ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឧកញ៉ា ជ័យ បន្តបំផ្លាញ ព្រៃឈើ យ៉ាងរាលដាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:44 ល្ងាច អ្នកអាន 479

ភ្នំពេញ៖យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា បច្ចុប្បន្ននៅសល់ឈើរាប់សែនម៉ែត្រគូបដែលមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ គ្រោងដឹកចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ជាបន្តបន្ទាប់។ ឧកញ៉ា ជ័យ ទំនងជាប់ពាក់ព័ន្ធ ទៅនឹងកាប់ឈើក្នុងព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកសេសាន ស្រុកសៀមប៉ាង ហើយដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ចាប់តាំងដើមខែមករា ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ហៅឧកញ៉ា ជ័យ ដឹកជញ្ជូនឈើចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនី ជាច្រើនដោយរថយន្តធុនធំ។

សេចក្ដីរាយការណ៍បន្តថា នៅក្នុងទីតាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតនោះទេ ហើយឈើដែលមេឈ្មួញ ឧកញ៉ា ជ័យ ដឹកចូលរោងចក្រកែច្នៃក្នុងបរិវេណបាតអាងទំនប់វារីអគ្គិសនី អាចជាឈើដែលកាប់ចេញពីព្រៃការពារនិងព្រៃអភិរក្ស។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសល់ ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចៀសមិនផុតពីសេចក្ដីវិនាសនោះទេ។

គេបានអះអាងថា ឧកញ៉ា ជ័យ ប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនឈើទៅចែកចាយតាមដេប៉ូបណ្ដារខេត្តមួយចំនួនស្រេចតែអំពើចិត្ត ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះទេ។ អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីឧត្តមសេនីយ៍ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅឡើយទេរហូតមកដល់ថ្ងៃ១៥មករានេះ៕SR

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 42,073 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,693,156 នាក់