ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃនេះខួប៤៣ឆ្នាំ នៃថ្ងៃរៀបការ! សម្ដេច ហ៊ុន សែន រម្លឹកប្រវត្តិ ជួបភរិយា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:28 ព្រឹក អ្នកអាន 1604

នៅថ្ងៃទី៥មករាឆ្នាំ២០១៩នេះ ជាថ្ងៃខួបនៃរៀបអាពាហ៏ពិពាហ៏ រងវាងសម្ដេចហ៊ុន សែន និងសម្ដេចប៊ុន រ៉ានី ហ៊ុន សែន។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹក ពីប្រវត្តិដែលបានស្គាល់ ភរិយា នៅថ្ងៃដំបូង នឹងឈានដល់ថ្ងៃរៀបការ។ សំណេរសម្ដេចហ៊ុន សែន ដែលបានផ្សព្វផ្សាយ នៅលើទំព័រហហ្វេសប៊ុក នៅព្រឹកនេះ បានធ្វើឲ្យអ្នកអានអួលដើមករ ស្ទើស្រក់ទឹកភ្នែក។
នាយករដ្ឋមន្ត្រី សម្ដេចហ៊ុន សែន ដែលបានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេស មានសន្តិភាព អភិវឌ្ឍ បានសរសេរ យ៉ាងដូច្នេះថា៖
គូព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ
ខ្ញុំសូមផូសឡើងវិញនូវអត្ថបទ “គូព្រេងមិនព្រាត់ “ ដែលជារឿងពិតរបស់ខ្ញុំនិងភរិយា នៅក្នុងថ្ងៃខួប លើកទី ៤៣ (៥កមរា ១៩៧៦-៥ មករា ២០១៩)។ នេះគឺជារឿងពិតរបស់ខ្ញុំនិងភរិយា ក៏ដូចជារឿងពិតរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះរាប់លាននាក់ដែលធ្លាប់បានឆ្លងកាត់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ ១៩៧៥ ១៩៧៩។
ខ្ញុំនិងភរិយាសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។
ថ្ងៃទី៥ ខែ មករា ឆ្នាំ ២០១៩ ជាខួប ៤៣ ឆ្នាំ នៃអាពាហ៏ពិពាហ៏របស់ខ្ញុំ និងភរិយា (៥មករា១៩៧៦-៥មករា២០១៩)។ បើនិយាយពីជីវិតប្តីប្រពន្ទវាជារឿងធម្មតាខ្លាំងណាស់សំរាប់ជីវិតមនុស្សទូទៅ តែសំរាប់ខ្ញុំនិងភរិយាវាជារឿងមិនធម្មតា ពេលខ្លះខ្ញុំគិតថាចម្លែករហូតចាត់ទុកថាទេវតាផ្សំផ្គុំ ឬគូព្រេងទៀតផង។ ខ្ញុំគួរចាប់ផ្តើមពីចំណុចថា តើខ្ញុំនិងភរិយាស្គាល់គ្នានិងជួបគ្នាដោយរបៀបណា? គ្រូទោះទាយតែងតែទោះទាយឱ្យខ្ញុំថា គូរព្រេងរបស់ខ្ញុំនៅក្រោមខ្សែទឹកហូរ ជារបៀបនិយាយនៃអ្នកដែលរស់នៅតាមដងទន្លេមេគង្គមានន័យថា ភរិយាខ្ញុំនឹងមានទីលំនៅ នៅក្រោមចរន្តទឹកហូរ តែផ្ទុយទៅវិញភរិយាខ្ញុំបែរជាមានទីលំនៅលើចរន្តទឹកហូរទៅវិញ។ ប្រៀបធៀបភូមិសាស្រ្តនៃ ភូមិ ពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលជាភូមិកំណើតរបស់ខ្ញុំ និង ភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ដែលជាភូមិកំណើតរបស់ភរិយាខ្ញុំនៅម្ខាងទន្លេម្នាក់ឃើញថា ភូមិខ្ញុំនៅក្រោមខ្សែទឹកនៃភូមិភរិយាខ្ញុំ៣ទៅ៥គីឡូម៉ែត្រឯណោះ។
ពេលនេះខ្ញុំនិយាយដល់រឿងរ៉ាវដែលបានកើតក្នុងទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ នៅប្រមាណដើមឆ្នាំ១៩៧៣អង្គភាពរបស់ខ្ញុំត្រូវបានបញ្ជូនចេញពីស្រុកមេមត់ទៅកាន់ស្រុកត្បូងឃ្មុំតាមដងទន្លេមេគង្គ មានឃុំជីរោ ឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំ ថ្មពេជ្រ ឃុំស្រែសៀម។ល។ បន្ទាប់ពីបានប្រយុទ្ឋនៅលើសមរភូមិជាច្រើនតាមផ្លូវជាតិលេខ៧ ក្នុងចន្លោះស្រុកស្នួលខេត្តក្រចេះមកស្រុកមេមត់និងស្រុកពញ្ញាក្រែកខេត្តកំពង់ចាម ដែលពួកខ្ញុំប្រយុទ្ឋភាគច្រើនជាមួយកងទ័ពឈ្លានពានវៀតណាមខាងត្បូងនិងកងពេលខ្លះជាមួយកងទ័ពអាមេរិក និង វៀតណាមខាងត្បូង សំខាន់ក្នុងឆ្នាំ១៩៧០ ដល់ចុងឆ្នាំ១៩៧១។ ពេលនោះខ្ញុំទើបអាយុបាន២១ឆ្នាំ។ ឯភរិយាខ្ញុំទើបមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំនិងភរិយារបស់ខ្ញុំមិនដែលស្គាល់គ្នាទាល់តែសោះ កុំថាឡើយមុខមាត់សូម្បីតែឈ្មោះក៏មិនដែលស្គាល់ឬឮផង។ ល្ងាចថ្ងៃមួយនៅពេលដែលខ្ញុំកំពុងដាំបាយដែលជាវេនដាំស្លរបស់ខ្ញុំ ស្រាប់តែយុទ្ឋជនរបស់ខ្ញុំម្នាក់ដែលទើបនឹងចេញពីព្យាបាលជម្ងឺនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាមកប្រាប់ខ្ញុំថា សោផ្តាំសួរសុខទុក្ខ។ អ្នកតាមដងទន្លេពាក្យ (សោគឺជាបងថ្លៃស្រី) ខ្ញុំមិនតបតឬសួរនាំអ្វីទាំងអស់ និងឱ្យយុទ្ឋជនរូបនេះជួយចិត្តផ្លែចេកព្រោះត្រូវធ្វើសម្លរប្រហើរផ្លែចេក។ ស្អែកឡើងមានយុទ្ឋជនផ្សេងដែលទើបចេញពីមន្ទីរពេទ្យស្រុកក្រូចឆ្មានិយាយរឿងនេះដូចគ្នា និងជាបន្តបន្ទាប់មានយុទ្ឋជន កម្មាភិបាលកាន់តែច្រើន និយាយពាក្យសោផ្ដាំសួរសុខទុក្ខ។ ចំណែកខាងភរិយាខ្ញុំក៏បានទទួលពាក្យពីយុទ្ឋជនរបស់ខ្ញុំវិញថា មេបញ្ជាការរបស់ខ្ញុំផ្ដាំសួរសុខទុក្ខ អ្នកគ្រូពេទ្យរហូតយុទ្ឋជនខ្លៈហ៊ានប្រើពាក្យសោឬបងថ្លៃ ដែលពាក្យនេះបានធ្វើឱ្យ អ្នកគ្រូពេទ្យក្រមុំខឹងនិងខ្ញុំយ៉ាងខ្លាំង។នេះជាល្បែងផ្សំផ្គុំដ៏មានគ្រោះថ្នាក់សំរាប់វិន័យកងទ័ពនាពេលនោះ ប្រសិនបើយើងមិនមានការយោគយល់ពីមេបញ្ជាការរបស់យើងទេនោះ។ ជាកុសលល្អ ខ្ញុំតែងមានមេបញ្ជាការប្រកបដោយមេត្តាធម៌ ក្នុងនោះមានម្នាក់ឈ្មោះសុក សារឿន បច្ចុប្បន្នជាឧត្តមសេនីយទោ និងជាមេបញ្ជាការរងយោធភូមិភាគទី៤ គាត់ជាមនុស្សសំខាន់ម្នាក់ដែលដឹងរឿងរ៉ាវក្នុងទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ ឯខ្ញុំក៏ដឹងរឿងរ៉ាវគាត់ច្រើនដែរ ក្នុងរឿងគាត់ជាកម្លោះចាស់ចង់បានប្រពន្ឋក្មេង។
