ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅចិន សម្តេច ហ៊ុន សែន ប្រាប់និស្សិតខ្មែរ ថា កម្ពុជា មិនឲ្យពលរដ្ឋខ្លួន ដាច់បាយឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:19 ព្រឹក អ្នកអាន 717

សម្ដេច ហ៊ុន សែន បានពន្យល់អំពីស្ថានការណ៍ ពិភពលោកដល់និស្សិត ឲ្យបានយល់ដឹង ដោយសម្តេច បានមានប្រសាសន៍ថា ទោះបីស្ថានភាពពិភពលោកមានការប្រែប្រួលឬមិនច្បាស់លាស់ទៅផ្លូវណា គឺកម្ពុជាមិនអោយពលរដ្ឋខ្លួនដាច់បាយឡើយ។ សម្តេចនឹងបន្តខិតខំដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសជាតិអោយបានរឹងមាំ។

ការអះអាងនេះនាពេលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិតចំនួន ៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន នៅល្ងាចថ្ងៃទី ២០ខែមករាម្សិលមិញ។

នាយករដ្ឋមន្រ្តី នឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ នៅក្នុងឆ្នាំ ២០១៧ យើងទទួលបានទេសចរចិនប្រមាណ ១.២ លាននាក់ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១.៩លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិនប្រមាណ ០.០១% តែចាប់ពីឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បានទេសចរចិនយ៉ាងហោចណាស់ ០.០៥% នៃចំនួនប្រជាជនចិន ១,៣០០ លាននាក់។

ជាមួយគ្នានេះដែរ គឺកម្ពុជាត្រូវខិតខំបើក ពង្រីក និងពង្រឹងទីផ្សារអោយបានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន, អាហ្វ្រិក, មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនក៏បានកើនឡើងដល់ ៥,៦០០លានដុល្លារហើយ។ មិត្តចិនគឺវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនី ជាដើម។

សម្តេចក៏បានផ្តល់កិត្តិយសថតរូបជាអនុស្សាវរីយ៍ និងបានឧបត្ថម្ភដល់ការសិក្សារបស់ក្មួយៗនិស្សិតក្នុងម្នាក់ៗទទួលបាន ៣០០ ដុល្លារ ព្រមទាំងឧបត្ថម្ភដល់សមាគមនិស្សិតនៅប្រទេចិន ៩០,០០០ (ថវិកាសម្តេច ៣ម៉ឺន, សភាពាណិជ្ជកម្ម ៥ម៉ឺន, និងមន្រ្តីរដ្ឋាភិបាល ១ម៉ឺន) ។

តាមការគ្រោងទុក គឺសម្តេចតេជោនឹងអញ្ជើញមកប្រទេសចិនម្តងទៀតនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាយើង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,795 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,587,812 នាក់