ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គង់ មង្គល បដិសេធ មិនបានបញ្ជា ឲ្យសម្លាប់ អ្នកកាសែត "ម្នាក់ " នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ មករា ឆ្នាំ​ 2019 ម៉ោង 03:45 ល្ងាច អ្នកអាន 2151

ខេត្តសៀមរាប៖ប្រធាន សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ធម៌ជាតិបឹងពារាំង លោកគង់ មង្គល បានបដិសេធ ច្រានចោលទាំងស្រុង ចំពោះការលើកឡើង ពីសំណាក់លោកស៊ីម ឈីវឈានពិសិដ្ឋ ដែលបានចោទប្រកាន់មកលើរូបលោកថា ជាអ្នកបញ្ជាឲ្យកូនចៅវាយសម្លាប់រូបគាត់ ហើយបានប្ដឹងរូបលោកនោះ។

ការអះអាងបដិសេធ របស់លោកគង់ មង្គល បែបនេះ នៅសាលាសង្កាត់ជ្រាវ ក្រុងសៀមរាប ក្នុងសន្និសីទកាសែត ព្រឹកមិញ ដែលមានលោកក្អោប រ៉ន ចៅសង្កាត់ចូលរួម និងមន្ត្រីសហគមន៍ ជាច្រើនរូបទៀត។

លោកគង់ មង្គល បានបញ្ជាក់យ៉ាងដូច្នេះថា រូបខ្ញុំមិនបានបញ្ជាឲ្យកម្លាំងសហគមន៍យើងខ្ញុំទៅសម្លាប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នោះឡើយ ។ លោកថា ខ្ញុំបាទនៅចំងាយពីកន្លែងកើតហេតុជាង១០០ម៉ែត្រ ហើយបាំងដើមឈើជាច្រើនទៀតផង។ ដោយជាប់និយាយទូរស័ព្ទទាក់ទងទៅលោក មេប៉ុស្តិ៍និង លោកចៅសង្កាត់ ស្នើសុំកម្លាំងមកជួយអន្តរគមន៍ លោកពិសិដ្ឋ និងសមាជិកសហគមន៍នេសាទចុងឃ្នៀសចំនួន៣នាក់បានកំពុងបើកឡានមកនិងជិះម៉ូតូមកតាមផ្លូវ។

លោកមង្គល ថា ក្នុងពេលនិយាយទូរស័ព្ទជាមួយលោកមេប៉ុស្តិ៍ លោកមេប៉ុស្តិ៍ក៏បានប្រាប់ថា លោកពិសិដ្ឋបានហៅទូរស័ព្ទមកខ្ញុំមិញនេះ ឲ្យជួយចុះទៅបឹងពារាំងជាមួយគេ ដើម្បីបពា្ឈប់ការ ការពារ គឺរំសាយសហគមន៍ជ្រាវ ចោល តាមបទបញ្ជា ឯកឧត្តម អភិបាលខេត្ត ឮដូច្នោះខ្ញុំប្រាប់បងប្អូនសមាជិកសហគមន៍ភ្លាម អំពីដំណឹងលោកសិដ្ឋ កំពុងមកនឹងគោលបំណង។ បន្ទាប់មកខ្ញុំក៏ដើរឆ្ងាយដើម្បីនិយាយទូរស័ព្ទរាយការណ៍ជូនលោកចៅសង្កាត់អំដំណឹងដ៏អាក្រក់នេះ ។

លោកថា ចំពោះករណីនេះ គឺរូបខ្ញុំមិនបានបញ្ជាឬមានបំណងឲ្យកើតឡើងដូច្នោះទេ ព្រោះខ្ញុំបាទបានដាក់ពាក្យបណ្តឹងទៅតុលារួចហើយ ចាំបាច់អីត្រូវបញ្ជាឲ្យធ្វើដូច្នេះ នេះកើតឡើងពីការឆ្លោះប្រកែកគ្នា រឿងគាត់ដើរថត ហើយបង្ហោះបង្ខូច ដែលមិនមែនជាការពិតកន្លងមក។
ទោះយ៉ាងណា លោកគង់ មង្គល និងលោកក្អោប រ៉ន បានទទួលស្គាល់ថា ពិតជាមានករណីប្រើអំពើហឹង្សាទៅលើលោកស៊ីម ឈីវឈានពិសិដ្ឋ ប្រាកដ្ឋមែន។

