ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កាន់តែអស្ចារ្យ! តំបន់ផាប់ស្រ្ទីត សាងសង់កម្រាល និងចិញ្ចើមផ្លូវ ប្រើបេតុងជ្រាបទឹក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 05:30 ល្ងាច អ្នកអាន 1285

 ខេត្តសៀមរាប៖ជប៉ុនបានចាប់ផ្តើមអនុវត្តគម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប ដោយប្រើបេតុងជ្រាបទឹក នៅផ្លូវប្រសព្វតំបន់ Pub Street ហើយគម្រោងនេះនឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩រួចមក នៅព្រឹកថ្ងៃទី១៣ខែកុម្ភះម្សិលមិញ ក្រុមហ៊ុនOmura Ceratec Co.,Ltd របស់ជប៉ុនបានចាប់ផ្តើមអនុវត្ត គម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក តាមបណ្តោយផ្លូវ ២ធ្នូ ប្រវែង ៩៣ម៉ែត្រ ពីចំណុចផ្លូវប្រសព្វ Pub Street ដល់មុខក្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោក Hiroya Kon អ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Omura Ceratec Co.,Ltd បានបន្តថា គម្រោងសាកល្បងនេះមានគោលបំណងរួមចំណែកការពារទឹកជំនន់ ដក់លើផ្លូវ និងចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជំរាបទឹក (Permeable Interlocking Block Pavement)ជាបច្ចេកវិទ្យា និងស្តង់ដារជប៉ុន។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក គឹម ប៉ុណ្ណា បានមានប្រសាសន៍ថា នេះជាគម្រោងមួយថ្មី ដែលយើងនឹងសិក្សាជាបន្តបន្ទាប់ទៀតក្នុងការបែងចែកទ្រូងផ្លូវ ផ្លូវថ្មើរជើង និងចំណតយានយន្ត ដើម្បីឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ជួយកាត់បន្ថយនូវការកកស្ទះក្នុងទីប្រជុំជន។

លោកបន្តថា យើងបានលើកគម្រោងនេះកាលពីចុងឆ្នាំ២០១៦។ ហើយនៅខែមករាឆ្នាំ២០១៧ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនJICAបានមកទំនាក់ទំនង និងសិក្សាពីទីតាំង ក្រោមការសហការសម្របសម្រួលពីអាជ្ញាធរក្រុងសៀមរាប និងបានការគាំទ្រជំរុញបន្ថែម ពីក្រសួងសាធារណការនិងដឹកដឹកជញ្ជូន ដោយផ្តោតសំខាន់ទៅលើតំបន់ក្នុងក្រុងដែលមានទេសចរធ្វើដំណើរថ្មើរជើងច្រើន ។គម្រោងសាកល្បងនេះ ចាប់ផ្តើមអនុវត្តពីខែកុម្ភៈ ឆ្នាំ២០១៩ហើយ គ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។

លោកទៀ សីហា អភិបាលខេត្ត បានការគាំទ្រ និងចាត់ទុកគម្រោងនេះថា ពិតជាមានសារៈសំខាន់សម្រាប់តំបន់ក្នុងក្រុងដែលអ្នកទេសចរឆ្លងកាត់ទៅមកច្រើន និងដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឱ្យសាកសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា។

អភិបាលខេត្តបានជំរុញ ដល់មន្ត្រីជំនាញត្រូវបន្តសិក្សា និងពិនិត្យមើលទីតាំងបែងចែកគន្លងផ្លូវសម្រាប់ថ្មើរជើង គន្លងផ្លូវសម្រាប់ជនពិការ ទីតាំងសម្រាប់ចតយានយន្ត ជាដើម៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,751 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,569 នាក់