ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហ៊ុន សែន៖ ខ្ញុំមិនចង់និយាយ រឿងនយោបាយទេ នៅថ្ងៃ ទិវានៃក្តីស្រលាញ់ នេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 01:12 ល្ងាច អ្នកអាន 407

ក្នុងតំណែង ជានាយករដ្ឋមន្ត្រី ដែលបានកាន់អំណាចជាង៣០ឆ្នាំមកនេះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន នៅថ្ងៃទី១៤កុម្ភ: ដែលជាថ្ងៃបុណ្យនៃក្ដីស្រលាញ់ បានសរសេរសំណេរមួយ នៅលើទំព័រហ្វេសប៊ុក ដែលអមជាមួយរូបសម្ដេចនិងភរិយា។
សំណេរ របស់ សម្ដេចហ៊ុន សែន  យ៉ាងដូច្នេះថា៖
សួស្ដីចៅៗក្មួយៗនិងជនរួមជាតិទាំងឡាយ
ថ្ងៃនេះជាថ្ងៃ ១០ កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ ប្រហែលជាគ្មានក្មួយៗចៅៗណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។

សម្ដេចតេជោហ៊ុន សែន បន្តថាថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង ។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ។

នាយករដ្ឋមន្ត្រីបន្តទៀតថា តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរ តាដឹងថា អារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច។ នៅក្នុងសម័យយុវវ័យរបស់តា និងយាយ ទោះពេលនោះយើងស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះជាពួកយើងស្រលាញ់គ្នាយ៉ាងណា ក៏ពួកយើងនៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធដែលទទួលស្គាល់ដោយសង្គម។

នាយករដ្ឋមន្ត្រីបញ្ជាក់ថាតាបានអានអត្ថបទរបស់អ្នកស្រាវជ្រាវសង្គមម្នាក់ដែលគេបានកត់សម្គាល់ថាចៅៗយុវវ័យឥឡូវហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀបមើលពីឥរិយាបទឆ្នាំមុនៗនៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ។ ចៅៗភាគច្រើនចេះគិតគូរហើយមិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ។ ការសិក្សានេះធ្វើឱ្យតាសប្បាយចិត្ត ។ ជាការពិត តាតែងតែចង់ឃើញក្មួយៗចៅៗកម្មករ កម្មការិនីមានកូនពូនជាចៅដោយសុភមង្គល ហើយសុភមង្គលត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីខ្មែរ អំពើផ្សេងពីនេះ នឹងមិននាំមកនូវសុភមង្គលឡើយ ទាំងខាងចៅស្រីក៏ដូចជាខាងចៅប្រុស។
សូមចៅៗ បង្ហាញនូវការស្រលាញ់ដោយក្តីគោរពក្នុងថ្ងៃ១៤កុម្ភៈនេះ ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,517 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,335 នាក់