ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រមុខរដ្ឋាភិបាល៖ កម្ពុជា មានទីលាន វាយកូនគោល ចំនួន១០ទីតាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 11:00 ព្រឹក អ្នកអាន 822

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថាបច្ចុប្បន្ននេះ កម្ពុជាមានទីលានវាយកូនគោលចំនួន១០ទីតាំង ដូចជានៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង និង ខេត្តសៀមរាប។

ការបញ្ជាក់នេះនាពេលអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ពានរង្វាន់កីឡាវាយកូនគោល និងអញ្ជើញជប់លៀងអបអរសាទរ ពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ»ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី ម្សិលមិញ។

នៅក្នុងឱកាសនេះ គឺមានកីឡាករជាតិ និងអន្តរជាតិចូលរួមប្រកួតសរុបចំនួន ១៩៩នាក់ ក្នុងនោះមានកីឡាករបរទេសចំនួន ៦៧នាក់ ដែល ១១ នាក់ជា ឯកអគ្គរាជទូត រដ្ឋទូត ប្រចាំនៅកម្ពុជាដែលមកពី ១០ ប្រទេសដូចជា អាល្លឺម៉ង់, ប៉ាគីស្ថាន, ឡាវ, ប្រ៊ុយណេ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ, វៀតណាម, ចិន និងកូរ៉េ និង ៥៦នាក់ផ្សេងទៀត ជាធុរកិច្ចជនមកពីប្រទេស សិង្ហបុរី, អាល្លឺម៉ង់, ប៉ាគីស្ថាន, ឡាវ, ប្រ៊ុយណេ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ វៀតណាម, ចិន និងកូរ៉េ។ ដោយឡែកការប្រកួតជាក្រុមមានចំនួន ៦៩នាក់ និងឯកត្តជនចំនួន ១៣០ នាក់ ក្នុងនោះកីឡាការិនីចំនួន ២០នាក់ ។

ក្រោយពីការប្រកួតពេញមួយថ្ងៃនេះ ជាលទ្ធផល ជ័យលាភីលេខ១បានទៅលើ ក្រុមកីឡាវាយកូនគោលរបស់ សម្តេចពិជ័យសេនា ទៀ បាញ់។ លេខ២ បានទៅលើ ក្រុមកីឡាវាយកូនគោល របស់ ឯ.ឧ ចមប្រសិទ្ធ និង លេខ៣ បានទៅលើក្រុមកីឡាវាយកូនគោល របស់ ឯ.ឧ នាង ផាត។ ចំពោះលទ្ធផល ជ័យលាភីដែលទទួលបានពានរង្វាន់ក្នុងការប្រកួតជា ឯកត្តជនវិញ គឺកីឡាករ កីឡាការិនីដែលទទួលពានរង្វាន់មានចំនួន ១៨ នាក់។

ការរៀបចំឲ្យមានការប្រកួតកីឡាវាយកូនគោលពេញមួយថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីអបអរសាទរនៃការសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 59,596 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,573,896 នាក់