ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្មីចេស! ខេត្តសៀមរាប នឹងមានបារាយណ៍ "សិប្បនិមិ្មត" លើគម្រោង ថវិកា$៤០លាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ​ 2019 ម៉ោង 12:05 ល្ងាច អ្នកអាន 12446

ខេត្តសៀមរាប៖ទឹកដីតំបន់ទេសចណ៍សៀមរាបអង្គរដ៍ប្រណិតមានភាពល្បីល្បាញ នឹងមានមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ឬ(បារាយណ៍សិប្បនិមិ្មត) របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានចាប់ផ្តើមដំណើរការសាងសង់ហើយ ក្នុងគម្រោងទឹកប្រាក់៤០លានដុល្លារអាមេរិក ដែលគម្រោងមួយនេះ បានអូសអន្លាយអស់រយៈពេល៤ឆ្នាំកន្លងមក។

បារាយណ៍សិប្បនិមិ្មត ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណជា ៤០លានដុល្លារអាមេរិក សម្រាប់ការសាងសង់នេះ ស្ថិតនៅជាប់ព្រំប្រទល់ភូមិចំនួន៥ ក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ដែលមានចម្ងាយ៣គីឡូម៉ែត្រពីទីប្រជុំជនផ្សារជ្រាវ។
ការផ្តួចផ្តើមបង្កើតឲ្យមានតំបន់ទេសចរណ៍ថ្មី(បារាយណ៍សិប្បនិម្មិត)នៅក្នុងមូលដ្ឋានខាងលើ លើទំហំទឹកប្រាក់ដល់ទៅ៤០លានដុល្លារនេះ ត្រូវបានអះអាងថា ដោយសាមូលដ្ឋានខាងលើនេះជាស្រុកកំណើតរបស់សម្តេចសង្ឃរាជទេព វង្ស ហើយម្យ៉ាងវិញទៀតទីនោះជាទំនប់ទឹកដ៏ធំមួយ ដែលងាយស្រួលក្នុងការបង្កើតជាផ្ទៃទឹកបារាយណ៍ ដ៏ធំល្វឹងល្វើយបាន។ ក្រៅពីនោះសម្តេចសង្ឃ ក៏ចង់បង្កើតជាតំបន់ទេសចរណ៍ថ្មី សម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរ ម្ហូបអាហារបន្លែត្រីសាច់ ដែលជាកសិផលដាំដុះក្នុងមូលដ្ឋាន ដើម្បីជីវភាពរីក ក្នុងមូលដ្ឋាន។

ចៅសង្កាត់ជ្រាវ លោកក្អោប រ៉ន បានថ្លែងថា បារាយណ៍សិប្បនិម្មិត ដែលផ្តួចផ្តើមឡើងដោយសម្តេចសង្ឍរាជទេព វង្សនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២។បារាយណ៍នេះ មានទំហំដី២៨៨ហិកតា ដែលមានទទឹង១០០០ម៉ែត្រនិងបណ្តោយ២៨០០ម៉ែត្រ ផ្ទៃទឹកផ្នែកខាងក្នុងបារាយណ៍៨០ហិកតា។ ខ្នងបារាយណ៍មានកំពស់៤ម៉ែត្រ មានទទឹង១០០ម៉ែត្រផ្នែកខាងត្បូង និង៥០ម៉ែត្រខាងលិច.ខាងកើតនិងខាងជើង ឯខ្នងបារាយណ៍ខាងលើត្រូវចាក់បេតុង និងមានទ្វារទឹកមុខ៤ម៉ែត្រចំនួន២ សម្រាប់បង្ហូរទឹកយកទៅស្រោចស្រព ស្រូវប្រាំង៤០០ហិកតានៅផ្នែកខាងក្រោម។ ក្រៅពីនោះក៏មានសាងសង់ជាសាលារៀន មន្ទីពេទ្យ ភោជនីយដ្ឋាន ចំណតរថយន្ត រួមទាំងតូបលក់ដូរផ្សេងៗ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានដាំដើមឈើគ្រប់ប្រភេទសម្រាប់លម្អរក្នុងតំបន់ទេសចរណ៍ថ្មីមួយនេះផងដែរ។ ចំណែកឯនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ដែលមានកំពស់៥ម៉ែត្រ គឺមានកោះមួយឈ្មោះថា កោះអរុណសួស្តី មានទំហំ៤ហិកតា និងមានសង់ជាប្រាសាទកំពស់៨១ម៉ែត្រ អមដោយចម្លាក់ក្បាច់សំបកផ្កាឈូក ហើយក៏មានសង់ជាសាលាឆទានពទ្ធ័ជុំវិញកោះនិងមានគូរជារូបគំនូរប្រវត្តិសាស្ត្រផងដែរ។

