ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខេត្តកំពង់ធំ នឹងបន្ថែម ស្រុកថ្មី មួយទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មករា ឆ្នាំ​ 2019 ម៉ោង 09:40 ព្រឹក អ្នកអាន 574

ខេត្តកំពង់ធំ បច្ចុប្បន្នគឺជាខេត្តមួយស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣,៨១៤គីឡូម៉ែត្រការ៉េ ដោយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ឃុំ-សង្កាត់ និង ៧៣៤ភូមិ។

ដោយបូកបន្ថែមជាមួយស្រុកទើបបង្កើតថ្មីមួយថែមទៀត ដូច្នេះស្រុក-ក្រុងក្នុងខេត្តកំពង់ធំឡើងដល់៩ហើយ។ ស្រុក-ក្រុងទាំង៩នោះរួមមាន៖ក្រុងស្ទឹងសែន, ស្រុកបារាយណ៍, ស្រុកកំពង់ស្វាយ, ស្រុកប្រាសាទបល្ល័ង្ក, ស្រុកប្រាសាទសំបូរ, ស្រុកសណ្ដាន់, ស្រុកសន្ទុក, ស្រុកស្ទោង និងស្រុកតាំងគោក។

យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ថានឹងបង្កើតស្រុកថ្មីមួយទៀតនៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល។ ស្រុកបង្កើតថ្មីនេះ មានឈ្មោះថា «ស្រុកតាំងគោក» ដោយកាត់យកឃុំចំនួន៨ ចេញពីស្រុកបារាយណ៍ រួមមាន៖ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះហត្ថលេខាសម្រេចបង្កើតស្រុកថ្មីនេះកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ ក្នុងអនុក្រឹត្យស្តីពីការបង្កើតស្រុកតាំងគោកនេះ បានកំណត់យកទីតាំងសាលាស្រុក ស្ថិតនៅក្នុងឃុំសូយោង៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,668 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,692,754 នាក់