្គ្រាមភ្លាម គឺមានពាណិជ្ជករ និងអ្នកវិនិយោគគិនជាច្រើនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ជាពិសេសចំនួនភ្ញៀវទេសចរគឺកើនឡើងជារៀងរាល់ឆ្នាំ។

ថ្លែងយ៉ាងដូច្នេះនេះនៅពេល នាយករដ្ឋមន្ត្រីនិង ភរិយា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨ព្រឹកមិញនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,034 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,855 នាក់