ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីរងគ្រោះ ភ្លើងឆេះផ្ទះ នៅស្រុកពួក ទទួលបាន ថវិកាពី សារព័ត៌មាន សៀមរាបប៉ុស្ដិ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មករា ឆ្នាំ​ 2019 ម៉ោង 02:00 ល្ងាច អ្នកអាន 559

ខេត្តសៀមរាប៖នៅព្រឹកមិញនេះ នាយកបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ លោកប៊ុត វិចិត្រ បានយកអំណោយជាថវិកា ផ្ទាល់ខ្លួននិងសប្បុរសជន មួយចំនួន ជូនដល់ស្ត្រី ម្នាក់នៅស្រុកពួក ខេត្តសៀមរាប ដែលរងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះ កាលពីកន្លងទៅថ្មីៗនេះ។

លោកប៊ុត វិចិត្រ នាយកបណ្ដាញ សារព័ត៌មានសៀមរាបប៉ុស្ដិ៍ បានឲ្យដឹងថា ដោយលោកមើលឃើញពីទុក្ខលំបាក របស់គ្រួសារស្ត្រី រងគ្រោះ ផ្ទះត្រូវភ្លើងឆេះ ចំណែកប្ដី ត្រូវបានជាប់ពន្ធនាគារ នឹងមានការអាណិតអាសូរ លោកបានចំណាយថវិកាផ្ទាល់ខ្លួនបន្តិចបន្តួច រួមនឹងសប្បុរសជន ដើម្បីជូនដល់ពួកគាត់ ជាការចែករំលែកទុក្ខលំបាកមួយគ្រា។

ជាមួយគ្នានេះ នាយកបណ្ដាញ សារព័ត៌មានសៀមរាបប៉ុស្ដិ៍ បានអំពាវនាវ ប្រជាពលរដ្ឋ ទាំងអស់សូមកុំ ប្រើអំពើហឹង្សា ដែលនាំឲ្យមានទោស និងខូចខាតទ្រព្យសម្បត្តជាដើម។

លោកប៊ុត វិចិត្រ បន្តថាក្រោយមានអគ្គិភ័យ បណ្ដាលឲ្យឆេះបែបនេះ ថ្នាក់ដឹកនាំ ខេត្តសៀមរាប និងមន្ត្រីអាជ្ញាធរមូលដ្ឋាន កាតបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ និងនាំយកអំណោយមួយចំនួនចែកជូន កាលពីរសៀលថ្ងៃទី២២មករាម្សិលមិញផងដែរ។

ជំនួសមុខក្រុមគ្រួសារ ស្រ្តីខាងលើ លោកប៊ុត វិចិត្រ បានថ្លែងអរគុណចំពោះ សប្បុរសជន ទាំងអស់ សូមជួបតែសេចក្ដីសុខ សុភមង្គល កុំបីឃ្លៀងឃ្លាតឡើយ។
ថវិកា ដែលស្ត្រីទទួលបាន សរុបចំនួន(៥៨ម៉ឺនរៀល) រួមមាន៖
លោកចៅ ពិសិដ្ឋ(២០ម៉ឺនរៀល)
លោកចាន់ វ៉ាន់សុង(៨ម៉ឺនរៀល)
លោកស៊ន់ គឹមហុង(២០ម៉ឺនរៀល
អង្គភាពបណ្ដាញសារព៍ត៌មានសៀមរាបប៉ុស្ដិ៍(១០ម៉ឺនរៀល) ។

គួបញ្ជាក់ថាចៅក្រម នៃសាលាដំបូង ខេត្តសៀមរាប បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ ដែលបានដុតផ្ទះខ្លួនឯង នៅស្រុកពួក បន្ទាប់ពីជនខាងលើត្រូវបានកម្លាំងនគរបាល បញ្ជូនទៅកាន់ តុលាការ ខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០១៩។ ចៅក្រម សាលាដំបងខេត្តសៀមរាបគឺលោកស្រី គឹម សុគន្ធា បានបញ្ជាឲ្យឃុំខ្លួន ពីបទ ហឹង្សាប្រព្រឹត្តិដោយសហព័ន្ធ ឬអនីតិសង្វាសជន។

ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០១៩ នៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
បុរសនោះឈ្មោះស៊ិន នុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មុខរបរកម្មករ។

សូមរម្លឹកថានៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៩ខែមករាឆ្នាំ២០១៩ ឈ្មោះស៊ិន នុយ ខាងលើផឹកស្រាស្រវឹងរករឿងវាយប្រពន្ធឈ្មោះ កែវ ឡុក អាយុ២៩ឆ្នាំ និងដុតបំផ្លាញផ្ទះខ្លួនឯងឆេះខូចខាតទាំងស្រុង ។ផ្ទះទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ជញ្ជាំងស្លឹកត្នោត ក្រាលក្តារ ប្រក់ស័ង្កសី កំពស់ពីដី៥ម៉ែត្រ។ សរុបការខូចខាតទាំងអស់ប្រហែលទឹកប្រាក់ចំនួន៥០០០០០០រៀល(ប្រាំលានរៀល)និងខូចឯកសារសំបុត្រកំណើតកូននិងម្តាយ,ប្តី និងសៀវភៅគ្រួសារ។

ជនឈ្មោះស៊ិន នុយ បានសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានប្រព្រឹត្តដុតផ្ទះខ្លួនឯងប្រាកដមែន ដោយខឹងប្រពន្ធប្រើសំដីឌឺដងមើលងាយមកលើខ្លួន។

គ្រួសារខាងលើ មានកូនតូចៗ២នាក់ កូនបងមានអាយុ១០ឆ្នាំ ពេលនេះឪពុកជាប់គុក នៅសល់តែម្ដាយ ដោយឡែកផ្ទះបានក្លាយជាចំណីអគ្គិភ័យលេបត្របាក់ទាំងស្រុងទៅហើយ។

ជាមួយគ្នានេះបើតាមប្រភពព័ត៌មាន ថា គ្រួសារខាងលើ អាចនឹងទទួលបានផ្ទះថ្មី ពីកាតបាទក្រហមកម្ពុជា នៅពេលខាងមុខនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,596 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,692,679 នាក់