ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានCPP៖ នៅក្រោមម្លប់សន្តិភាព ធ្វើឲ្យកម្ពុជា អាចរក្សាកំណើន សេដ្ឋកិច្ច ក្នុងរង្វង់ជាង៧%

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:43 ល្ងាច អ្នកអាន 365

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថាក្រោយពេលបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង បន្ទាប់ពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ប្រទេសជាតិបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ដែលក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើនច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧%។ ស្របពេលជាមួយគ្នានេះដែរ គឺកម្ពុជាកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។

កម្ពុជាបានខិតខំរើខ្លួនចេញរួចផុតពីប្រទេសក្រីក្រ គឺប្រទេសដែលគ្មានអ្វីសោះ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជាសព្វថ្ងៃ ក៏កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺរផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ នៅឆ្នាំ២០១៩នេះ កម្ពុជាកំពុងដាក់ចេញនូវផែនការសកម្មភាពគោលនយោបាយថ្មីៗបន្ថែមទៀតក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំអោយធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។

នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាអោយសម្រេច បាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ដើម្បីបំពេញតម្រូវការនៃការរស់ នៅរបស់ប្រជាជន, ការយកចិត្តទុកដាក់ចំពោះ ជនងាយរងគ្រោះដោយប្រការផ្សេងៗនិងធ្វើអោយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង។ ថ្លែងយ៉ាងដូច្នេះនាពេលសម្តេចនិងភរិយា អញ្ជើញចួលរួមអបអរសាទរ ថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,501 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,263 នាក់