លោកចៅសង្កាត់បន្តថា ការជីកបារាយណ៍គឺទុកគម្លាតពីខ្នង២០០ម៉ែត្រ និងជីកដូចជាជណ្តើរចំនួន៣កាំ ទី១ជម្រៅ១ម៉ែត្រចម្ងាយ១០ម៉ែត្រ ទី២ជម្រៅ២ម៉ែត្រចម្ងាយ៤០ម៉ែត្រនិងទី៣ជម្រៅ៥ម៉ែត្រចម្ងាយ៤០០ម៉ែត្រ។ធ្វើរបៀបនេះគឺជាការងាយស្រួលដក់ការកំសាន្តរបស់ភ្ញៀវគ្រប់រូប ដែលចង់ចុះហែលលេងទាំងរដូវប្រាំងនិងវស្សា។ឯផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ថ្មីនេះមានចំនួន២ខ្សែទី១តាមចំណុចផ្សារជ្រាវ ទី២ចំណុចព្រំប្រទល់ឃុំកណ្តែកនិងផ្លូវចេញមួយខ្សែផ្សេងទៀតតាមផ្លូវពន្ធនាគារ។
លោកចៅសង្កាត់បន្តទៀតថា ដីអាងទឹកនំនប់ទឹកជ្រាវ ដែលបានសាងសង់ជាបារាយណ៍សិប្បនិម្មិតនេះ រដ្ឋាភិបាលកម្ពុជាបានប្រទានថ្វាយជូនសម្តេចសង្ឍរាជទេព វង្ស ដើម្បីបង្កើតជាតំបន់ទេសចរណ៍ថ្មី ដោយប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាននិងសហគមន៍បឹងពារាំងជាអ្នកកសាង បន្ទាប់ពីមានការឯកភាពពីសាលាក្រុងនិងសាលាខេត្តសៀមរាប រួមទាំងមានការអនុញាតិច្បាប់ ពីគ្រប់ស្ថាបន័និងក្រសួងពាក់ ពន្ធ័រួចហើយនោះ។
លោកថា ការដែលគម្រោងនេះត្រូវជាប់គាំងរយៈពេល៤ឆ្នាំមកនេះ ក៏ព្រោះតែបញ្ហាថវិការ។ លុះក្នុងពេលថ្មីៗនេះ សម្តេចសង្ឃមានព្រះបន្ទូលថា( ត្រូវចេះយកស្លឹកត្នោតទៅខ្ចប់ស្ករត្នោត)ទើបហៅថាជាការអភវឌ្ឍ។ ចំណុចនេះអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ បានសម្រេចដោះដូរអាចម៏ដី បាតបារាយណ៍ចំនួន១០ហិកតា ដើម្បីយកមកចាក់ធ្វើទំនប់ខ្នងបារាយណ៍ និងយកទុនខ្លះបន្តការអភិវឌ្ឍ។ ក្រៅពីនោះសម្តេចសង្ឃ ក៏មានគម្រោងឆ្វៀលដីមួយចំនួនដើម្បីយកថវិកាខ្លះ អភិវឌ្ឍលើគម្រោងឲ្យរួចរាល់នៅអំឡុងឆ្នាំ២០២២ខាងមុខនេះ។

បើតាមចៅសង្កាត់ជ្រាវបញ្ជាក់ថា ជាមួយនិងគម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ថ្មី(រាបាយណ៍សិប្បនិម្មិត)នេះ បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ បានសម្តែងការអបអរសាទរនិងគាំទ្រ ដោយពួកគាត់រំពឹងថា នឹងមានឱកាសរកចំណូលប្រចាំគ្រួសារ តាមរយៈមរតកថ្មីដែលជាស្នាដៃរបស់សម្តេចសង្ឃ។

ដោយឡែកលោកគង់ មង្គល ប្រធានសហគមន៍ប្រើប្រាស់ទឹកទំនប់ជ្រាវ ក៏បានលើកឡើងថា ជាការពិតណាស់ដែលខាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានចាប់ដៃគ្នាកសាងគម្រោងនេះ តាមរូបមន្ត(យកស្លឹកត្នោតទៅខ្ចប់ស្កត្នោត) នេះក៏ព្រោះតែយើងមិនទាន់មានដៃគូរសហការ។ ប៉ុន្តែក្រោយពេលយើងរកដៃគូរសហការបាន យើងនឹងអនុវត្តគម្រោងតាមស្ថានភាពជាក់ស្តែង។

លោកមង្គលបន្តថា បារាយណ៍សិប្បនិម្មិតនេះ ជាតំបន់ទេសចរណ៍ថ្មីមួយទៀត ក្រោមការផ្តួចផ្តើមនិងអភិវឌ្ឍន៏របស់សម្តេចសង្ឃទេពវង្ស។អ្នកទេសចរណ៍ទាំងអស់ ក្រោយពេលទស្សនាប្រសាទបុរាណ តំបន់រមណីយដ្ឋានផ្សេងៗអាចចូលមកទស្សនាបារាយណ៍នេះ និងបន្តទៅទស្សនាសត្វស្លាបទឹក ធម្មជាតិព្រៃលិចទឹក នៅសហគមន៏ទេសចរណ៍វប្បធម៌បឹងពារាំង បន្តទៀតតាមផ្លូវនិងច្រកចូលតែមួយ។

លោកមង្គលថា ការបង្កើតបារាយណ៍នេះ ក្រៅពីទាក់ទាញទេសចរណ៍ គឺអាចរក្សាទឹកដើម្បីស្រោចស្រព
កសិផលរបស់ពលរដ្ឋ បង្កើនចំណូលដល់ពលរដ្ឋ ក៏ដូចជាការកាត់បន្ថយ ការចំណាកស្រុករបស់ពលរដ្ឋផងដែរ។

ផ្អែកតាមការលើកឡើងរបស់លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ និងលោកគង់ មង្គល ប្រធានសហគមន៍ប្រើប្រាស់ទឹកទំនប់ជ្រាវ គេរំពឹងថា នឹងមានតំបន់ទាក់ទាញ ប្រវត្តិសាស្ត្រ ដ៏លេចធ្លោ ថ្មីមួយទៀត សម្រាប់ខេត្តទេសចរណ៍សៀមរាបអង្គរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,388 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,206 នាក់