ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ ពេលនេះ ត្រូវ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:10 ល្ងាច អ្នកអាន 1538

 នាយករដ្ឋមន្ត្រី បានអះអាងថាពេលនេះកម្ពុជាបានចាប់ផ្តើមការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដូចជាការបញ្ចុះតំលៃអគ្គិសនី ការបញ្ចប់វត្តមានផ្នែកកាំកុងត្រូល និងផ្នែកផ្សេងៗទៀតនៅតាមច្រកព្រំដែន ដោយទុកតែនគបាលអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការចំណាយក្រៅផ្លូវការផ្សេងៗ ដែលនេះជាការអនុវត្តជាបណ្តើរៗទៅតាមអភិក្រម៥យ៉ាងគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ថ្លែងយ៉ាងដូច្នេះនាពេល បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត។ ពិធីជួបសំណេះសំណាលនេះត្រូវប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

រោងចក្រទាំង១២ មកពីខេត្តកំពតចំនួន១១ ក្នុងនោះក្រុងកំពតចំនួន២ មានកម្មករ និយោជិត ១,១៥៩នាក់, ស្រុកទឹកឈូចំនួន៤ មានកម្មករនិយោជិតចំនួន ៤,៣២០នាក់, ស្រុកកំពង់ត្រាចចំនួន២ មានកម្មករ និយោជិតចំនួន ២,៨៨៣នាក់, ស្រុកបន្ទាយមាសចំនួន១ មានកម្មករនិយោជិតចំនួន ៨៥៩នាក់, ស្រុកដងទង់ចំនួន១ មានកម្មករ និយោជិតចំនួន ១,៦២៩នាក់, កសិដ្ឋានចំការចេកស្រុកឈូកចំនួន១ មានកម្មករ និយោជិតចំនួន ៨៥៨នាក់ និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១ មានកម្មករ និយោជិតចំនួន៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩, ថៃចំនួន១ និងខ្មែរចំនួន២ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៣, ដេរកូនបាល់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ចំនួន៣, កសិដ្ឋានចំការចេកនាំចេញចំនួន១, កសិដ្ឋានដំណាំម្រេចនាំចេញចំនួន១ និងវារីអគ្គិសនីចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំពតជាខេត្តមួយដែលមានសក្តានុពលផ្នែកទេសចរណ៍ និងឧស្សាហកម្មផងដែរ ដែលពេលនេះខេត្តកំពតកំពុងកើតមានរោងចក្រសហគ្រាសជាច្រើន ដែលកំពុងផ្តល់ការងារជាច្រើនដល់ពលរដ្ឋយើង។ ជាពិសេសអ្វីដែលនៅកំពតដែលមានភាពល្បីល្បាញនោះមានដូចជា ផលិតផលទុរ៉េនកំពត ម្រេចកំពត អំបិលកំពត ដូងកំពត។ល។ ជាពិសេស ផលិតផលម្រេចកំពតដែលមានភាពល្បីល្បាញនៅលើទីផ្សារអន្តរជាតិ។

សម្តេចបានបញ្ជាក់ថា ខេត្តកំពត អនាគតដ៏ខ្លីខាងមុខនឹងក្លាយទៅជាខេត្តដែលមានសក្តានុពលខ្លាំង នឹងអាចទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត ស្របពេលដែលពេលនេះយើងកំពុងមានការពង្រីកផ្លូវជាតិលេខ៣ ការមានកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើនទៀត។

សម្តេចបន្តថា កម្ពុជាអាចរីកចម្រើនបានដោយមិនត្រូវពឹងផ្អែកតែលើវិស័យតែមួយមុខនោះទេ គឺត្រូវពឹងផ្អែកលើវិស័យជាច្រើនដូចជា វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ សំណង់ជាដើម ដើម្បីឈានទៅសម្រេចជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
សម្តេច បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន ៣៥៧ នាក់ផងដែរ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,355 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,767,849 នាក់