ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឧត្តមគតិជាតិ ភាគទី២ 🇰🇭

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 06:44 ល្ងាច អ្នកអាន 508

តើត្រូវបណ្តុះនិងបង្កើតមនសិការឧត្តមគតិជាតិយ៉ាងដូចម្តេច? បទពិសោធន៍សង្គម បានបង្ហាញពីការប្រែប្រួលមនសិការជាតិ នៃប្រជាជនខ្មែរយើងដូចតទៅ៖
១- សម័យអាណាចក្រខ្មែរ៖ យើងមានមហិច្ឆតាខ្ពស់ណាស់ ហើយអារ្យធម៌ខ្មែរយើងខ្ពង់ខ្ពស់ ដោយសារខ្មែរយើង «ជឿ និង គោរព» លើជាតិសាសន៍ខ្លួន ហើយជឿលើការដឹកនាំនៃជាតិសាសន៍ខ្លួនឯង។ ដូច្នេះ ខ្មែរខ្លាំង និងរុងរឿង!
២- សម័យក្រោយអង្គរ៖ មនសិកាជាតិយើងចុះខ្សោយ ជឿលើបរទេសជិតខាង ក៏ធ្វើឲ្យជាតិយើងបែកបាក់ រួញទឹកដី ដែលបណ្តាលមកពីការឈ្លានពានពីសំណាក់បរទេសផង និងដោយសារខ្មែរក្បត់ជាតិ យកទឹកដីចុះចូលជាមួយបរទេសជិតខាងផង។ ជាតិក៏ចុះខ្សោយ។
៣- សម័យអាណានិគម៖ ព្រលឹងជាតិយើងរត់ចេញបាត់ពីខ្លួន។ ខ្មែរបាក់ស្បាត ខ្លាចបរទេស។ ស្រមោលនេះ តាមលងខ្មែរខ្លះៗ រហូតដល់សព្វថ្ងៃ។
៤- សម័យឯករាជ្យ គឺ សម័យ សម្តេចសីហនុ៖ តម្លៃមនសិកាជាតិយើង រស់ឡើងវិញ។ ចំណុចល្អគឺ «ខ្មែរ ជឿលើ ខ្មែរ»។ តឹកតាងបង្ហាញនៅត្រង់ មនុស្សខ្មែរចេះគោរពគ្នា សិស្សគោរពគ្រូ ជាដើម គឺរយៈកាលនេះ សីលធម៌ខ្មែរ ថ្លៃថ្នូរ។
៥- ដំណាក់កាលសង្គ្រាមត្រជាក់ គឺសម័យ លន់ ណុល៖ ឥទ្ធិពលបរទេសបានគ្របលើមនសិកាខ្មែរម្តងទៀត។ ទស្សនៈជាតិនិយមរត់ចេញពីព្រលឹងខ្មែរ ធ្វើឲ្យខ្មែរចុះខ្សោយ ធ្លាក់ក្នុងភ្លើងសង្គ្រាម។
៦- ដំណាក់កាលវាលពិឃាតខ្មែរ ប៉ុល ពត៖ ខ្មែរ ក្លាយជាមនុស្សឃោរឃៅ។ សូម្បី ប្រជាជន និង យុវជន ក៏ត្រូវបានប្រែក្លាយជាម៉ាស៊ីនសម្លាប់មនុស្ស សម្លាប់ប្រពៃណី អារ្យធម៌ គឺសម្លាប់ជាតិឯងតែម្តង។
៧- ដំណាក់កាលក្រោយងើបពីរបប ប៉ុល ពត៖ ខ្មែររស់ក្នុងសង្គមបែបចែករំលែកគ្នា ជួយយកអាសារគ្នា និងអត់ចង់មានបាន។ សូម្បីដីធ្លីផ្ទះសម្បែង គឺមិនមានតម្លៃដែលត្រូវបង់។ អត្តសញ្ញាណខ្មែរ ព្រលឹងខ្មែររស់ឡើងវិញ ប៉ុន្តែ ខ្មែរនៅបែកបាក់ខាងនិន្នាការ។
៨- ដំណាក់កាលបើកចំហរក្រោយឆ្នាំ១៩៩១៖ ខ្មែរចាប់ផ្តើមចេះចង់មាន ចេះចង់កសាងជាតិឲ្យខ្ពង់ខ្ពស់។
៩- ដំណាក់កាលចាប់ពីឆ្នាំ២០១៣៖ សង្គមជាតិរីកចម្រើន ខ្មែររស់ក្នុងសង្គមសម្ភារៈផង និងសង្គមបើកចំហរផង។ ចាប់ពីពេលនោះ ជំងឺច្រណែនកើតឡើង ហើយមនសិកាជាតិ ច្របូកច្របល់រវាង «ជាតិនិយម» និង «បរទេសនិយម» ដោយយល់ខុស។ អ្នកនយោបាយខ្មែរ រង្វេងមនសិកាជាតិ រហូតជឿថា បរទេសជាគ្រូ ដែលនេះជាកំហុសធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រជាន់ដាន។
១០- ខ្មែរ មិនទាន់ហួសពេលនឹងធ្វើការបណ្តុះបណ្តាលស្មារតីមនសិការជាតិនិយមនោះទេ។ ការងារនេះ ត្រូវធ្វើនៅក្នុងសាលារៀន ចាប់តាំងពីថ្នាក់មតេយ្យ ឲ្យកុមារខ្មែរចេះជឿជាក់លើពូជសាសន៍ខ្មែរ ជឿជាក់លើកម្ពុជា។ ២០ឆ្នាំក្រោយ យើងនឹងបានធនធានយុវជនដែលរួមចំណែកការពារនិងលើកតម្កើងកម្ពុជា 🇰🇭 ៕SR អត្ថបទលោកហ៊ុយ វណ្ណ: ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,652 នាក់
ម្សិលមិញ : 73,579 នាក់
សរុប : 73,597,531 នាក់