ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្លាំងជំនាញACU បើកការស៊ើបអង្កេត ទៅលើលោក គឹម រស្មី បន្ទាប់ពីមានតម្រុយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 11:06 ព្រឹក អ្នកអាន 861

ភ្នំពេញ៖ ការបើកការស៊ើបអង្កេតលើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី គឺមិនមែនធ្វើតាមពាក្យបណ្តឹងរបស់ អង្គការសង្គមស៊ីវិលមួយណានោះទេ តែកម្លាំងជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេតតាំងពីមានតម្រុយមុននេះម្ល៉េះ។ នេះបើតាមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ការបញ្ជាក់របស់លោក ឱម យ៉ិនទៀង បានធ្វើឡើងបន្ទាប់ពី ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ដាក់ពាក្យប្តឹងអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឱ្យបើកការស៊ើបអង្កេតលើ លោក គឹម រស្មី អតីតមេបញ្ជាការអាវុហត្ថលើផ្ទៃប្រទេស ក្រោយពីមានវីដេអូចែកលុយកូនៗចំនួន៥នាក់នូវម្នាក់ៗចំនួន៥០ម៉ឺនដុល្លារ ដែលលោកសង្ស័យថា ជាលុយពុករលួយ។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានបើកការស៊ើបអង្កេតលើ អតីតមេ PM រូបនេះ តាំងពីមុនពាក្យបណ្តឹងម្ល៉េះ ដែលបង្ហាញថា ការបើកការស៊ើបអង្កេតនេះ មិនមែនធ្វើតាមខ្សែញាក់ ឬបណ្តឹងរបស់ អង្គការសង្គមស៊ីវិលនោះឡើយ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ជាបន្ទាន់តែម្តង បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។

កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅក្នុងពិធីខួបកំណើតបានប្រកាសនៅលើវេទិកាចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។

មហាជនជាច្រើនបានបង្ហាញការសង្ស័យថា ឧត្តមសេនីយ៍ត្រី គឹម រស្មី ដែលសម្ញែងលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយ ដោយសារតែប្រាក់បៀវត្សរបស់គាត់ នឹងមិនអាចមានចំនួនច្រើនបែបនេះឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,779 នាក់
ម្សិលមិញ : 61,405 នាក់
សរុប : 68,692,862 នាក់