ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រី ស្នើដល់ រដ្ឋបាល ខេត្តសៀមរាប ចូលរួមអនុវត្ត សេចក្ដីណែនាំ ស្ដីពីបរិស្ថាន គ្មានផ្សែងបារី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 04:23 ល្ងាច អ្នកអាន 671

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លទ្ធផលការអង្កេតវាយតម្លៃលើកទី២ ស្ដីពីបរិស្ថានក្រុងសៀមរាបគ្មានផ្សែងបារី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន បានអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តសៀមរាប ផ្នែកឯកជន នៃវិស័យទេសចរណ៍ អង្គការជាតិ និងអន្ដរជាតិ ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្ដរជាតិ ឲ្យចូលរួមអនុវត្តសេចក្ដីណែនាំ ស្ដីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នេះ ឲ្យបានជោគជ័យ និងប្រសិទ្ធភាព។

មន្រ្ដីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានអំពាវនាវដល់រដ្ឋបាលខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ឈានមុខរបស់កម្ពុជា ឲ្យចូលរួមអនុវត្តសេចក្ដីណែនាំ ស្ដីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរដែលស្អប់ផ្សែងបារី ឲ្យមកទស្សនាខេត្តមួយនេះកាន់តែច្រើន។

លោកអនុរដ្ឋលេខាធិការ បានលើកឡើងថា បញ្ហាផ្សែងបារី បើគ្មានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពទេ នៅឆ្នាំ២០៣០ ថ្នាំជក់អាចនឹងសម្លាប់មនុស្ស៨លាននាក់ ក្នុងមួយឆ្នាំ ហើយ៨០% នៃអ្នកស្លាប់ ស្ថិតនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ដោយឡែក នៅកម្ពុជា មានពលរដ្ឋប្រមាណ១ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដែលបណ្ដាលមកពីជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។

បើតាមរបាយការណ៍របស់អង្គការសុខភាពពិភព លោកឲ្យដឹងថា បច្ចុប្បន្នថ្នាំជក់បានសម្លាប់មនុស្ស៩លាននាក់ទូទាំងពិភពលោកក្នុង១ឆ្នាំៗ ដែលគិតជាមធ្យមប្រមាណ១៦ពាន់៤៣៨នាក់ក្នុងមួយថ្ងៃ ក្នុងនោះមានអ្នកស្រូបផ្សែងបារីពីគេចំនួន៦សែននាក់។ អ្នកស្លាប់ទាំងនោះ បណ្ដាលមកពីជំងឺមហារីកសួត ដាច់សរសៃឈាមខួរក្បាល មហារីកមាត់ គាំងបេះដូង ក្រិនសរសៃឈាម មហារីកក្រពះ និងប្លោកនោមជាដើម៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,925 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,565 នាក់