ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្វាគមន៍ឆ្នាំថ្មី! ក្បួនរថយន្តដឹកឈើ ជាង១០គ្រឿង ចេញពីតំបន់ បាតអាង សេសាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មករា ឆ្នាំ​ 2019 ម៉ោង 03:25 ល្ងាច អ្នកអាន 1283

ភ្នំពេញ៖មានការអះអាងថាក្បួនរថយន្តដឹកឈើជាង១០គ្រឿង បានដឹកចេញ ពីតំបន់បាតអាងទំនប់វារីអគ្គីសនីសេសាន នៅខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តស្វាយរៀង ត្រូវបានគេបញ្ជាក់ថាមានការអនុញាត្តត្រឹមត្រូវ។

យោងការចេញផ្សាយ ក្នុងគេហទំព័រមួយតាមប្រព័ន្ធអេឡិចត្រូនិច កាលពីម្សិលមិញថា ឈើអារលេខ១មានចំនួនរាប់រយម៉ែត្រគូប នាំយកចេញពីព្រៃក្នុងខេត្តស្ទឹងត្រែង ត្រូវបានដឹកជញ្ជូនតាមក្បួនខ្សែរថយន្តយីឌុបចំនួនជាង១០គ្រឿង រត់បន្តកន្ទុយគ្នារញ្ជួយផ្លូវជាតិលេខ៧ ផ្អើលអស់សមត្ថកិច្ចពាក់ព័ន្ធចុះឃាត់ត្រួតពិនិត្យឯកសារដឹកជញ្ជូនកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០១៩មុនពិធីអបអរថ្ងៃ៧មករា។ ក្រោយការចុះត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីកម្លាំងសមត្ថកិច្ចចម្រុះនៅខេត្តក្រចេះលើក្បួនរថយន្តដឹកឈើទាំងនេះ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើក្រចេះបានអះអាងថា ការដឹកជញ្ជូនឈើនេះគឺមានច្បាប់អនុញ្ញាតឱ្យដឹកជញ្ជូនទៅតាមតំបន់គោលដៅក្នុងប្រទេស។

ការដឹកជញ្ជូនឈើតាមរថយន្តធុនធំ ដឹកជាខ្សែរថយន្តបង្កឲ្យមានការចាប់អារម្មណ៍នេះ ត្រូវបានគេនិយាយថា ជាការល្បើនៃថ្ងៃដឹកជញ្ជូនលើកដំបូង ពីឈើមានច្បាប់ដែលត្រូវដឹក បាននាំចេញពីតំបន់បាតអាងទំនប់វារីអគ្គីសនីសេសាន នៅខេត្តស្ទឹងត្រែង ក្រោយស្ថានភាពការដឹកជញ្ជូនត្រូវបានជាប់គាំងអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ។

ក្រុមមន្ត្រីដែលបានចុះទៅត្រួតពិនិត្យអះអាងប្រាប់ឲ្យដឹងទៀតថា រថយន្តធុនធំទាំងនេះមានចំនួន១៤គ្រឿង បានផ្ទុកឈើអារលេខ១ចំនួនជាង១៨ម៉ែត្រគូបក្នុង១រថយន្ត និងមានច្បាប់អនុញ្ញាតឱ្យដឹកជញ្ជូន នាំចេញពីរោងម៉ាស៊ីនអារកែច្នៃបណ្តោះអាសន្ននៅស្រុកសេសាន ខេត្តស្ទឹងត្រែង បន្តនាំឆ្ពោះយកទៅគោលដៅនៅខេត្តស្វាយរៀង ។

ប្រភពព័ត៌មានពីក្រុមសមត្ថកិច្ចបាននិយាយថា ការដឹកជញ្ជូននៅថ្ងៃដំបូងបែបនេះ ក្រុមអ្នកដឹកជញ្ជូននិងធ្វើការដឹកជញ្ជូនអនុវត្តត្រឹមត្រូវ ទៅតាមច្បាប់កំណត់ ដោយមិនហ៊ានរំលោភក្លែងបន្លំ ឬការប្រើរូបភាពណាមួយដើម្បីបំភាន់ភ្នែកសមត្ថកិច្ចនោះទេ ។ ហើយប្រសិនបើការដឹកជញ្ជូន និងបន្តដំណើរការជាប់ជាប្រចាំថ្ងៃនោះ ទើបក្រុមអ្នកដឹកជញ្ជូនអាចប្រើរូបភាពលើកលើល្បិចផ្សេងៗ ដើម្បីកេងចំណេញគេចវេសពីការបង់ពន្ធឈើចូលថវិការដ្ឋ ដោយប្រើរូបភាពកន្ទេលធំ បន្លំដេកមិនខាន។

ការល្បើកសារជាថ្មីឡើងវិញ ពីពពួករថយន្តធុនធំដឹកឈើច្បាប់នេះដែរ ពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរ មានការព្រួយបារម្ភពីការខូចខាតផ្លូវជាតិ និងកើតមានសារជាថ្មីម្តងទៀត។ ដោយពួកគាត់លើកឡើងថា ខណៈដែលស្ថានភាពផ្លូវជាតិលេខ៧ ទើបតែត្រូវបានស្តារនិងជួលជុលរួច ហើយទើបតែបង្កភាពងាយស្រួលប្រើប្រាស់នាពេលថ្មីៗនេះ ។ស្របគ្នានេះ ក្បួនរថយន្តដឹកឈើដែលធ្លាប់តែបង្កការខូចខាតផ្លូវ នាពេលកន្លងមក ក៏ចាប់ផ្តើមដំណើរការវិញដែរ។ ពួកគាត់អះអាងថា ការខូចផ្លូវជាតិកាលពីពីរឆ្នាំមុន ដែលស្ទើរតែមិនអាច ធ្វើដំណើរទៅមកបាននោះទំនងបង្កឡើងដោយសារតែពពួករថយន្តដឹកឈើច្បាប់ធុនធំទាំងនេះ។ អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីតំណាងក្រុមហ៊ុនបាននៅឡើយទេ រហូតមកដល់រសៀលថ្ងៃ៩មករានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 22,786 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,703,583 នាក់