ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីថា៖ ការទិញ-លក់ដីធ្លី ក្នុងតំបន់អង្គរ គឺខុសច្បាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:35 ព្រឹក អ្នកអាន 4645

ខេត្តសៀមរាប៖ ថ្មីៗ នេះ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ការប្រកាសលក់ដូរដីធ្លីក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម ដែលការប្រកាសលក់ដូរដីធ្លីនេះផ្ទុយនឹងច្បាប់ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

ដើម្បីទប់ស្កាត់សកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព ព្រមទាំងបញ្ចៀសការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកើតឡើងពីការបោកបញ្ឆោតរបស់បុគ្គលមួយចំនួនអំពីការទិញ-លក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់នៃរដ្ឋបាលសាលាខេត្តសៀមរាប ដំឡើងផ្ទាំងព័ត៌មានហាមទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងភូមិសាស្ត្ររដ្ឋបាលក្រុងសៀមរាបដូចជា ភូមិអញ្ចាញ ភូមិអារក្សស្វាយ សង្កាត់នគរធំ ចំនួន៣ផ្ទាំង ភូមិខ្វៀន សង្កាត់គោកចក ចំនួន១ផ្ទាំង ភូមិជ្រៃ សង្កាត់ទឹកវិល ចំនួន១ផ្ទាំង ភូមិថ្នល់ សង្កាត់ស្រង៉ែ ចំនួន១ផ្ទាំង។ ក្រៅពីទីតាំងដូចរៀបរាប់ខាងលើ អាជ្ញាធរជាតិអប្សរានឹងដំឡើងផ្ទាំងព័ត៌មាននេះនៅតាមទីតាំងភូមិសាស្ត្រមួយចំនួនទៀតដែលសកម្មភាពទិញ-លក់ដីធ្លីកំពុងតែកើតឡើង។

ក្នុងនាមយើងទាំងអស់គ្នាជាម្ចាស់អង្គរ ជាម្ចាស់បេតិកភណ្ឌពិភពលោក និងអង្គរជាដួងព្រលឹងជាតិខ្មែរ អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គលដែលកំពុងតែប្រព្រឹត្តសកម្មភាពទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិជ្ជមានរបស់ខ្លួន និងសូមឲ្យយើងម្នាក់ៗចូលរួមបំពេញតួនាទីជាអ្នកទប់ស្កាត់ ថែរក្សា ការពារ និងអនុវត្តច្បាប់យ៉ាងដាច់ខាតចំពោះការទិញ-លក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបថា ក្នុងជំពូក១ មាត្រា៣ និងមាត្រា៤នៃព្រះរាជក្រឹត្យខាងលើបញ្ជាក់ថា តំបន់១ជាតំបន់ដែលមានស្ថានីយ៍បុរាណវត្ថុសំខាន់ៗហើយត្រូវទទួលកិច្ចការពារខ្ពស់បំផុត។ តំបន់២ជាតំបន់ដែលសម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍមិនសមស្រប។ តំបន់២មានសារៈសំខាន់ចម្បងដោយសារជាតំបន់ទ្រនាប់សម្រាប់ការពារតំបន់១។ រីឯក្នុងជំពូក២ មាត្រា៨បញ្ជាក់ថា ទិសដៅសំរាប់តំបន់ត្រូវការពារនៃរមណីយដ្ឋានអង្គរ ត្រូវប្រកាន់ទិសដៅអភិវឌ្ឍន៍ដូចតទៅ៖ តំបន់១និងតំបន់២ ហាមឃាត់ការអភិវឌ្ឍក្នុងរមណីយដ្ឋានមានប្រាសាទ លើកលែងតែការអភិវឌ្ឍណាដែលមានសារប្រយោជន៍សម្រាប់កិច្ចការពារ និងការលើកស្ទួយតម្លៃរមណីយដ្ឋានឬបុរាណវត្ថុនោះ ឬសម្រាប់ការថែរក្សារបៀបរស់នៅរបស់មនុស្សនៅតំបន់នោះ។

រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្តីសម្រេចលេខ៧០.សសរ ដោយកំណត់ដីធ្លីស្ថិតក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរជាដីទ្រព្យសាធារណរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច កាតព្វកិច្ចត្រូវគ្រប់គ្រង ថែរក្សានិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ រីឯការប្រើប្រាស់ដីធ្លីក្នុងតំបន់១និងតំបន់២ត្រូវបានកំណត់ដូចតទៅ៖ ១) ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននិងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបានដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ ២) ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទួះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បានដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ៣) ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងនិងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតកទៅឲ្យញាតិសន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឲ្យអ្នកភូមិផងជាមួយគ្នាដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ឈ្មួញ ក្នុងគោលដៅធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុនឬបុគ្គល ឬការទិញ-លក់សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម។ល។

សូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា នូវរាល់ចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬតាមលេខទូរសព្ទថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលបានប្រកាសតាមគេហទំព័រផ្លូវការរបស់អាជ្ញាធរជាតិអប្សរា www.apsaraauthority.gov.kh។SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,887 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,692,970 នាក់