ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ផ្ដល់នូវអនុសាសន៍ សំខាន់ៗ ៣ចំណុច ដល់រដ្ឋមន្រ្តី នៃប្រទេស RCEP

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 08:21 ល្ងាច អ្នកអាន 385

នៅព្រឹកមិញនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។

អន្តរកិច្ចប្រជុំរដ្ឋមន្ត្រី RCEP លើកទី៧នេះ គឺមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសចរចាកិច្ចព្រមព្រៀង RCEP ទាំង១៦ និងលេខាធិការដ្ឋានអាស៊ានផងដែរ ដែលក្នុងនោះមានដូចជា ១)ប្រទេសកម្ពុជា ២)ប្រទេសលាវ ៣ប្រទេសថៃ ៤ប្រទេសវៀតណាម ៥)ប្រទេសហ្វីលីពីន ៦)ប្រទេសប៊ុយណេ ៧)ប្រទេសម៉ាឡេស៊ី ៨)ប្រទេសហ្វីលីពីន ៩)ប្រទេសសិង្ហបូរី ១០)ប្រទេសមីយ៉ាន់ម៉ា ១១)ប្រទេសឥណ្ឌា ១២ ប្រទេសអូស្រ្តាលី ១៣)ប្រទេសចិន ១៤)ប្រទេសជប៉ុន ១៥)ប្រទេសកូរ៉េខាងត្បូង ១៦ ប្រទេសញ៉ូវហ្សៀឡែន និងអគ្គលេខាធិការអាស៊ានផងដែរ។

អន្តរកិច្ចប្រជុំរដ្ឋមន្ត្រី RCEP លើកទី៧នេះ នឹងបន្តចរចា និងដោះស្រាយបញ្ហាសេសសល់នានា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចរចាពាណិជ្ជកម្មលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ដល់ទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំថ្ងៃនេះក៏នឹងពិភាក្សាអំពីផែនការចរចា RCEP ឆ្នាំ២០១៩, ផ្តល់ការណែនាំលើការចរចាបើកច្រកទីផ្សារ (ពាណិជ្ជកម្មទំនិញ, ពាណិជ្ជកម្មសេវា និងការវិនិយោគ) ព្រមទាំងជំរុញបន្ថែមឱ្យអ្នកចរចាទាំងអស់ខិតខំប្រឹងប្រែងបញ្ចប់ការចរចាលើជំពូកដែលនៅសេសសល់ សំដៅឈានទៅបញ្ចប់ការចរចាកិច្ចព្រៀមព្រៀង RCEP ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ តាមអាណត្តិដែលផ្តល់ឱ្យដោយថ្នាក់ដឹកនាំនៃប្រទេសចរចា RCEP ទាំង១៦ នៅកំឡុងនៃកិច្ចប្រជុំកំពូល RCEP លើកទី២ កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

ដើម្បីរួមចំណែកក្នុងការជំរុញការចរចានេះអោយទទួលបានជោគជ័យ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍សំខាន់ៗ៣ចំណុចដល់រដ្ឋមន្រ្តីនៃប្រទេស RCEP៖
១)យើងត្រូវចាត់ទុកកិច្ចចរចាទាំងនេះជាដំណើរការ ឈ្នះ-ឈ្នះ ដែលលទ្ធផលចុងក្រោយលើកិច្ចព្រមព្រៀងទាំងនេះ គឺនឹងផ្ដល់ប្រយោជន៍ដល់ភាគីទាំងអស់ ទោះបីជាក្នុងកម្រិតណាក៏ដោយ។
២)ទោះបីជាយើងមានរបៀបវារៈសេដ្ឋកិច្ចផ្សេងគ្នាក៏ដោយ ភាគីចរចាទាំងអស់ត្រូវនាំគ្នាពិនិត្យមើលទិដ្ឋភាពជារួមនៃសក្តានុពល និងអត្ថប្រយោជន៍ដ៏ធំនៃកិច្ចព្រមព្រៀង RCEP នេះដើម្បីអោយដំណើរការនៃការចរចាអាចជំនះឧបសគ្គដែលនៅសេសសល់។
៣)សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់រដ្ឋមន្រ្តីនៃប្រទេសចូលរួមចរចាកិច្ចព្រមព្រៀង RCEP ទាំងអស់ត្រូវមានឆន្ទៈនិយមហើយនឹងផ្ដល់ការណែនាំដល់សមាជិកនៃគណៈកម្មាធិការចរចាពាណិជ្ជកម្មរបស់យើងក្នុងលក្ខណៈទន់ភ្លន់ និងយោគយល់គ្នាស្របតាមគោលការណ៍ណែនាំដែលបានឯកភាពគ្នាកាលពីឆ្នាំ២០១២ នៅក្នុងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេសក្នុងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍន៍តិចតួចដែលមានទំហំសេដ្ឋកិច្ចនៅតូចនៅឡើយ ប្រសិនបើឆន្ទៈយើងរួមគ្នាគឺយើងអាចនឹងបញ្ចប់ជាស្ថាពរលើកិច្ចព្រមព្រៀង RCEP នេះឆ្នាំ២០១៩ បាននៅក្នុងប្រទេសកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,538 នាក់
ម្សិលមិញ : 75,169 នាក់
សរុប : 70,941,356 នាក់