ថ្ងៃទី២៣ ខែ មិនា ឆ្នាំ ១៩៧៣ មានការប្រយុទ្ឋទ្រង់ទ្រាយធំមួយដើម្បីអបអរសាទរខួបលើកទី៣ នៃថ្ងៃបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា ដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ។ ពួកយើងបានវាយបន្ទាយទន្លេបិទដែលអង្គភាពរបស់ខ្ញុំក្រោមបញ្ជាររបស់បងប្រុស សុក សារឿន ត្រូវវាយពីទិសខាងជើង ដែលពេលនេះគឺជាតំបន់គល់ស្ពានគីស្យូណា។ យើងចាញ់ធ្ងន់ធ្ងររហូតបាក់ទ័ព។ យុទ្ឋជនមួយចំនួនពលីជីវិតមួយចំនួនទៀតត្រូវរបួសដែលបងប្អូនទាំងនោះត្រូវបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកក្រូចឆ្មា ដែលជាមន្ទីរពេទ្យកំពុងមានបញ្ហាជាមួយខ្ញុំ។សូមបញ្ជាក់ថា ការប្រយុទ្ឋយប់ថ្ងៃទី២៣ ខែ មិនា ឆ្នាំ ១៩៧៣ គឺជាលើកដំបូងហើយ ដែលខ្ញុំវាយជាមួយកងទ័ពខ្មែរគ្នាឯងតាមនយោបាយខ្មែរូបនីយកម្មសង្គ្រាមនៅកម្ពុជា បន្ទាប់ពីអាមេរិកនិងវៀតណាមខាងត្បូងដកកងទ័ពថ្មើរជើងចេញពីកម្ពុជា តែនៅបន្តវាយកម្ពុជាតាមកងទ័ពជើងអាកាស។ ការប្រយុទ្ឋរាប់សិបលើកមុនៗគឺវាយជាមួយកងទ័ពឈ្លានពានអាមេរិក ពិសេសគឺកងទ័ពវៀតណាមខាងត្បូងដែលបោះទ័ពតាមផ្លូវជាតិលេខ៧ ម្ដុំ ស្អំ អំពុកក្រែក។ល។ នៅពេលកម្មាភិបាលយុទ្ឋជនមួយចំនួនកំពុងសម្រាកព្យាបាលរបួស និងជម្ងឺនៅក្នុងមន្ទីរពេទ្យស្រុកក្រូចឆ្មា ក្នុងឋានៈជាមេបញ្ជាការរបស់ពួកគេ ខ្ញុំត្រូវទៅសួរសុខទុក្ខពួកគេ។ ពេលចូលដល់មន្ទីរពេទ្យដែលនៅជាប់និងមាត់ទន្លេមេគង្គ ខ្ញុំដើរសួរសុខទុក្ខយុទ្ឋមិត្តដែលសម្រាកនៅមន្ទីរពេទ្យទាំងអស់ ដោយមាននំអន្សមចេកចែកជូន២ម្នាក់ស្មើៗគ្នាដោយគ្មានការរើសអើងអង្គភាព។ ចុងក្រោយទើបខ្ញុំទៅសួរសុខទុក្ខសំឡាញ់ខ្ញុំម្នាក់ដែលរបួសជើងទាំងសងខាង ដែលខ្ញុំបានអូសផងលីផងយកចេញពីសមរភូមិនាព្រឹកថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩៧៣។ សំឡាញ់ម្នាក់នេះកំសត់កម្រជាមួយគ្នាតាំងពីសមរភូមិទី១ វាយទ័ពអាមេរិក និងវៀតណាមខាងត្បូងនៅស្រុកស្នួលខេត្តក្រចេះ ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០ ដែលជាថ្ងៃដំបូងនៃការចូលមកកាន់កាប់ផ្លូវជាតិលេខ៧ ពីសំណាក់កងទ័ពឈ្លានពាន។ គាត់គឺជាមនុស្សកំប្លែងស្ងួត សំឡាញ់ខ្ញុំមិនត្អូញត្អែរជាមួយមុខរបួសគាត់ទេ គាត់បែរជានិយាយមកកាន់ខ្ញុំថា បូណាល់ (ហ៊ុន បូណាល់ ជាឈ្មោះដើមរបស់ខ្ញុំ និងហៅក្រៅថា “សែន” ពេលនោះខ្លះហៅ “សែន” ខ្លះហៅ “បូណាល់”) គ្រូពេទ្យ ”រានី” ពិតជាស្អាត។ បើឯងមិនត្រូវការទេទុកឱ្យអញដណ្តឹងយកតែប្រហែលជាទៅមិនរួចទេបើអញខ្មៅយ៉ាងនេះដូចក្អែកពាំពងមាន់ ហើយព្រោះរ៉ានីសស្អាតណាស់។ ពេលឮឈ្មោះ ”រានី” ខ្ញុំក៏សួរថា “រ៉ានីហ្នឹងជាអ្នកណាគេ? សំឡាញ់ខ្ញុំឆ្លើយភ្លាមថា ក្រែងនារីដែលឯងស្រឡាញ់នោះអី បន្តិចទៀតគាត់មកលាងរបួសឱ្យអញហើយ ចាំជួបគ្នានៅហ្នឹងហើយ។ ខ្ញុំជេរសំឡាញ់ខ្ញុំថាអាឆ្កួត។ ដោយប្រញ៉ាប់ឆ្លងទន្លេពីឃុំក្រូចឆ្មា ដែលជាទីតាំងមន្ទីរពេទ្យទៅឃុំពាមកោះស្នាដើម្បីសួរសុខទុក្ខឳពុក ម្តាយ ក្រុមគ្រួសារដែលបែកគ្នាជាង៣ឆ្នាំមកហើយនោះ ខ្ញុំក៏ប្រញ៉ាប់ចាកចេញពីមន្ទីរពេទ្យដោយមិនទាន់ស្គាល់មុខរ៉ានីយ៉ាងណាផង ហើយក៏មិនចង់ស្គាល់ដែរ ព្រោះខ្លាចមានរឿង។ នេះលើកទីមួយហើយដែលខ្ញុំស្គាល់ឈ្មោះនារីម្នាក់ ដែលក្រោយមកបានក្លាយជាភរិយាខ្ញុំរយះពេល៤០កន្លងមកនេះ។ហេតុតែនិស្ស័យ ខំប្រឹងគេចវេស ទោះខ្ញុំត្រូវរបួសភ្លៅដោយអំបែងគ្រាប់ផ្លោងក្នុងអំឡុងខែវិច្ចិកា ឆ្នាំ១៩៧៣ ក៏ខ្ញុំមិនមកព្យាបាលនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាដែរ ខ្លាចជួបមុខរ៉ានីនេះ។ តែពាក្យចចាមអារ៉ាមកាន់តែធំទៅៗ ធ្វើឱយខ្ញុំរងក្តីអាម៉ាស់ប្រឈមនិងបញ្ហាវិន័យកាន់តែខ្លាំង។ ចំណែកខាងរ៉ានីវិញកាន់តែធ្ងន់ធ្ងរជាងខ្ញុំទៅទៀត ព្រោះនាងជាមនុស្សស្រី បើមិនរងខាងវិន័យទេក៏មានផលប៉ះពាល់ខាងសីលធម៌ដែរ។ មនុស្សប្រុស ស្រី២នាក់ហើយសុទ្ឋតែក្រមុំកម្លោះដូចគ្នាមិនដែលស្គាល់គ្នាតែមានការគិតដូចគ្នា គឺខ្ញុំបានស្នើរសុំមេបញ្ជាការរបស់ខ្ញុំបង សុខ សារឿនដើម្បីទៅជួបដោះស្រាយផ្ទាល់នៅស្រុកក្រូចឆ្មា។ ប្រហែល២ថ្ងៃក្រោយរ៉ានីបានផ្តាំតាមអ្នកទទួលខុសត្រូវពេទ្យនៅសមរភូមិឱ្យខ្ញុំប្រញ៉ាប់ទៅកាន់ស្រុកក្រូចឆ្មាដើម្បីដោះស្រាយការយល់ច្រឡំនេះ។ខ្ញុំទទួលបានព័ត៌មានពេលព្រឹក