ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្សារដើមក្រឡាញ់ នៅក្រុងសៀមរាប នឹងក្លាយជាផ្សារគំរូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មករា ឆ្នាំ​ 2019 ម៉ោង 08:08 ល្ងាច អ្នកអាន 6924

ប្រជាពលរដ្ឋនៅខេត្តសៀមរាបរំពឹងថា ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ នឹងក្លាយជាផ្សារគំរូ មួយ ខណៈផ្សារនេះសាងសង់ឡើងតាមបែបលក្ខណៈស្តង់ដា មានចំណតរថយន្តនិងម៉ូតូធំទូលាយបង្កការងារស្រួលដល់ប្រជាពលរដ្ឋដែលទៅទិញម្ហូប និងសម្ភារៈប្រើប្រាស់នៅក្នុងផ្សារ ជាពិសេសផ្លូវចាត់បេតុងជុំវិញផ្សារដែលជាកត្តាមួយដ៍សំខាន់ក្នុងការបង្កាពីគ្រោះអគ្គីភ័យ។

ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ដែលកន្លងមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្សារនេះ តែងតែត្អួញត្អែពីការកកស្ទះចរាចរណ៍ និងមានភាពរញេរញ៉ៃនោះ ឥឡូវនេះបានប្រែក្លាយទៅជាផ្សារមួយដែលមានសណ្ឋាប់ធ្នាប់ល្អ គ្មានការកកស្ទះ និងមានសោភ័ណ្ឌភាពស្អាត ដែលអាចឈានទៅជាផ្សារគំរូនៅក្នុងខេត្តសៀមរាប បន្ទាប់ពីអាជ្ញាធរក្រុងសៀមរាប និងគណៈកម្មការផ្សារបានរៀបចំសណ្ឋាប់ធ្នាប់ ធ្វើការកែលំម្អ និងស្ថាបនាផ្លូវចាត់បេតុងនៅជុំវិញផ្សារមួយនេះ។

ប្រជាពលរដ្ឋ ដែលបានទៅទិញម្ហូបនៅផ្សារដើមក្រឡាញ់នេះ បាននិយាយថា កាលពីមុនផ្សារដើមក្រឡាញ់នេះមានភាពរញ៉េរញ៉ៃ និងមានការកកស្ទះខ្លាំងណាស់អ្នកស្រីមិនចង់មកផ្សារនេះទេ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ ឃើញថា អាជ្ញាធរក្រុងសៀមរាប និងគណៈកម្មការផ្សារបានរៀបចំសណ្ឋាប់ធ្នាប់នៅក្នុងផ្សារ និងនៅជុំវិញផ្សារឱ្យមានរបៀបរៀបរយ និងមានសោភ័ណ្ឌភាពស្អាត។
ពលរដ្ឋរំពឹងថា ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់នេះ និងក្លាយជាផ្សារគំរូ ព្រោះ អគារផ្សារសាងសង់ឡើងមើលទៅធំទូលាយងាយស្រួលសម្រាប់ប្រជាពលរដ្ឋមកទិញម្ហូប និងសម្ភារៈប្រើប្រាស់ផ្សេងៗ។

អភិបាលរងក្រុងសៀមរាប លោក ពៅ សារ៉ាវុធ ធ្លាប់បានឱ្យដឹងថា ការងាររៀបចំសណ្ឋាប់ធ្នាប់នេះអាជ្ញាធរក្រុង និងធ្វើជាប្រចាំ ហើយលោកស្នើឱ្យប្រជាពលរដ្ឋ ចូលរួមសហការ ដើម្បីធ្វើឱ្យផ្សារមានសណ្ឋាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីសោភ័ណភាពស្អាត និងក្លាយជាផ្សារគំរូនៅខេត្តសៀមរាប។

ប្រធានគណកម្មការគ្រប់គ្រង ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ លោក សុខ តុញ បានឲ្យដឹងថា បើតាមគម្រោងប្លង់សាងសង់ផ្សារនេះ គឺសង់ឡើងពីរជាន់ ហើយនៅជាន់ខាងលើអ្នកទិញអាចជិះម៉ូតូលឡើងទៅលើបាន ដោយមានផ្លូវឡើងចុះងាយស្រួលនិងមានចំណតនៅជាន់ខាងលើធំទូលាយ។

លោកបន្តថា បច្ចុប្បន្ននេះ លោកកំពុងតែស្ថាបនាផ្លូវនៅជុំវិញផ្សារដោយចាក់ក្រាលបេតុងទទឹង៦ម៉ែត្រ ដែលអាចឲ្យរថយន្តពន្លត់អគ្គីភ័យចូលប្រតិបត្តិការបាន ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ។ហើយផ្លូវជុំវិញផ្សារនេះមានប្រវែង២៨០ម៉ែត្រ ពេលនេះស្ថាបនាជាផ្លូវបេតុងបាន៥០%ហើយ។

លោកបានបញ្ជាក់ថា តាមផែនការរបស់គណៈកម្មការផ្សារ និងអាជ្ញាធរក្រុង គឺធ្វើឱ្យផ្សារមួយនេះក្លាយជាផ្សារគំរូមួយសម្រាប់ខេត្តសៀមរាប ដោយផ្តើមចេញពីផ្សារធំទូលាយ មានសណ្ឋាប់ធ្នាប់ល្អ បរិស្ថានល្អ អនាម័យល្អ សន្តិសុខល្អ សេវាកម្មល្អ និងតម្លៃសមរម្យ។ ហើយបច្ចុប្បន្ននេះ គណៈកម្មការផ្សារ និងអាជ្ញាធរក្រុងសៀមរាបកំពុងតែខិតខំធ្វើ និងដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ឱ្យបានលឿន ដើម្បីឱ្យអាជីវកទាំងជាន់ក្រោម និងលើ លក់ដាច់ដូចគ្នា ហើយប្រជាពលរដ្ឋមានការពេញចិត្ត និងមកផ្សារនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,912 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,709 នាក់