ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច សខេង អះអាងថា មិនទាន់មាន អតីតបក្សប្រឆាំង ស្នើសុំផ្តល់សិទ្ធិ នយោបាយ នៅឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មករា ឆ្នាំ​ 2019 ម៉ោង 01:55 ល្ងាច អ្នកអាន 626

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានថ្លែងអះអាងថា រហូតមកដល់ពេលនេះ មិនទាន់ឃើញមានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាម ស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីមានសិទ្ធិធ្វើនយោបាយ ឡើងវិញ នៅឡើយនោះទេ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃទី៣ ខែមករាម្សិលមិញ នៅវិមានរដ្ឋសភា សម្ដេច ស ខេង បានបញ្ជាក់ថា ការមិនទាន់ស្នើសុំនេះ ដោយសារតែមន្ត្រីទាំងនោះគិតថាច្បាប់សេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទូន)នៃច្បាប់ស្តីពីគណបក្សនយោបាយមិនទាន់ត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខានោះទេ។ នៅពេលច្បាប់នេះចូលជាធរមានទើប យើងដឹង ។ សម្តេចបានបន្ថែមថា” បញ្ហានេះខ្ញុំមិនអាចនិយាយបានទេ វាមានករណីប៉ុន្តែយើង មិនអាចវាយតម្លៃស្មានៗបានទេ ទាល់តែមានឯកសារត្រឹមត្រូវ”។

ការលើកឡើងនេះ ស្របពេលដែលសេចក្តីស្នើវិសោធនកម្មមាត្រា៤៥ ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសទទួលស្គាល់ថាជាសេចក្តីស្នើច្បាប់ស្រប តាម ធម្មនុញ្ញភាពកាលពីថ្មីៗកន្លងមកនេះ គឺនៅតែរង់ចាំ ព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះទេ។

ទាក់ទងនឹងករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិថា តើអាចនឹងត្រូវបានផ្តល់សិទ្ធិសេរីភាពនយោបាយវិញ ឬយ៉ាងណានោះ សម្តេច បានលើកឡើងថា ករណីលោក កឹម សុខា ត្រូវបានសិក្សាពីបញ្ហាខាងដើមឡើងវិញ អំពីមូលហេតុរបស់គាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយករណីលោក កឹម សុខា កំពុងតែស្ថិតក្នុងនីតិវិធីរបស់តុលាការ ដូច្នេះមិនអាចនិយាយបានថាត្រូវផ្តល់សិទ្ធិ ឬមិនផ្តល់សិទ្ធិនោះទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,047 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,844 នាក់