ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខៀវ កាញារីទ្ធ៖ ក្រសួងព័ត៌មាន គ្រោងបង្កើតទូរទស្សន៍ បន្ថែមទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:15 ព្រឹក អ្នកអាន 282

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញគម្រោងបង្កើតទូរទស្សន៍៣ ឬ៤ប៉ុស្ដិ៍បន្ថែម ដើម្បីប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ក្នុងបំណងផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយ បន្ថែមពីលើការផ្សាយតាមគេហទំព័រ និងការផ្សាយជាសម្លេង។

ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងវិទ្យុជាតិកម្ពុជា នាថ្ងៃទី២ ខែមករាឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មាន ម្សិលមិញ។

លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ទូរទស្សន៍ដែលគ្រោងនឹងបង្កើតបន្ថែមនោះ គឺសម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងវិទ្យុជាតិកម្ពុជា ខណៈបច្ចុប្បន្នស្ថាប័នទាំងពីរមានតែការផ្សព្វផ្សាយតាមគេហទំព័រ និងរលកធាតុអាកាស ជាសម្លេងតែប៉ុណ្ណោះ។

លោករដ្ឋមន្រ្ដីបានបន្ថែមថា សម្រាប់ការងារជាអាទិភាពបច្ចុប្បន្ន ស្ថាប័នជាតិទាំងពីរត្រូវបណ្តុះបណ្តាលមន្ត្រីឱ្យមានសមត្ថភាពខាងជំនាញគ្រប់គ្រងបច្ចេកទេស អ្នកសរសេរវិចារណកថា បទអត្ថាធិប្បាយ និងអ្នកវិភាគព័ត៌មានស៊ីជម្រៅជាមុនសិន ដើម្បីធ្វើឱ្យទស្សនិកជន និងប្រិយមិត្តងាកមកគាំទ្រស្តាប់ និងទស្សនាបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ជាតិឱ្យកាន់តែច្រើន និងមានការប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏មានគម្រោងបង្កើតកន្លែងផ្ទុកទិន្នន័យសំខាន់សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកឯកសារទាំងចាស់ ទាំងថ្មីដែលបន្សល់ទុកជាយូរមកហើយ។

បើតាមរដ្ឋមន្ត្នបច្ចុប្បន្ននេះ មានកាសែតដែលផ្សាយជាប្រចាំចំនួន ៥១២អង្គភាព ព័ត៌មានព្រឹតិ្ដបត្រផ្សាយតាមអនឡាញចំនួន ៧២អង្គភាព ស្ថានីយទូរទស្សន៍ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាបទាំងផ្សាយផ្ទាល់ និងទាំងផ្សាយបន្តផ្ទាល់មានចំនួនជាង២០០ និងស្ថានីយផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន៥។

ជាមួយការរីកចម្រើនលើប្រព័ន្ធផ្សព្វផ្សាយ លោករដ្ឋមន្រ្ដីក៏បានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានកម្ពុជាក៏មានការអភិវឌ្ឍខ្លួនផ្នែកសមត្ថភាព វិជ្ជាជីវៈ និងមានអ្នកសារព័ត៌មានមួយចំនួនអាចប្រឡូកអាជីពសារព័ត៌មានជាមួយអង្គភាពសារព័ត៌មានបរទេសតាមរយៈការសរសេរ និងធ្វើបទវិភាគឱ្យសារព័ត៌មានល្បីៗរបស់ពិភពលោកផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,247 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,068 នាក់