ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឧកញ៉ា.ជ័យ. បន្តបំផ្លាញ ព្រៃឈើ នៅខេត្តស្ទឹងត្រែង សារជាថ្មី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:56 ព្រឹក អ្នកអាន 931

ភ្នំពេញ៖លោកឧត្តមសេនីយ៍ផ្កាយ៣ មឹក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ ដែលកន្លងទៅធ្លាប់ល្បីល្បាញ រកស៊ីជំនួញឈើ នៅខេត្តឧត្តរមានជ័យ ជាហេតុបណ្ដាលឲ្យព្រៃឈើ

នៅតំបន់ខេត្តឧត្តរមានជ័យ ទទួលនូវការវិនាសកម្ម យ៉ាងធ្ងន់ធ្ងរនោះ បានងាកមកធ្វើជំនួញ ព្រៃឈើនៅខេត្តស្ទឹងត្រែង វិញម្ដង។ ការប្ដូរទិសដៅមកធ្វើជំនួញខាងព្រៃឈើ នៅខេត្តស្ទឹងត្រែង នាពេលនេះ អាចនឹងបន្តបំផ្លាញព្រៃឈើ ដែលនៅសេសសល់ ក្នុងខេត្តស្ទឹងត្រែង ឲ្យក្លាយជាវាលរហោស្ថាន ជាក់ជាមិនខាន បើសិនថ្នាក់ដឹកនាំ មិនបានទប់ស្កាត់ឲ្យបានទាន់ពេលនោះទេ។

ថ្មីៗនេះបណ្ដាញសារព័ត៌មានក្នុងស្រុកបានផ្សាយតាមប្រព័ន្ធអេឡិចត្រនិចថាលោកឧត្តមសេនីយ៍ផ្កាយ មឹក សុផាន់ណារ៉េត ហៅ ឧកញ៉ា ជ័យ បានបន្តបំផ្លាញព្រៃឈើនៅខេត្តស្ទឹងត្រែង ក្រោមលេសPC ដែលទំនងឈើទាំងនោះ មានភាពមិនប្រក្រតី កាប់ចេញពីតំបន់ហាមឃាត់។
ជាក់ស្ដែងរថយន្តដឹកឈើជាច្រើនគ្រឿង របស់ឧកញ៉ា ជ័យ បានផ្ទុកឈើ ចេញពីតំបន់បាតអាងទំនប់វារី អគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង បន្តកន្ទុយគ្នាដូចហែរបក្ស យកទៅចែកចាយតាមបណ្ដារខេត្ត មិនត្រូវបានសមត្ថកិច្ច បង្ក្រាបនោះឡើយ ដោយសារតែការដឹកជញ្ជូននោះ មានភាពត្រឹមត្រូវ។

បើយោងតាមព័ត៌មានបានផ្សាយថា លោក ជ័យ បានប្រើប្រាស់ អាជ្ញាប័ណ្ណ ក្រុមហ៊ុនស្ដារបាតអាងទំនប់វារី អគ្គិសនី សេសានក្រោម២ ដោយលក្ខណះស្របច្បាប់ គ្រាន់តែបុគ្គលរូបនេះយកច្បាប់ធ្វើជាយ័ន្តដើម្បីឈានដល់ឆក់ឱកាសដឹកជញ្ជូនឬអាចតាមរយះឈើប្រមូលទិញ កាប់ពីតំបន់ផ្សេងៗ។

គួបញ្ជាក់ថាបើទោះបីនៅក្នុងបរិវេណផ្ទៃ បាតអាងទំនប់វារី អគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្ម បន្តទៀតក៏ដោយ ក៏លោកជ័យ នៅតែមានឈើប្រភេទលេខ១ រាប់រយ ម៉ែត្រត្រីគុណដឹកជញ្ជូនចេញ ដោយប្រើមធ្យោបាយប្រភេទជារថយន្តយីឌុបធុន ធំទាំងខ្សែៗ ដោយទំនងផ្ទុកលើសទំងន់។

ព័ត៌មានដដែលថាលោកជ័យ អាចជាមេខ្លោងបំផ្លាញព្រៃឈើនៅស្រុកខ្មែរ បានដឹកជញ្ជូនឈើ ចេញតាមរថយន្ត ធុនធំទាំងខ្សែៗ ជាបន្តបន្ទាប់កន្លងទៅនេះ គឺជាឈើកាប់ចេញពីព្រៃអភិរក្ស ព្រៃ សហគមន៍ និង ព្រៃការពារ ព្រៃឧទ្យានវរជ័យ ក្នុងស្រុកសេសាន ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ស្រុកវើនសៃ ខេត្តរតនគិរី គឺអោយលុយទៅក្រុមការងារចូលអាររលំ ប្រើគ្រឿងចក្រអូសឈើចេញ យកកម្លាំងការពារក្នុងព្រៃតំបន់ដែលពួកខ្លួនបង្កើតជាទីតាំងប្រមូលទិញ រួចអូសចូលបាតអាងអោយទៅជាឈើស្របច្បាប់។ ប្រការនេះកំពុងធ្វើឲ្យព្រៃការពារ ព្រៃ សហគមន៍ ព្រៃអភិរក្ស ក្នុងស្រុកសេសា ន និង ស្រុកសៀម ប៉ាង ចៀស មិនផុតពី សេចក្ដីវិនាសឡើយ។

ប្រជាពលរដ្ឋក្នុងស្រុកសេសាន ក៏ដូចជាមន្ត្រី បានសម្ដែងនូវសេចក្ដី ព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការវិនាសនៃ ព្រៃឈើនៅ ស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រោះ បច្ចុប្បន្ន លោកជ័យ នៅតែបន្តសកម្មភាព ធ្វើជំនួញឈើចេញពីស្រុកទាំង២ នេះ យ៉ាងពេញបន្ទុកតែម្តង។
រហូតមកដល់ថ្ងៃទី១១មករានេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបំភ្លឺពី
លោក ជ័យ បាននៅឡើយទេ ដោយទំនាក់ទំនងតាមតេលេក្រាមមិនទាន់ឆ្លើយតប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,937 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,610 នាក់