ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ផ្តល់អនុសាសន៍ ១០ចំណុច ក្នុងខួប២០ឆ្នាំ ថ្ងៃបង្កើត កងទ័ព ជើងគោក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មករា ឆ្នាំ​ 2019 ម៉ោង 03:40 ល្ងាច អ្នកអាន 633

នៅព្រឹកមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអញ្ជើញវត្តមានក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩)។
ពិធីអបអរសាទរខួបលើកទី ២០ឆ្នាំនេះ គឺបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើន និងនាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើនដែលបានបង្ហាញក្នុងពិធីអបអរនេះយ៉ាងអាធិកអធម។

ក្នុងឱកាសនេះ ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិឲ្យកាន់តែមានភាពល្អប្រសើរ នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗចំនួន១០ចំណុចរួមមាន៖
១) ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជន។
២) ត្រូវចូលរួមជាមួយកម្លាំងផ្សេងៗទៀតដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពើរអសកម្ម គ្រឿងញៀន ចោរកម្ម ការពារសុវត្ថិភាពភូមិឃុំ ដើម្បីឲ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេសរួមគ្នារក្សាសន្តិភាព។
៣) ខិតខំប្រយុទ្ធប្រឆាំងអំពើរភេវរកម្ម ទប់ស្កាត់អំពើរប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តព័ណ៌តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឲ្យទាន់ពេលវេលា។
៤) កងទ័ពទាំងអស់មិនថានៅក្នុង ឬនៅក្រៅប្រទេសទេ គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រខ្វះខាត កុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកដោយសារទង្វើអាក្រក់អ្វីមួយពីកងទ័ពយើង។
៥) កងទ័ពត្រូវគាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសនានា។
៦) គាំទ្រការប្រមូលចំណូលថិវការជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់អំពើរពុករលួយ ដើម្បីជាប្រយោជន៍ជាតិ និងប្រទេសរីកចម្រើន ព្រមទាំងចូលរួមបង់ពន្ធបង្កើនដល់ចំណូលជាតិ ។
៧) ខិតខំបង្កើនវិន័យកងទ័ពឲ្យបានខ្ជាប់ខ្ជួន ជាពិសេសពេលដែលយើងមានឧបករណ៍សម្ភារគ្រប់គ្រាន់ហើយ តែបែរជាយើងមិនចេះប្រើប្រាស់ត្រូវអនុវត្តតាមបទបញ្ជា និងត្រូវបង្កើនការហ្វឹកហាត់ទាំងតាមក្បួនខ្នាតទ័ពត្រឹមត្រូវ និងហាត់ប្រាណដើម្បីរក្សាសុខភាព។
៨) ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈដែលយើងមាន ដើម្បីធានាថាអាវុធរបស់យើងនៅតែអាចប្រើប្រាស់បាននៅពេលដែលត្រូវការបន្ទាន់។ អង្គភាពទាំងអស់ត្រូវតែថែទាំសម្ភារៈយុទ្ឋភ័ណ្ឌរបស់របស់ខ្លួនឲ្យបានល្អ ដើម្បីធានាថាអាវុធយើងប្រើប្រាស់បានចំគោលដៅនៅពេលត្រូវការ។
៩)យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូចជាជំរកស្នាក់នៅ ចំណីអាហារ សម្ភារៈ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ជាពិសេសត្រូវបង្កើនការសាងសង់ផ្ទះដល់កងទ័ពដែលកំពុងឈរជើងតាមព្រំដែន និងផ្តល់សេវាថែទាំសុខភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។
១០)កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំណាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទងនិងសហប្រតិបត្តិការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេជិតខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងយុទ្ធវិធីផ្សេងៗជាមួយយកងទ័ពនៃបណ្រាលប្រទេសនានា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 187 នាក់
ម្សិលមិញ : 46,159 នាក់
សរុប : 71,871,249 នាក់