ពេលរសៀលខ្ញុំជួបបង សុក សារឿន មេបញ្ជាការរបស់ខ្ញុំទទូចសុំគាត់ឱ្យជូនខ្ញុំទៅស្រុកក្រូចឆ្មានាពេលល្ងាចនោះតែម្ដង។ ដោយយល់ចិត្តនាយទាហ៊ានថ្នាក់ក្រោមដែលជួយការងារគាត់យ៉ាងច្រើនលើការងារ ហើយប្រហែលជាគាត់កំពុងស្វែងយល់ចិត្តនិងសាច់ញាតិនារីម្នាក់ដែលគាត់ស្រឡាញ់ផងដែរនោះ បង សុក សារឿន ក៏សំរេចចិត្តភ្លាមហើយចេញដំណើរភ្លាម ដែលដើមឡើយទាំងគាត់ទាំងខ្ញុំគិតថានឹងត្រឡប់មកវិញទាំងយប់។ពួកយើងចេញដំណើរម៉ោងប្រហែលជិត៣ល្ងាច ពីឃុំបឹងព្រួលស្រុកពាមជីលាំង ទៅឃុំក្រូចឆ្មា ស្រុកក្រូចឆ្មាដោយម៉ូតូហុងដា CL90។ សុំបញ្ជាក់ថា ក្រោយឆ្នាំ១៩៧០ តំបន់រំដោះនាខេត្តកំពង់ចាមត្រើយខាងកើតទន្លេមេគង្គគឺជាផ្នែកមួយនៃភូមិភាគបូព៌ាទិស២០៣ តំបន់ដែលខ្ញុំរស់នៅគឺតំបន់២១ ដែលនៅខាងជើងផ្លូវជាតិលេខ៧។ រីឯខាងត្បូងផ្លូវជាតិលេខ៧ គឺជាតំបន់២០។ ខេត្តកំពង់ចាមត្រើយខាងលិចជាភូមិភាគ៣០៤ ដោយយកទន្លេមេគង្គ ជាព្រំប្រទល់រវាងភូមិភាគទាំងពីរ២០៣ និង ៣០៤។ សំរាប់តំបន់២១ បានបង្កើតស្រុក២បន្ថែម គឺស្រុកទឹកជ្រៅនឹងស្រុកពាមជីលាំង ក្នុងឆ្នាំ១៩៧៣។ ក្រោយមកទៀតបង្កើតស្រុកមួយទៀតមានឈ្មោះថាស្រុកត្រមូង។ ឃុំបឹងព្រួលដែលខ្ញុំចេញដំណើរទៅកាន់ស្រុកក្រូចឆ្មាស្ថិតក្នុងស្រុកពាមជីលាំងដែលត្រូវធ្វើដំណើរប្រមាណ២ម៉ោង ទើបដល់មន្ទីរពេទ្យដែលមានទីតាំងនៅឃុំក្រូចឆ្មាដែលពួកយើងទៅដល់ទីនោះមុនម៉ោង ៥ល្ងាច។
�ភ្នែកខ្ញុំប្រឹងរកមើលតើនារីមួយណាទៅឈ្មោះរ៉ានី ប៉ុន្តែមិនឃើញសោះ ប្រហែលកន្លះម៉ោងក្រោយមកទើបថ្នាក់ដឹកនាំមន្ទីរពេទ្យនិងសង្គមកិច្ចស្រុកបានអញ្ជើញយើងហូបបាយ។ ខ្ញុំអត់ស្គាល់គ្រូពេទ្យជានារីនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាទេ គ្រូពេទ្យលើកបាយសម្លរមក ខ្ញុំលួចមើលមុខនិងខ្សឹបសួរប្រធានមន្ទីរពេទ្យថាតើមួយណាឈ្មោះរ៉ានី ប្រធានមន្ទីរគ្រវីក្បាលថាអត់មាននៅទីនេះទេ។ ក្រោយបាយរួច ខ្ញុំបានសុំមេបញ្ជាការរបស់ខ្ញុំទៅសួរសុខទុក្ខបងជីដូនមួយរបស់ខ្ញុំដែលនៅមិនឆ្ងាយពីមន្ទីរពេទ្យ។
ម៉ោងប្រមាណ ៧ យប់ ខ្ញុំបានវិលត្រឡប់មកវិញ។ ខ្ញុំឡើងទៅលើផ្ទះឃើញនារីម្នាក់កំពុងអង្គុយមុខចង្កៀងប្រេងកាតដែលខ្ញុំមើលទៅសុទ្ឋតែជាវេជ្ជបញ្ជាសំរាប់ព្យាបាលឱ្យអ្នកជម្ងឺ។ ដោយមិនឃើញមេបញ្ជាការរបស់ខ្ញុំ ខ្ញុំក៏សួរទៅកាន់នារីនោះថា បងស្រី តើមេបញ្ជាការរបស់ខ្ញុំគាត់ទៅណាហើយ? ចម្លើយរបស់សុភាពនារីរូបនេះតបមកវិញថា គាត់ទៅមាត់ទន្លេហើយ។ មិនអស់ចិត្តខ្ញុំក៏សួរគាត់មួយសំនួរទៀតថា តើនារីឈ្មោះរ៉ានី ពេលនេះនៅឯណា? ចម្លើយតបដោយសុភាពថា រ៉ានីទៅដងទឹកបាត់ហើយ។ ខ្ញុំក៏ចុះមកក្រោមផ្ទះវិញក្នុងបំណងដើរទៅរកមេបញ្ជាការរបស់ខ្ញុំ។ លុះចុះមកដល់ក្រោម ខ្ញុំបានជួបជាមួយគ្រូពេទ្យម្នាក់ដែលធ្លាប់ស្គាល់គ្នាពេលដែលគាត់ទៅប្រចាំការនៅសមរភូមិ ខ្ញុំក៏សួរគាត់ថា នារីឈ្មោះរ៉ានីពេលនេះនៅឯណា? បងប្រុសគ្រូពេទ្យដែលមានអាយុច្រើនជាងខ្ញុំប្រហែល១០ឆ្នាំឆ្លើយតបថា នារីដែលសែនឯងសួរលើផ្ទះអម្បាញ់មិញនោះហើយជារ៉ានី។ បន្ទាប់ពីដឹងថានារីដែលធ្លាប់មានបញ្ហាជាមួយខ្ញុំជាយូរមកហើយហ៊ានភូតខ្ញុំនៅពេលនេះទៀតធ្វើឱ្យខ្ញុំកាន់តែខឹង។ ពេលនេះរឿងចាស់រឿងថ្មីត្រូវតែទូទាត់បញ្ជីនៅយប់នេះ(តាមពិតខ្ញុំមើលមុខរ៉ានីអត់ច្បាស់ទេ ដោយមើលពីក្រោយព្រោះរ៉ានីកំពុងសរសេរដោយពន្លឺចង្កៀងប្រេងកាត)។ម៉ោង៨យប់ ការប្រជុំដោះស្រាយបានមកដល់។ ភាគីខាងស្រីមានប្រធាននិងអនុប្រធានមន្ទីរពេទ្យស្រុក សាម៉ីខ្លួនខាងស្រីគឺរ៉ានី និងមិត្តស្រីរបស់គាត់ម្នាក់ទៀតដែលជាគ្រូពេទ្យក្រមុំដូចគ្នា។ ខាងភាគីខ្ញុំមានមេបញ្ជាការខ្ញុំនិងរូបខ្ញុំជាសាម៉ីខ្លួន។ មន្ទីរពេទ្យបានក្រាលកន្ទេលក្រហម២ និងចង្កៀងប្រេងកាត២ ដែលយើងអង្គុយទល់មុខគ្នា ខ្ញុំអង្គុយបត់ជើង មេបញ្ជាការខ្ញុំអង្គុយពេនភ្នែន ។ នៅពេលអង្គុយរួចហើយ យុវនារី២នាក់បានមកដល់ ហើយអង្គុយបត់ជើង ពេលនោះខ្ញុំចាំមិនច្បាស់ថា មួយណាជារ៉ានីក្នុងចំណោមយុវនារីទាំង២នាក់នោះ ព្រោះពេលខ្ញុំសួរពីក្បាលព្រលប់ខ្ញុំមិនបានឃើញមុខគេច្បាស់ទេ។បន្តិចក្រោយមកទើបខ្ញុំបានស្គាល់រ៉ានីច្បាស់។ ពេលនោះអារម្មណ៍របស់ខ្ញុំក៏ចាប់ចិត្តស្រឡាញ់គេភ្លាម។ ខ្ញុំមានការសោកស្តាយ ហើយគិតក្នុងចិត្តថាប្រសិនបើដឹងថានាងស្អាតយ៉ាងនេះ មិនចាំបាច់មកដោះស្រាយធ្វើអ្វី សុំស្តីដណ្តឹងយកធ្វើជាប្រពន្ទតែម្តងជាល្អជាង។ ខ្ញុំស្តាយដោយធ្លាប់ជេរស្តីឱ្យយុទ្ឋជនដែលជួយផ្សំផ្គុំខ្ញុំជាមួយរ៉ានី លើស ពីនេះខ្ញុំក៏ធ្លាប់លួចជេររ៉ានីដែរ ពិសេសក្រោយពេលប្រជុំម្តងៗ ដែលថ្នាក់លើនិយាយបញ្ឆិតបញ្ឆៀងរឿងសីលធម៌ ដែលធ្វើឱ្យខ្ញុំឈឺចិត្ត។ឃើញភ្លាមស្រឡាញ់ភ្លាម រឿងនេះមិនធ្លាប់មានសោះក្នុងជីវិតជាកម្លោះរបស់ខ្ញុំ។ តើត្រូវស្រោចស្រង់សភាពការណ៍បែបណា? ផែនការពីក្បាលព្រលប់ចង់ទូទាត់បញ្ជីរទាំងចាស់ទាំងថ្មីត្រូវបានជំនួសដោយពាក្យសុំទោសជំនួសយុទ្ឋជននិងប្អូនស្រីខ្ញុំ២នាក់ ដែលធ្លាប់បានហៅរ៉ានីថាជាបងថ្លៃ ដែលធ្វើឱ្យរ៉ានីខូចឈ្មោះ។ ដោយពុំមានចំណងស្នេហ៌ជាមួយនារីណានៅឡើយ ខ្ញុំគិតក្នុងចិត្តថាត្រូវតែយករ៉ានីមកធ្វើជាភរិយាឱ្យបាន។ អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមទទួលយកខ្ញុំជាស្វាមីឬទេ? និងថា តើរ៉ានី មានបុរស់ណាក្នុងចិត្តនាងហើយឬនៅ?