ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន ហៅតំបន់រោងចក្រ ក្នុងខេត្តតាកែវ ថាជា “បុប្ផាលាក់ខ្លួន”

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មករា ឆ្នាំ​ 2019 ម៉ោង 01:50 ល្ងាច អ្នកអាន 219

ថ្លែងនៅក្នុងឱកាស ជួបសំណេះសំណាល ជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនី ប្រមាណ ១៨,២៧៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅភូមិ ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ហៅតំបន់រោងចក្រក្នុងខេត្តតាកែវនេះថាជា “បុប្ផាលាក់ខ្លួន” ព្រោះនៅក្នុងតំបន់រោងចក្រនេះ មានផលិតនូវផលិតផលដែលជាតម្រូវការនៅលើពិភពលោកផងដែរដូចជា ម៉ូទ័រ និងបង្គុំទូរស័ព្ទដៃជាដើម។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ខេត្តតាកែវនេះ ក៏ជាខេត្តមួយដែលមានសក្តានុពលខ្លាំង ជាពិសេសមានរោងចក្រ សហគ្រាស រីកចម្រើនកើតមានឡើងបន្តបន្ទាប់ជាច្រើនដែលកំពុងជំរុញវិស័យឧស្សាហកម្ម និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាច្រើន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នផ្លូវជាតិលេខ៣នេះ បាននឹងកំពុងពង្រីកទៅជា៤គន្លង ដែលនៅពេលខាងមុខនេះនឹងដាក់ឲ្យដំណើរការ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអាជីវករ ហើយក៏នឹងកាន់តែទាក់ទាញនូវវិនិយោគផ្សេងៗជាច្រើនបន្ថែមទៀតពីបរទេស។

រោងចក្រ សហគ្រាស ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។ រោងចក្រ សហគ្រាសទាំងនោះ កំពុងដំណើរការកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន៤, ផលិតកាបូបចំនួន១, ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន១ និងផលិតសក់សិប្បនិម្មិតចំនួន១។ ផលិតផលទាំងនេះសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៨៦១) នាក់ផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,948 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,710 នាក់