ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី អញ្ជើញទស្សនាពិព័រណ៌ ខួប៤០ឆ្នាំ នៃកំណែទម្រង់ បើកទូលាយ ប្រទេសចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ មករា ឆ្នាំ​ 2019 ម៉ោង 02:55 ល្ងាច អ្នកអាន 1059

នៅព្រឹកនេះដែរ សម្តេច ហ៊ុន សែន បានអញ្ជើញទស្សនាពិព័រណ៌ក្នុងឱកាសខួប៤០ឆ្នាំ នៃកំណែទំរង់ និងការបើកទូលាយប្រទេសចិន នៅសារមន្ទីរជាតិចិន ដែលស្ថិតនៅខាងកើតនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។

គោលបំណងសំខាន់នៃសារមន្ទីរគឺដើម្បីផ្តល់នូវការសិក្សាអប់រំអំពីសិល្បៈ វប្បធម៍ និងប្រវត្តិសាស្រ្តនៃប្រទេសចិន។ សារមន្ទីរនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងនៃក្រសួងវប្បធម៌របស់ប្រទេសចិន ដែលបានបើកជាផ្លូវការកាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៩៥៩។

លោក Chunfa Wang នាយកសារមន្ទីរ បានជំរាបជូន នាយករដ្ឋមន្រ្តី អំពីការដាក់តាំងបង្ហាញនូវពិព័រណ៌រូបថតស្តីពីសកម្មភាពនៃរយៈពេល៤០ឆ្នាំនៃកំណែទំរង់ និងការបើកទូលាយរបស់ប្រទេសចិន ពោលគឺចាប់តាំងពីសម័យដឹកនាំដោយលោកប្រធានតេស៊ីពីង រហូតមកដល់ដំណាក់ដឹកនាំនាពេលបច្ចុប្បន្ន របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

នៅក្នុងសារមន្ទីរយើងឃើញមានរូបថតពិព័រណ៌ស្តីពីសមិទ្ធផលប្រទេសចិនចាប់តាំងពីវិស័យកសិកម្ម ឧស្សាហកម្ម សព្វាវុធ និងបច្ចេកវិទ្យា ដែលបានធ្វើអោយប្រទេសចិនក្លាយជាមហាអំណាចមួយសព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអញ្ជើញមើលបច្ចេកវិទ្យានៃការបញ្ជារថភ្លើងល្បឿនលឿន ដែលរត់បានជាង៣០០គមក្នុង១ម៉ោង។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់របស់ប្រទេសចិន។

តាមរយៈនៃសកម្មភាពដែលបានដាក់តាំងបង្ហាញទាំងអស់នេះ គឺបង្ហាញអោយឃើញច្បាស់អំពីលទ្ឋផលនៃកំណែទម្រង់ស៊ីជម្រៅពីសំណាក់ថ្នាក់ដឹកនាំកំពូលចិនស្តីពីទិសដៅនិងអនាគតដ៏ភ្លឺត្រចះត្រចង់របស់ប្រទេស និងប្រជាជនចិនទាំងមូល។ ពិព័រណ៌សមិទ្ធផលរូបថតទាំងនេះ ក៏បានបើកឲ្យប្រជាជនចិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិចូលទស្សនាផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,935 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,636 នាក់