។នៅយប់នោះ ខ្ញុំក្លាយជាមនុស្សដែលចេះនិយាយភូតដោយប្រាប់មេបញ្ជាការខ្ញុំថាម៉ូតូយើងម៉ាស៊ីនដើរមិនស្រួល អាគុយក៏មិនសូវកាន់ភ្លើង ធ្វើដំណើរទាំងយប់អាចខូចតាមផ្លូវ។ គាប់ជួនពេលនោះម៉ោងជិត១០យប់ទៅហើយ មេបញ្ជាការខ្ញុំក៏យល់ព្រមដោយសុំប្រធានមន្ទីរពេទ្យសម្រាកមួយយប់។ មន្ទីរពេទ្យក៏រៀបចំភ្លាមៗឱ្យយើងទាំង២នាក់សម្រាកនៅលើផ្ទះដែលយើងប្រជុំដោះស្រាយនោះតែម្ដង។ មិននឹកស្មានដល់ថាផ្ទះដែលយើងសម្រាកនេះ ជាផ្ទះដែលរ៉ានី និងមិត្តនារីរបស់គាត់សម្រាក និងធ្វើការនៅក្នុងផ្ទះនេះដែរ។ រឿងទៅហួសពីនោះ គឺរ៉ានីបានយកភួយ២មកឱ្យមេបញ្ជាការខ្ញុំ។ មេបញ្ជាការខ្ញុំយកភួយ១ ពណ៏ផ្កាឈូក ហើយប្រគល់ឱ្យខ្ញុំភួយពណ៍ខៀវ ដែលក្រោយរៀបការទើបដឹងថាភួយដែលខ្ញុំដណ្តប់ជាភួយភរិយាខ្ញុំ ដែលពេលនោះយើងបានដណ្ដប់ភួយគ្រូពេទ្យក្រមុំ ហើយទុកឱ្យពួកគាត់ដណ្តប់មុង។ តើនេះជាការរៀបចំរបស់ទេវតាឬ?មេឃមិនទាន់ភ្លឺច្បាស់ផង ខ្ញុំឮសម្លេងបុកអង្ករ ខ្ញុំខំអើតមើលឃើញរ៉ានី និងមិត្តរបស់គាត់ឈ្មោះខេមរា កំពុងបុកអង្ករ ។ មេបញ្ជាការខ្ញុំប្រាប់ឱ្យខ្ញុំរៀបចំម៉ូតូដើម្បីចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបន់ឱ្យតែម៉ូតូខូចដើម្បីបាននិយាយជាមួយរ៉ានី តែវាមិនតាមចិត្តចង់របស់យើងទេ គឺធាក់តែមួយជើងម៉ូតូឆេះភ្លាម។ ខ្ញុំខំរកវិធីឡើងចុះផ្ទះបាន២ដង មុនចេញដំណើរដោយចុងក្រោយខ្ញុំបានហៅរ៉ានីថាបងម្តងទៀត ដោយប្រើពាក្យថាលាហើយបងស្រី។ នេះជាទម្លាប់របស់ខ្ញុំមិនដែលហៅថាអូន ឬមិត្តនារីនោះឡើយ គឺមានតែបងស្រី មីង អុំស្រី យាយ សំរាប់ប្រើជាមួយមនុស្សស្រី ព្រោះឆ្នាំ១៩៧៤ ខ្ញុំទើបមានអាយុ២២ឆ្នាំនៅឡើយ។(ខ្ញុំសុំបញ្ជាក់ថា ពេលវេលានៃការដោះស្រាយនេះប្រព្រឹត្តឡើងនៅដើមខែ មិនា ឆ្នាំ១៩៧៤)។ ការដែលខ្ញុំស្រឡាញ់រ៉ានីគឺជារឿងពិត ហើយការដែលរ៉ានីស្រឡាញ់ខ្ញុំឬអត់ជាបញ្ហាដែលត្រូវរកវិធីដោះស្រាយ។ ក្ដីស្រឡាញ់ទៅលើនារីម្នាក់កើតមានជាលើកដំបូងសំរាប់ជីវិតខ្ញុំ តែទោះជាយ៉ាងណា ក៏ខ្ញុំមិនភ្លេចពីតួនាទីនិងភារកិច្ចខ្ញុំដែរ។ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ១៩៧៤ ជាថ្ងៃចូលឆ្នាំខ្មែរ។ ខ្ញុំបានឆ្លៀតពេលទៅលេងស្រុកក្រូចឆ្មាក្នុងបំណងទៅរករ៉ានីដោយយកលេសថាទៅសួរសុខទុក្ខយុទ្ឋជនដែលកំពុងព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។ លុះទៅដល់មន្ទីរពេទ្យ មិនបានឃើញរ៉ានីទេ ហើយក៏មិនហ៊ានសួររកថែមទៀតផង។ ខ្ញុំជិះម៉ូតូចេញពីមន្ទីរពេទ្យទាំងអស់សង្ឃឹម។ យើងត្រូវបន្តដំណើរទៅកាន់ឃុំរកាខ្នុរ ដើម្បីនាំមិត្តខ្ញុំម្នាក់ទៅសួរសុខទុក្ខឪពុកម្តាយដែលជាស្រុកកំណើតរបស់គាត់។ នៅពេលដែលខ្ញុំកំពុងធ្វើដំណើរបានប្រហែល២គីឡូម៉ែត្រក៏ជួបរ៉ានីកំពុងជិះកង់ម្នាក់ឯងតាមផ្លូវ ខ្ញុំក៏ឈប់ម៉ូតូ រ៉ានីក៏ឈប់កង់។ យើងសួរសុខទុក្ខគ្នាដោយពាក្យគួរសមប្រហែល៣នាទីប៉ុណ្ណោះ ហើយក៏លាគ្នាធ្វើដំណើរទៅតាមផ្លូវ រៀងៗខ្លួន។ ទាំងខ្ញុំ ទាំងរ៉ានី គឺមិនបានបង្ហាញកាយវិការណាមួយខុសពីការធ្លាប់ជួបស្គាល់គ្នាពីមុននោះទេ។ នៅខែ សីហា ឆ្នាំ១៩៧៤ ខ្ញុំត្រូវស្វែងយល់ឱយបានទាំងពីខាងថ្នាក់ដឹកនាំរបស់ខ្ញុំ ទាំងពីខាងរ៉ានី ដោយខ្ញុំបានធ្វើសំណើរសុំរៀបការជាមួយរ៉ានី ។ ចម្លើយដែលខ្ញុំទទួលបានពីមេបញ្ជាការរបស់ខ្ញុំគឺយល់ព្រម តែត្រូវរង់ចាំរំដោះប្រទេសពីរបបលន់នល់អោយហើយសិន។ ឯចម្លើយពីរ៉ានីគឺឆ្លើយតបតាមអ្នកនាំពាក្យគាត់ថាស្រេចលើម៉ែឪ។ ចម្លើយទាំង២នេះផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងសំរាប់ខ្ញុំ។ ស្ត្រីខ្មែរ៩៨ភាគរយហើយដែលឆ្លើយថាស្រេចលើម៉ែឪ ឬចាស់ទុំ គឺមានន័យថាយល់ព្រមហើយ។នៅខែ តុលា ឆ្នាំ១៩៧៤ ខ្ញុំបានជួបរ៉ានីដោយចៃដន្យបំផុតនៅផ្សារពាមជីលាំង។ តែជាអកុសលដោយសារមិត្តខ្ញុំម្នាក់ស្រវឹងស្រាហើយហៅរ៉ានីថាសោ (បងថ្លៃ)។ រ៉ានីមិនខឹងទេ តែធ្វើដូចមិនឮ។ តែសំរាប់ខ្ញុំគឺខ្ញុំខ្មាស់រ៉ានី ដូចនេះខ្ញុំត្រូវយកកង់ជិះឌុបមិត្តខ្ញុំម្នាក់នេះចេញទៅផ្ទះមួយទៀតចម្ងាយប្រហែល៥០០ម៉ែត្រពីផ្សារទាំងកណ្តាលភ្លៀង ធ្លាក់។ ទុកមិត្តខ្ញុំរួចហើយខ្ញុំជិះកង់កាត់ភ្លៀងមករករ៉ានីវិញ។ តែគួរឱ្យហួសចិត្តរថយន្តដឹកក្រុមគ្រូពេទ្យបានចេញទៅបាត់អស់ហើយ។ ចាប់តាំងពីពេលនោះមករហូតខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំមិនដែលបានជួបរ៉ានីទៀតទេ ទោះបីមានឱកាសក៏ដោយ។ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ១៩៧៥ ខ្ញុំក៏ត្រូវរបួសស្មាដែលជារបួសលើកទី៤របស់ខ្ញុំ។ ពេលនោះខ្ញុំគិតថានឹងបានរ៉ានីមើលថែព្យាបាលរបួសឱ្យខ្ញុំ។ តែផ្ទុយទៅវិញមន្ទីរពរទ្យសមរភូមិមុខបានរៀបចំវះយកអំបែងគ្រាប់ចេញ និងបន្តព្យាបាលនៅមន្ទីរពេទ្យដែលមានទីតាំងនៅឃុំបឹងព្រួលស្រុកពាមជីលាំង។ នៅព្រឹកថ្ងៃ១៦ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវរបួសធ្ងន់ សន្លប់រហូតដល់ថ្ងៃទី ២១ ខែ មេសា ទើបបានដឹងខ្លួនឡើងវិញ។ នៅពេលដឹងខ្លួនគឺភ្នែកឆ្វេងរបស់ខ្ញុំបានខ្វាក់បាត់ទៅហើយ ឯភ្នែកស្តាំមើលបានប្រវែងប្រហែល១០ម៉ែត្រតែប៉ុណ្ណោះ។ នៅពេលនោះខ្ញុំក៏បានដឹងថា ភ្នំពេញនិងប្រទេសទាំងមូលត្រូវបានរំដោះពីរបបបរិវារអាមេរិក។ ពាក្យស្រឡាញ់និងថែទាំដូចកែវភ្នែកសំរាប់ខ្ញុំ គឺនិយាយលែងបានហើយ ព្រោះខ្ញុំបានបាត់បង់កែវភ្នែកខ្លួនឯងរួចទៅហើយ។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពិភពលោកបានប្រែប្រួលអស់ ប្រជាជនត្រូវជំលៀសចេញពីទីក្រុង ធ្វើដំណើរអត់បាយអត់ទឹក។ ខ្លួនឯងផ្ទាល់ក្លាយជាជនពិការ ហើយអ្វីដែលឈឺចាប់បំផុតគឺព័ត៌មានដែលថារ៉ានី បានរៀបការរួចហើយជាមួយកម្មាភិបាលមកពីភូមិភាគ។ ខ្ញុំខឹងរ៉ានី ខ្លាំងណាស់ ខ្ញុំដៀលនាងទាំងនិយាយខ្លាំងៗទាំងក្នុងចិត្តដៀលសព្វគ្រប់ទាំងអស់តាមចិត្តខ្ញុំចង់។ នេះជាកំហុសរបស់ខ្ញុំដែលទទួលព័ត៌មានខុស តែខ្ញុំលែងហ៊ានស្រឡាញ់រ៉ានី ទៀតហើយ ម្យ៉ាងគឺខ្ញុំបានធ្វើជ្រុលជ្រួសលើនាង ប្រមាថមាក់ងាយនាង និងម្យ៉ាងទៀតខ្ញុំមិនចង់នាំការលំបាកឱ្យនាងដោយសារពិការភាពរបស់ខ្ញុំទេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមយកខ្ញុំជាស្វាមីឬទេ? ព្រោះខ្ញុំបានធ្លាក់ខ្លួនពិការបាត់បង់សម្រស់ពីធម្មជាតិទៅហើយ។ មន្ទីរពេទ្យសមរភូមិបានបញ្ជូនរូបខ្ញុំទៅកាន់មន្ទីរពេទ្យភូមិភាគ ដែលស្ថិតនៅ ឃុំ រកាខ្នុរ ដែលមានចម្ងាយប្រមាណ៦០០ម៉ែត្រ ពីផ្ទះដែលជាភូមិកំណើតរបស់រ៉ានី។ ពេលនោះរ៉ានី បានផ្លាស់ពីមន្ទីរពេទ្យស្រុក ដែលមានទីតាំងនៅឃុំក្រូចឆ្មា ទៅធ្វើជាប្រធានមន្ទីរពេទ្យស្រុកមួយកន្លែងទៀតនៅ ឃុំឈូក ស្រុកក្រូចឆ្មា។ ក្នុងអំឡុងខែ កក្កដា ឆ្នាំ១៩៧៥ ប្រហែលជាម៉ោង ៣:00 រសៀល ខ្ញុំហាក់ដូចសុបិន្តទាំងថ្ងៃ ដោយបានឃើញរ៉ានី ទៅកាន់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខខ្ញុំ ដោយមានមាន់៣ក្បាលផ្ញើរឱយខ្ញុំផង។ រ៉ានីបានសួរនាំពីអាការៈរបួស និង ជម្ងឺរបស់ខ្ញុំ ដោយសំដីទន់ភ្លន់និងការលើកទឹកចិត្ត។ ពេលរ៉ានីលាត្រឡប់មកវិញ ខ្ញុំបានជូនដំណើរដល់ផ្លូវ ខ្ញុំគិតថារ៉ានីមិនប្រកាន់ខឹងនិង ខ្ញុំទេ ហើយក៏មិនស្អប់ខ្ពើមនូវជនពិការដូចខ្ញុំនេះដែរ។ខ្ញុំត្រូវប្រឹងប្រែងសារជាថ្មី សំរាប់ខ្ញុំ និង រ៉ានី ព្រមទាំងឪពុកម្តាយរ៉ានី មិនមានអ្វីជាឧបសគ្គទេ។ តែអង្គការទើបជាឧបសគ្គពិតប្រាកដ។ នៅពេលនោះរ៉ានីត្រូវអង្គការបង្ខំឱ្យរៀបការជាមួយបុរសផ្សេង តែនាងប្រកែកដាច់ខាត។រីឯរូបខ្ញំ ក៏ត្រូវអង្គការផ្សំផ្គុំជាមួយនារីផ្សេង តែខ្ញុំក៏ប្រកែកដែរ។ ខ្ញុំត្រូវលើកសំណើរសុំរៀបការជាមួយរ៉ានីសារជាថ្មីទៅកាន់ប្រធានយោធាតំបន់។ នៅពេលនោះប្រធានយោធាតំបន់បានធ្វើលិខិតមួយឱ្យខ្ញុំយកទៅជួបគណះស្រុកក្រូចឆ្មា។ នៅក្នងអំឡុង ខែ តុលា ឆ្នាំ ១៩៧៥ ទាំងតំបន់ទាំងស្រុក ទាំងរ៉ានី ដែលជាសាម៉ីខ្លួនយល់ព្រមអស់ហើយរង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ។ ទាំងមុនពេលរង់ចាំនិងពេលកំពុងរង់ចាំទាំងខ្ញុំ និងទាំង រ៉ានី គឺត្រូវប្រឈមនឹងការលំបាកខ្លាំងណាស់។ ការប្រកែកមិនព្រមរៀបការតាមការរៀបចំរបស់អង្គការអាចគ្រោះថ្នាក់ដល់ជីវិត។ រីឯរូបខ្ញុំក្រៅពីព្យាបាលរបួស ការងារសំខាន់របស់ខ្ញុំគឺរៀបចំកម្លាំងសម្ងាត់ដើម្បីវាយអង្គការ ដែលបាននឹងកំពុងកាប់សម្លាប់ប្រជាជន ទោះពេលនោះមិនទាន់ធ្ងន់ធ្ងរក្តី។
នៅថ្ងៃទី ២ ខែ មករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានកោះហៅពីទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្មរ ឃុំ ទន្លូង ស្រុក ត្រមូង នាពេលនោះ និងជាស្រុកមេមត់នាពេលបច្ចុប្បន្នដើម្បីមកជួបជុំនៅមន្ទីរតំបន់ដែលមានទីតាំងនៅស្រុកតំបែរដើម្បីរៀបការនៅថ្ងៃទី៣ ខែមករា។ នៅពេលនោះ ខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំង តើគេរៀបការរបៀបម៉េច?
