ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ កម្ពុជាមិនអាចស្លាប់នោះទេ ប្រសិនបើ បរទេសណា បិទវិស័យ ណាមួយនោះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:02 ព្រឹក អ្នកអាន 549

នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានអះអាងថា កម្ពុជាធ្វើសេដ្ឋកិច្ចមិនពឹងផ្អែកតែលើវិស័យតែមួយមុខនោះទេ គឺកម្ពុជាធ្វើសេដ្ឋកិច្ច ពឹងផ្អែកលើវិស័យជាច្រើនដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម សេវាកម្ម និងសំណង់ជាដើម។ កម្ពុជាមិនអាចស្លាប់នោះទេប្រសិនបើបរទេសណាបិទវិស័យណាមួយនោះ ព្រោះកម្ពុជានៅតែមានវិស័យផ្សេងៗទៀតដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ផងដែរថា ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា គឺបានចាប់ផ្តើមពីការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណតាំងពី ៣២ឆ្នាំមុន ដែលបានផ្តោតទៅលើ ផ្លូវ, ទឹក, ភ្លើង និង មនុស្ស ប៉ុន្តែចាប់ពីឆ្នាំ២០១៣ មក យើងបានប្តូរមកយក មនុស្ស, ផ្លូវ, ទឹក, និងភ្លើងវិញ ដោយយើងបានប្តូរយកធនធានមនុស្សជាវិស័យអាទិភាពមុខគេ។
បច្ចុប្បន្ន កម្ពុជាមានផ្លូវធ្វើដំណើរច្រើន រួមទាំងស្ពានឆ្លងកាត់ទន្លេ និងស្ពានអាកាសចំនួន៥ នៅក្នុងទីក្រុងភ្នំពេញដែលបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅនិងធ្វើដំណើរកាន់តែងាយស្រួល។

ថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១៤មករានេះនាពេល សម្ដេចនិងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង ៥២.៩៨៣គីឡូម៉ែត្រ (ជាង ៥២គីឡូម៉ែត្រ) ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលត្រូវចំណាយថវិកាសាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។ ទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងសម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ ដោយមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។ ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

ម្យ៉ាងទៀត គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,877 នាក់
ម្សិលមិញ : 85,924 នាក់
សរុប : 71,870,780 នាក់