ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន នឹងជួបមេដឹកនាំ ប្រទេសចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:25 ព្រឹក អ្នកអាន 247

នៅព្រឹកថ្ងៃទី២០ ខែមករា នេះសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន មានរយៈពេលចំនួន៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ក្នុងកំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លីចាន់ស៊ូ (LiZhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយ និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិនផងដែរ។ ការជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

ក្រៅពីជំនួបខាងលើ នាយករដ្ឋមន្រ្តី នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាដោយលោក សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិរបស់ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងលោកជំទាវ គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងថ្នាក់ដឹកនាំធុរៈកិច្ចចំនួន៤រូបទៀតពី ធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។

នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ខួបអនុស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយ» ប្រទេសចិន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ២០១៩ និងជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,794 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,692,877 នាក់