មកដល់មន្ទីរតំបន់ រ៉ានីនៅស្រុកក្រូចឆ្មាឯណោះ ហើយមិនទាន់បានទទួលដំណឹងអំពីការរៀបការនៅឡើយ។ ថ្នាក់លើនៅចិត្តធម៌គ្រាន់បើ ដោយសុខចិត្តពន្យារពេលរៀបការពីថ្ងៃទី ៣ មករា ទៅថ្ងៃទី ៥ ខែ មករាវិញ និងចាត់ឱ្យប្រធានមន្ទីរតំបន់ទៅទទួលយករ៉ានី ពីស្រុកក្រូចឆ្មាមកកាន់ស្រុកតំបែរ។ រ៉ានីអត់បានផ្តាំផ្ញើអ្វីទៅឪពុកម្តាយ បងប្អូនហើយក៏គ្មានមិត្តភ័ក្រមកកំដរដែរ គឺក្បាលតែមួយត្រម៉ង់ត្រម៉ោចម្នាក់ឯង។ រីឯចំណែករូបខ្ញុំវិញក៏មិនមានឪពុកម្តាយ ឬបងប្អូនចូលរួមរៀបការដូចរ៉ានីដែរ គឺក្បាលតែ២នាក់ប្តីប្រពន្ទ។ តែខ្ញុំគ្រាន់បើជាងរ៉ានីបន្តិច ដោយមានមិត្តរួមអាវុធត្រូវបានគណៈតំបន់អញ្ជើញឱ្យមកចូលរួមជាភ្ញៀវ។ រ៉ានីបានមកដល់ស្រុកតំបែរនៅល្ងាចថ្ងៃ៣មករា។ នៅថ្ងៃទី ៤ ខែ មករា ខ្ញុំប្រញ៉ាប់ទៅជួបរ៉ានី។ នៅពេលនោះរ៉ានីកំពុងស្ថិតនៅជុំគ្នាជាមួយនារី១២នាក់ផ្សេងទៀត និងយុទ្ឋជនពិការ១២នាក់ដែរ។ ពេលនោះហើយទើបខ្ញុំដឹងថាការរៀបការត្រូវធ្វើជាមួយគ្នាជាក្រុមក្នុងពេលតែមួយគឺមានចំនួន ១៣គូ ។ ចំពោះគូខ្ញុំគឺមានលេខរៀងទី១៣។ នៅល្ងាចថ្ងៃទី ៤ ខែ មករា ឆ្នាំ ១៩៧៦ខ្ញុំត្រូវចេញដំណើររួមគ្នាទាំងហ្វូងពីមន្ទីរតំបន់នៅស្រុកតំបែរមកកាន់ ភូមិច្រាប នៃស្រុកត្បូងឃ្មុំដែលជាកន្លែងត្រូវរៀបការ។ នៅថ្ងៃទី ៥ ខែ មករាឆ្នាំ១៩៧៦ ត្រូវនិង ថ្ងៃច័ន្ទ ៤ កើត ខែបុស្ស ឆ្នាំ រោង អដ្ឋស័ក ពុទ្ឋសករាជ ២៥១៩ គឺជាថ្ងៃដែលខ្ញុំនិងភរិយាខ្ញុំបានរៀបការជាមួយបងប្អូន១២គូរផ្សេងទៀត ដែលមានខ្ញុំ និងភរិយាខ្ញុំជាគូរទី១៣។ នៅម៉ោងប្រមាណ ៨:00 ព្រឹក ពិធីបានចាប់ផ្តើមជាមួយគណៈអធិបតី១រូប គណៈចាត់តាំង១រូប។
ឯកូនក្រមុំមាន ១៣ រូប អង្គុយនៅកៅអីជួរមុខ និង កូនកម្លោះ១៣រូប អង្គុយនៅពីក្រោយកូនក្រមុំដែលជាគូរបស់ខ្លួន។ សូមកុំច្រឡំកៅអីដែលយើងអង្គុយមិនមែនជាកៅអីធម្មតាទេ តែជាកៅអីក្មេងរៀនដែលយកមកតម្រៀបឱ្យកូនកម្លោះកូនក្រមុំអង្គុយក្នុងពេលរៀបការ។ ជាការចាប់ផ្តើមគណៈចាត់តាំងបានឱ្យមនុស្ស១នាក់អានប្រវត្តិរូបខាងស្រី និង ខាងប្រុសម្នាក់ម្ដងៗទាំង២៦នាក់។ ខ្ញុំបានត្រឹមតែមើលខ្នង និង ករ៉ានី ពីក្រោយដែលក្នុងចិត្តអាណិតអនាគតភរិយាដែលមិនគួរលះបង់មកយកខ្ញុំជាជនពិការ មករៀបការអត់ឪពុកម្តាយ អត់បងប្អូនសាច់ញាតិបែបនេះសោះ។ ចំពោះរូបខ្ញុំក៏តូចចិត្តអាណិតខ្លួនឯង អាណិតដល់គូផ្សេងទៀត ដែលពិការធ្ងន់ធ្ងរជាងខ្ញុំទៅទៀត។ ហើយគូប្តីប្រពន្ឋរបស់ពួកគេត្រូវអង្គការផ្សំផ្គុំឱ្យខុសពីគូខ្ញុំដែលបានស្ដីដណ្តឹងមុននឹងមានចិត្តស្រឡាញ់គ្នាមុនរៀបការថ្ងៃនេះ។ កម្មវិធីបានចាប់ផ្តើម បន្ទាប់ពីអានប្រវត្តិរូបចប់ គឺដល់កម្មវិធីដែលគណះអធិបតីយសួរសំណួរមកកាន់កូនក្រមុំ និងកូនកម្លោះឱ្យឆ្លើយមួយគូម្ដងៗ ដោយសួរកូនក្រមុំមុននិងសួរកូនកម្លោះជាក្រោយ។ ១២គូឆ្លើយចប់ដល់វេនខ្ញុំជាគូទី១៣ រ៉ានី ឆ្លើយសំណួរបានយ៉ាងល្អទាំង២សំណួរ។ ក្នុងចំណោម ១២ គូមុន គឺតែ១សំណួរម្នាក់ប៉ុណ្ណោះគឺដល់ រ៉ានី២ សំណួរ។ ចំណែកខ្ញុំឡើងដល់៣សំណួរ។ សំណួរដែលខ្ញុំចងចាំជាងគេគឺ (តើសមមិត្តមានលទ្ឋភាពកសាងភរិយាឱ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?)។ នេះជាសំណួរតម្រង់ទៅរក រ៉ានី ដែលមានស្បែកស និងជាគ្រួសារអ្នកធូរធារដែលរស់តាមដងទន្លេមេគង្គ។ បន្ទាប់ពីសួរសំណួរសាម៉ីខ្លួនទាំង២៦រូបចប់ហើយ គណៈអធិបតីក៏បានសួរទៅចាស់ទុំដែលបានអញ្ជើញចូលរួមដែលអ្នកសួរហៅថាសាក្សី។ ចាស់ទុំ២នាក់បានឡើងនិយាយក្នុងនោះមាន លោកបង ជុំ ហ៊ល អតីតមេបញ្ជការខ្ញុំ ឡើងនិយាយដោយប្រើពាក្យថាសមរម្យហើយ និងបានជូនពរដល់ពួកយើង។ (លោក ជុំ ហ៊ល ក្រោយឆ្នាំ១៩៧៩ ធ្វើជាអភិបាលក្រុងព្រះសីហនុរហូតឆ្នាំ១៩៩៣ ទើបចូលនិវត្តន៏ និង ទទួលមរណៈភាពនៅឆ្នាំ ២០១៤)។ នៅម៉ោងប្រមាណ ២:00 រសៀល កម្មវិធីមិនទាន់បញ្ចប់ទេ។ ពួកយើងឃ្លានបាយ ស្រេកទឹកតែមិនហ៊ានមាត់ករអ្វីទាំងអស់។ ម្តងនេះដល់វេនគណៈអធិបតីស្រោចទឹកនិងឱ្យពរជ័យ ដោយផ្តើមពីទស្សនៈសភាពការណ៌ដែលរៀបរាប់ពីសភាពការណ៍ពិភពលោក សភាពការណ៍តំបន់ និងអន្តរជាតិ ដោយជេរពួកសេរីនិយម សូវៀត និងវៀតណាមមួយឆ្អែត ទើបចូលមកសភាពការណ៍កម្ពុជាដែលផ្តោតធំលើការងារនយោបាយ សតិអារម្មណ៌ ការវាយកំទេចគាស់រំលើងវណ្ណៈជិះជាន់ កំចាត់ចោលកម្មសិទ្ឋិសួនតួទាំងទ្រព្យសម្បតិ្ត ទាំងមនោសញ្ចតនា បោសសំអាតពួកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង…។ល។ ច្រើនណាស់ចាំមិនអស់ទេនូវពាក្យបណ្តាសាររបស់របស់ប្រធានគណៈអធិបតីដែលប្រើពេលជាង១ម៉ោង។ ពិធីផ្សំផ្គំត្រូវបានបញ្ចប់នៅម៉ោង ៣ និង៣០នាទីល្ងាច ដោយប្រើពេល៧ម៉ោងកន្លះ និង ដោយគ្មានឈប់សម្រាក។នៅម៉ោងប្រហែលជា៤:00 ល្ងាច យើងហូបបាយជុំគ្នាទាំងប្តីប្រពន្ឋ ទាំងភ្ញៀវចូលរួម ដោយអង្គុយបាយលើស្ពក។ រ៉ានី បានក្លាយជាភរិយាខ្ញុំជាផ្លូវការហើយ តែខ្ញុំនៅតែមិនទាន់ហ៊ាននិយាយរកនាងនៅឡើយ។ នៅពេលបាយ រ៉ានី បានដួសបាយឱ្យខ្ញុំ និងជួយដួសបាយឱយយុទ្ឋជនពិការដៃម្នាក់ទៀត ព្រោះប្រពន្ឋគាត់នៅអៀន។ កំពុងតែហូបបាយ មានកម្មាភិបាលតំបន់មកប្រាប់ពីផ្ទះដែលគូនីមួយៗត្រូវសម្រាក។ ចំពោះអ្នកពិការជើងគឺនៅផ្ទះផ្ទាល់ដី រីឯអ្នកមិនពិការជើងគឺនៅផ្ទះខ្ពស់។ ហូបបាយរួចខ្ញុំប្រាប់ប្រពន្ឋខ្ញុំថា ខ្ញុំទៅយកបាឡូទៅផ្ទះសម្រាកមុន សុំទៅយក អីវ៉ាន់ទៅតាមក្រោយ។ ប្រពន្ឋឆ្លើយថា ចាស៎។ អត់ទាន់ហ៊ាននិយាយពាក្យ បង អូននៅឡើយ។ នេះមិនមែនជាព្រះថោងតោងស្បៃទេ តែជាព្រះថោងស្វែងរកផ្ទះនៅក្រោយពេលរៀបការ។ស្ត្រីម្ចាស់ផ្ទះដែលខ្ញុំត្រូវសម្រាកបានទទួលខ្ញុំដោយរាក់ទាក់ហើយប្រាប់ខ្ញុំថា ផ្ទះនេះគាត់មិនបាននៅតាំងពីឆ្នាំ១៩៧១ មកម៉្លេះព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ តែផ្ទះនេះអុំសំអាតប៉ុន្មានថ្ងៃមកហើយ ព្រោះប្រធានភូមិមកខ្ចីសំរាប់ឱ្យក្មួយៗទើបរៀបការសម្រាក។ ខ្ញុំក៏សួរទៅគាត់វិញថា តើអុំនៅឯណា? គាត់ចង្អុលទៅផ្ទះតូចក្បែរនោះនៅផ្ទាល់ដីមានទាំងលេណដ្ឋានការពារផង។ នៅពេលខ្ញុំកំពុងនិយាយ ស្រាប់តែឃើញប្តីប្រពន្ឋគូ ទី១២ បណ្តើរគ្នាមកដល់ ខ្ញុំសួរថា ហែម និង វណ្ណា សម្រាកនៅផ្ទះណា? គាត់ឆ្លើយថាផ្ទះណឹងដែរ។ ខ្ញុំពិតជាហួសចិត្តផ្ទះតូចមួយផ្សំដំណេកដល់ទៅ២គូរ (គូរទី១២ ប្តីឈ្មោះ ហែម និង ប្រពន្ទឈ្មោះ វណ្ណា)។ យើងឡើងទៅលើផ្ទះទាំងអស់គ្នា។ នៅលើផ្ទះមានគ្រែមួយ មានមុង តែគ្មានវាំងននទេ។ ហែមប្រាប់ខ្ញុំថា បងសែន ឯងសម្រាកលើគ្រែចុះ ឯខ្ញុំចងវាំងនននៅក្បែរទ្វារ។ ខ្ញុំសួរគាត់វិញថាបានវាំងននពីណាមក? ហែមឆ្លើយថា អង្គការចែកឱ្យតាំងពីនៅមន្ទីរតំបន់ចុះបងឯងអត់ទាន់បានទទួលទេឬអី? ខ្ញុំគ្រវីក្បាលនិងឆ្លើយថាអត់ទេ។ ហែមក៏ជួយប្រាប់ទៅអ្នកទទួលខុសត្រូវដើម្បីសុំវាំងននឱយខ្ញុំ។
ខ្ញុំរង់ចាំប្រពន្ឋខ្ញុំតែមិនឃើញមកសោះ ដោយសារនាងនៅជាប់និយាយលេងជាមួយម្ចាស់ផ្ទះដែលនាងសម្រាកកាលពីយប់មិញ។ ខ្ញុំងូតទឹកមុននិងបានរៀបចំកន្លែងសម្រាកឱ្យហើយ។ ពេលនេះខ្ញុំបានដោះសម្លៀកបំពាក់ខ្មៅ ស្លៀកឯកសណ្ឋានកងទ័ពវិញហើយ។ សុំបញ្ជាក់ថាពេលស្ថិតនៅក្នុងពិធី គេតម្រូវឱយកូនកម្លោះស្លៀកខោខ្មៅ ពាក់អាវខ្មៅដៃវែង រីឯកូនក្រមុំស្លៀកសំពត់ខ្មៅនិងពាក់អាវខ្មៅដៃវែង គឺមិនអនុញ្ញាតឱយស្លៀកពាក់ខុសពីនេះឡើយ។ ភរិយាខ្ញុំ និងរូបខ្ញុំមិនបានទទួលអ្វីផ្សេងក្រៅពីរបស់របរផ្ទល់ខ្លួនដែលធ្លាប់មាននោះទេ ក្រោយពីបានរៀបការរួចហើយ។ អ្វីដែលខ្ញុំទទួលបានគឺរូបរ៉ានី និងអ្វីដែលរ៉ានីបានទទួលគឺរូបខ្ញុំ។ យើងមិនចង់បានអ្វីខុសពីនេះឡើយ។ ក្បែរក្បាលព្រលប់ខ្ញុំឃើញរ៉ានីឱបបាឡូមកដល់ ខ្ញុំក៏ទៅទទួលយកបាឡូពីនាងឡើងលើផ្ទះ។ រ៉ានីបានសួរខ្ញុំថា បងមានក្រមាទេ ខ្ញុំសុំខ្ចីផ្លាស់មុជទឹក។ ខ្ញុំថាមាន ក្រមាខ្ញុំទទឹកស្រាប់ ខ្ញុំក៏ដើរទៅយកក្រមាឱ្យប្រពន្ឋជាទីស្រឡាញ់របស់ខ្ញុំដែលទើបហៅខ្ញុំថា “បង” ដែលពាក្យនេះខ្ញុំរង់ចាំជាយូរមកហើយ។ អំពើរបស់អង្គការថ្ងៃនេះក៏ជាផ្នែកដ៏សំខាន់មួយទៀតជំរុញលើកទឹកចិត្តឱ្យខ្ញុំតស៊ូដើម្បីផ្តួលរំលំរបបអត់ប្រពៃណី និង គ្មានសាសនានេះ។ ថ្ងៃនេះវានិយាយពីបោសសំអាតពួកបង្កប់ស៊ីរូងផ្ទៃក្នុង វានិយាយត្រូវព្រោះខ្ញុំជាមេពួកបង្កប់នេះតែម្តង។ ងាកមកនិយាយពីភរិយាខ្ញុំវិញ ខ្ញុំអាណិតនាងណាស់ មិនគួរមករងកម្មជាមួយមនុស្សពិការដូចរូបខ្ញុំនេះទេ មករៀបការដោយគ្មានឪពុកម្តាយ និងបងប្អូនញាតិមិត្តកំដរ។ ការអាណិតធ្វើឱយខ្ញុំយល់ពីនាងកាន់តែច្បាស់ថា នាងទទួលយកខ្ញុំដោយសុទ្ឋចិត្តមិនប្រកាន់រើសអើងចំពោះជនពិការឡើយ។ ឆ្លងផុតរាត្រីផ្សំដំណេក ៥ មករា ១៩៧៦ លុះព្រឹកឡើងមន្ទីរយោធាតំបន់បានយករឺម៉កម៉ូតូមកដឹកពួកយើងទៅអង្គភាពវិញ។ យើងអត់បានទទួលទានអ្វីទាំងអស់ក៏នាំគ្នាចេញដំណើរទៅ។ អ្នករួមដំណើរមាន ប្តីប្រពន្ឋខ្ញុំ២នាក់ គូទី១២ ហែម និង វណ្ណា២នាក់ ជំនួយការសេនាធិការយោធាតំបន់ឈ្មោះ សុជាតិ ១នាក់ និងអ្នកជិះម៉ូតូជាប្រធានមន្ទីរយោធាតំបន់:ឈ្មោះស៊ីថា។ ចេញពីភូមិច្រាបមិនបានប៉ុន្មានផងម៉ូតូក៏វាបែកកង់ ពួកយើងប្រឹងរុញទាំងម៉ូតូទាំងរឺម៉កមកប៉ះកង់នៅផ្សារសួង ទំរាំរកកន្លែងប៉ះកង់បាន និងប៉ះកង់រួចគឺម៉ោងប្រហែល ១១:00 ថ្ងៃត្រង់ទៅហើយ។ ពួកយើងមិនខ្វល់ពីការឃ្លានទេ គឺត្រូវរូតរះចេញដំណើរភ្លាមដើម្បីទៅដល់ទីបញ្ជាការយោធាតំបន់ដែលបោះទីតាំងនៅចំការដូង ភូមិសំរោង ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម ។ កំណាត់ផ្លូវជាតិលេខ៧ កាលពីពេលនោះគឺខូចខាតស្ទើរអស់ហើយមិនអាចធ្វើដំណើរបានលឿនទេ។ យើងចេញពីផ្សារសួងបានមិនទាន់ដល់១០គីឡូម៉ែត្រផង កង់រឺម៉កខាងក៏ឆ្វេងធ្លាយទៀត តែយើងអាចនៅសប់បញ្ចូលខ្សល់ធ្វើដំណើរបាន។ ដំបូងសប់១ដងអាចធ្វើដំណើរបានប្រហែល១គីឡូម៉ែត្រ ជាបន្តបន្ទាប់សប់បញ្ចូលខ្យល់លែងចូល។ ខ្ញុំប្រាប់ស៊ីថានិងសុជាតិ ដែលអ្នកទាំង២នាក់សុទ្ឋតែជាអតីតយុទ្ឋជននិងកូនសិស្សខ្ញុំលើការងារផែនទីថា ទុករឺម៉កផ្ញើប្រជាជននៅទីនេះ ស៊ីថានិងសុជាតិប្រញ៉ាប់ជិះម៉ូតូទៅចំការដូងយកកង់ម៉ូតូមកដូរ បើមិនទាន់យប់នេះទេចាំស្អែកចាំមកវិញ។ ឯពួកខ្ញុំដើរទៅមុខបន្តិចទៀតចាំសុំអ្នកភូមិសម្រាកមួយយប់សិន។ រុញរឺម៉កមកដាក់ទុកតាមភ្លឺស្រែរួចហើយ ស៊ីថា និង សុជាតិក៏ជិះម៉ូតូចេញទៅបាត់។ រីឯពួកខ្ញុំ៤នាក់ធ្វើដំណើរដោយថ្មើរជើងទៅដល់ភូមិតាហៀវ ស្រុក ពញ្ញាក្រែក ដែលនៅជាប់ផ្លូវលេខ៧ហើយចូលទៅក្នុងភូមិនោះដើម្បីសុំសម្រាក។ លោកពូអ្នកម៉ីងម្ចាស់ផ្ទះទទួលពួកយើងរាក់ទាក់ខ្លាំងណាស់ តែគាត់មិនទាន់ហ៊ានឱ្យយើងសម្រាកទេ គឺរង់ចាំសុំការអនុញ្ញាតពីប្រធានភូមិសិន។ ខ្ញុំក៏មិនបានប្រាប់ពួកគាត់ថាខ្ញុំជាមេបញ្ជការកងទព័ដែរ កាំភ្លើងខ្លីរបស់ខ្ញុំសៀតនៅចង្កេះមើលមិនឃើញទេ។ យើងត្រូវរង់ចាំព្រោះប្រធានភូមិទៅបោកស្រូវមិនទាន់ត្រឡប់មកវិញ។ នៅពេលប្រធានភូមិមកដល់មេឃក៏ចាប់ផ្តើមងងិតហើយ គាត់ជួយពួកយើងភ្លាមដោយឱ្យអង្ករ៤កំប៉ុងមកម្ចាស់ផ្ទះដាំឱ្យយើងទទួលទាន។ តាំងពីព្រលឹមរហូតយប់ប្រហែល១៣ម៉ោង ទើបយើងបានហូបបាយ។ ហើយបើគិតពីពេលបាយនៅរៀបការពីម៉ោង៤ល្ងាចថ្ងៃ៥ មករា រហូតម៉ោង៨យ ប់ថ្ងៃ ៦ មករានេះមានរយះពេល២៨ម៉ោង ទើបយើងបានបាយ។ ខ្ញុំស្រក់ទឹកភ្នែកអាណិតប្រពន្ឋខ្ញុំខ្លាំងណាស់ តែទឹកភ្នែកនេះមិនឱ្យប្រពន្ឋខ្ញុំដឹងទេ។ ពេលយប់ម្ចាស់ផ្ចះរៀបចំឱ្យពួកខ្ញុំដេកប្រុសដោយប្រុស ស្រីដោយស្រី ខ្ញុំបានសុំម្ចាស់ផ្ទះដើម្បីបានដេកជាមួយភរិយាខ្ញុំ រីឯ ហៀម ជាមួយប្រពន្ឋគេ តែម្ចាស់ផ្ទះបានឆ្លើយតបដោយការសុំទោសព្រោះខ្លាចក្មួយៗជម្រត់គ្នាមិនមែនជាប្តីប្រពន្ឋពិតប្រាកដ។ ពួកខ្ញុំគ្មានជំរើសអ្វីក្រៅតែពីទទួលយកតាមការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីកុំឱ្យគាត់លំបាកដោយសារយើង។ ពេលព្រឹកឡើងម៉ូតូបានមកទទួលយើងទៅកាន់ទីបញ្ជាការយោធាតំបន់ ខ្ញុំត្រូវបំពេញកិច្ចការតាំងពីពេលទៅដល់រហូតពេលយប់ តែនៅទីនេះមិនមានបញ្ហាអ្វីទេ។ ប្រធានយោធាតំបន់ឈ្មោះ អួង ឯក មានអធ្យាស្រ័យល្អ។ នេះជារាត្រីទី៣ត្រូវនឹងថ្ងៃ ៧ មករា។ ថ្ងៃទី៨មករា ម៉ូតូមន្ទីរយោធាតំបន់បានជូនប្តី ប្រពន្ឋខ្ញុំទៅកាន់ទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទង្លូង ស្រុកត្រមូងនាពេលនោះ។ ពេលទៅដល់កម្មាភិបាល និង យុទ្ឋជនដែលធ្លាប់បានលេងល្បែងផ្សំផ្គុំខ្ញុំជាមួយប្រពន្ឋកាលពីឆ្នាំ១៩៧៣ និងដើមឆ្នាំ១៩៧៤ បាននាំគ្នាមកអបអរផង និង បង្អាប់ខ្ញុំផង។ ប្តីប្រពន្ឋយើងបានរស់នៅជាមួយគ្នាពីថ្ងៃទី ៨ ខែ មករា បន្ទាប់ពីបានរៀបការនៅថ្ងៃ៥មករា ដែលត្រូវដើរដេកនៅទីកន្លែងខុសៗគ្នា។ ភាពរីករាយមានត្រឹមតែ៤ថ្ងៃប៉ុណ្ណោះសំរាប់ប្តីប្រពន្ឋរបស់ខ្ញុំ។ ថ្ងៃទី១២ ខែ មករា ឆ្នាំ ១៩៧៦ បទបញ្ជាបន្ទាន់ឱ្យភរិយាខ្ញុំចេញដំណើរទៅមន្នីរពេទ្យដែលមានទីតាំងនៅវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ នាពេលនោះគឺស្រុកពញ្ញាក្រែក។ នាពេលនេះហើយបន្ទាប់ទៅត្រូវទៅលើកប្រព័ន្ឋភ្លឺស្រែនៅភូមិខ្នារ ស្រុកត្បូងឃ្មុំ។ ទឹកភ្នែកខ្ញុំហូរទៀតហើយ នៅពេលដែលគេដឹកប្រពន្ឋខ្ញុំចេញទៅ សូម្បីតែខ្ញុំជាប្តីក៏គ្មានសិទ្ឋិ និងជូនដំណើរនាងដែរ។ តើនេះជាចម្លើយដែលឆ្លើយនិងសំណួរដែលអង្គការសួរខ្ញុំថា តើសមមិត្តមានលទ្ឋភាពកសាងភរិយាឱ្យក្លាយជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 82,885 នាក់
ម្សិលមិញ : 70,432 នាក់
សរុប : 76,801,414 នាក់