លោកទាំង២បានថ្លែងប្រហាក់ប្រហែលគ្នាបញ្ជាក់ថា មុនឈានដល់ការប្រើអំពើហឹង្សានោះ មន្ត្រីរបស់លោកខ្លះក៏អាចបានផឹកសុរា ផងដែរ។ ករណីនេះ ចៅសង្កាត់ជ្រាវ បានបញ្ជាក់ថានឹងជួយថ្លៃព្យាបាល ដល់លោកស៊ីម ឈីវឈានពិសិដ្ឋ ចំនួន១ពាន់ដុល្លារ។

ដោយឡែកលោកស៊ីម ឈីវឈានពិសិដ្ឋ ក្រោយពេលចាកចេញពីមន្ទីររដ្ឋបាលប៉ូលិសសង្កាត់ជ្រាវ នៅថ្ងៃទី២៧មករាម្សិលមិញ បានផ្ដល់បទសម្ភាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មានថា ករណីនេះ លោកបានប្ដឹងលោកគង់ មង្គល ប្រធាន សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ធម៌ជាតិបឹងពារាំង បទ (ប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន) នឹងទាមទាសំណង១លានដុល្លារ។

លោកស៊ីម ឈីវឈានពិសិដ្ឋ បន្តថា លោកគង់ មង្គល ប្រធានសមាគម សហគមន៍ ទេសចរណ៍វប្បធម៌បឹងពារាំង បានបញ្ជាឲ្យកូនចៅចាប់ និង វាយធ្វើបាបអ្នកសារព័ត៌មានឲ្យស្លាប់ តែសំណាងល្អបានប៉ូលិសទៅដល់ទាន់កុំអីស្លាប់បាត់។ តែជនរងគ្រោះបានសន្លប់ ។ រឿងនេះសុំឲ្យអ្នកច្បាប់ចាប់់អ្នកបញ្ជា និងអ្នកប្រព្រឹត្តមកផ្ដន្ទាទោសឲ្យបាន ព្រោះវាជាបទល្មើសជាក់ស្ដែង ពេលប៉ូលិសទៅដល់ជនរងគ្រោះក៏នៅទីនោះអ្នកប្រព្រឹត្តក៏នៅហ្នឹងកន្លែង។

លោកពិសិដ្ឋ បន្តថារឿងនេះកើតដោយសារគំនុំរបស់ គង់ មង្គល ដែលរសើប ក្នុងរឿងដែលគេចុះផ្សាយពីរឿងមិនល្អរបស់ខ្លួន នៅសង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។

មុនកើតហេតុជម្លោះ នោះ ថ្មីៗនេះ លោកគង់ មង្គល ប្រធាន សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ធម៌ជាតិបឹងពារាំង បានប្ដឹងលោកស៊ីម ឈីវឈានពិសិដ្ឋ ទៅតុលាការ ខេត្តសៀមរាប ដោយចោទប្រកាន់ចំនួន៣បទល្មើស ទាមទារសំណងខូចខាតចំនួន១០០លានរៀល និងសុំឱ្យតុលាការចាត់វិធានការផ្លូវច្បាប់។ ការប្ដឹងលោកស៊ីម ឈីវឈានពិសិដ្ឋ នោះ លោកគង់ មង្គល បានបញ្ជាក់ថាសុំប្តឹងពីឈ្មោះស៊ឹមឈីវឈានពិសិដ្ឋដែលមានអាស័យដ្ឋានដូចបញ្ជាក់ខាងលើពីបទបរិហាកេរ្ត៏.ជេរប្រមាថ.និងបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទ៏ ដែលបានប្រព្រឹត្តិនៅតំបន់អភិរក្សបឹងពារាំង ក្នុងសង្កាត់ជ្រាវក្រុងសៀមរាប។ នេះបើយោងតាមពាក្យបណ្ដឹងចូលទៅស្ថាប័នតុលាការ។

គួរម្លឹកថាការប្រើអំពើហឹង្សាបានកើតឡើងនៅល្ងាចថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ ស្ថិតនៅតំបន់បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,733 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,373 នាក់