ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច៖ ៤០ឆ្នាំមុន គឺទឹកដីដ៏កម្សត់មួយនេះ ពោពេញ ទៅដោយសង្រ្គាម និងវាលពិឃាត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ មករា ឆ្នាំ​ 2019 ម៉ោង 05:10 ល្ងាច អ្នកអាន 653

ថ្លែងនៅពេលអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ Asian Pacific Parliamentary Forum (APPF-27) ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកមិញនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនដល់គណប្រតិភូជាន់ខ្ពស់ ភ្ញៀងជាតិ និងអន្តរជាតិទាំងអស់ថា ប្រវត្តិកម្ពុជាកាលពី ៤០ឆ្នាំមុន គឺទឹកដីដ៏កម្សត់មួយនេះពោពេញទៅដោយសង្រ្គាមនិងវាលពិឃាត។ ប៉ុន្តែក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានសុខសន្តិភាព និងស្ថេរភាពសង្គម។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេលជិត២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦នៅលើពិភពលោក ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចអត្រា ៧% ក្នុងមួយឆ្នាំ តាមរយៈការីកចម្រើនឥតឈប់ឈរយ៉ាងលឿនលើវិស័យរួមមាន ឧស្សាហកម្ម សំណង កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ រចនាសម្ព័នសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងផ្លាស់ប្តូពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសពឹងផ្នែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ចំពោះអត្រានៃភាពក្រីក្រក៏បានធ្លាក់ចុះប្រមាណ ៥៣.២% នៅឆ្នាំ២០០៤ មកនៅត្រឹមតែ ១៣.៥% នៅឆ្នាំ២០១៤ និងរំពឹងថានឹងថយចុះនៅសល់ត្រឹមតែ ១០%នាពេលបច្ចុប្បន្ននេះ។ កត្តាទាំងនេះ បានធ្វើឲ្យកម្ពុជាកាន់មានមហិច្ឆតាខិតខំប្រឹងប្រែងបន្តទៀត ដើម្បីកា្លយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កិច្ចប្រជុំឆ្នាំនេះ គឺកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៤ -១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។

វេទិកា APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន ដែលបច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេសដែលផ្តល់ឱកាសដល់សមាជិកសភា នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យការវិវត្តថ្មីៗខាងផ្នែកនយោបាយ សង្គម និង វប្បធម៌ ដែលកើតចេញពីសមាហរណកម្ម និងកំណើនសេដ្ឋកិច្ច។

សម្តេច មានមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃវិទិកា APPF-27 ដើម្បីរួមគ្នាពិភាក្សាអំពីស្ថានភាពនយោបាយ សង្គមសេដ្ឋកិច្ច បញ្ហាប្រឈមជាសកល សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទងអន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ក្នុងតំបន់ ដើម្បីសម្រេចបានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វេទិកានេះគឺមានសារៈសំខាន់ណាស់ទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ឋជាមួយបណ្តាប្រទេសតំបន់ អាស៊ី-ប៉ាស៊ីហ្វិក៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10 នាក់
ម្សិលមិញ : 46,159 នាក់
សរុប : 71,871,072 នាក់